www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​អគារ​ការិយាល័យ​ថ្មី សាខាក្រុងបាវិត

ពិធី​សម្ពោធ​អគារ​ការិយាល័យ​ថ្មី សាខាក្រុងបាវិត

ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាវិត
ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាវិត

ថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០១៤

នៅ​ថ្ងៃទី​១៧​ ខែ​មករា ឆ្នាំ​២០១៤ ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាវិត ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្លូវជាតិ​លេខ​១ ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​យ៉ាង​ខ្ពង់​ខ្ពស់​ពី​សំណាក់ ឯកឧត្តម​អភិបាលរង​ខេត្ត​ស្វាយរៀង មន្ត្រី​អមសាលាខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ​និង​ក្រុម​ប្រឹក្សា​ភិបាល​​​ ប្រធាន​​នាយក​​ប្រតិបត្តិ​ អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​គណៈប្រធាន​នាយក-នាយិកា​ប្រតិបត្ដិ នាយក-នាយិកា​ប្រតិបត្តិ​គ្រប់នាយកដ្ឋាន នាយក-នាយិកា​គ្រប់សាខា​ធនាគារ​អេស៊ីលីដា​ ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​​ជា​ច្រើន​​នាក់​​ទៀត ។

លោក អេង ចន្ទតារ៉ា នាយក​ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាវិត បាន​មាន​ប្រសាសន៍​ថា ៖ គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ នេះ សាខា​ក្រុង​បាវិត មាន​បណ្ដាញ​ប្រតិបត្ដិការ​ចំនួន ០៤, បុគ្គលិក​ចំនួន ១០៨ នាក់, ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ១៤លាន​ដុល្លារ​អាមេរិក, អតិថិជន​ចំនួន ៤.៣១៧​នាក់ កំពុង​ប្រើប្រាស់​សេវា​ឥណទាន​ចំនួន ១២,២៥​លាន​ដុល្លារ និង​អតិថិជន​ចំនួន ១១.៨១០​នាក់ កំពុង​ដាក់ប្រាក់បញ្ញើសន្សំ​ចំនួន ១៣,២៥​លាន​ដុល្លារ និង​អតិថិជន​ជាច្រើនទៀត បាន​នឹងកំពុង​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗទៀត រួមទាំង​សេវាអេស៊ីលីដា​យូនីធី និង​ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា ផងដែរ ។ សាខា​ក្រុង​បាវិត មាន​ម៉ាស៊ីន​ដកប្រាក់​ស្វ័យប្រវត្ដិ​អេធីអឹម ចំនួន ០៣គ្រឿង សម្រាប់​បម្រើ​សេវា​ដកប្រាក់ ជូនដល់​អតិថិជន ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ០៧ថ្ងៃ​ក្នុង​មួយសប្តាហ៍ តាមរយៈ​ប័ណ្ណ​អេស៊ីលីដា ប័ណ្ណ​វីសា​អេស៊ីលីដា និង​ប័ណ្ណវីសា​ធនាគារ​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក ។

លោក អេង ចន្ទតារ៉ា នាយក​ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាវិត
លោក អេង ចន្ទតារ៉ា នាយក​ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាវិត

លោក​បាន​បន្ថែម​ថា ៖ សាខា​ក្រុងបាវិត បាន​ប្ដូរទីតាំង​មក​អគារការិយាល័យ​ថ្មី ដែលបាន​សាងសង់ឡើង​តាម​ស្ដង់ដារ​ធនាគារ​ពាណិជ្ជ ។ អគារ​នេះ​មានកំពស់ ០៣​ជាន់​កន្លះ ដែលមាន​ផ្ទៃក្រឡា​សម្រាប់​បំពេញ​ការងារ និង​មាន​សាល​សម្រាប់​បម្រើ​អតិថិជន​ធំទូលាយ ។ អគារ​នេះ សាងសង់​តាម​បទដ្ឋាន​របស់​ធនាគារ​អេស៊ីលីដា ដោយយកចិត្ដទុកដាក់​ខ្លាំង​លើការ​រក្សា​សន្ដិសុខ កំណារពារ​អគ្គីភ័យ ការបម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ការងារ ។ នេះជា​ព្រឹត្ដិការណ៍​ដ៏ពិសេស​មួយ​នៅក្នុង​ឆ្នាំនេះ​របស់​ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាវិត ដែលបាន​បង្ហាញ​អំពី​ភាពរឹងមាំ ជាមួយ​ការអភិវឌ្ឍ​ឥតឈប់ឈរ​ក្នុង​ការបម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ កាន់តែ​លឿន រហ័ស​ទាន់ចិត្ដ អាច​ជឿជាក់​បាន និង​មានសុវត្ថិភាព​ខ្ពស់​ស្របតាម​តម្រូវការ​របស់​អតិថិជន​នៅក្នុង​ក្រុងបាវិត​ទាំងមូល ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ អារ្យភាព​ទាន់សម័យ​ជា​និរន្តរ៍ គឺ​ជា​គោលដៅ​ដ៏​ចម្បង​របស់​ធនាគារ​អេស៊ីលីដា ។ ធនាគារ​អេស៊ីលីដា បាន​បង្កើត​ឱ្យ​មាន​អារ្យភាព​ទាន់សម័យ​ជា​និរន្តរ៍ សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​បែប​នេះ អស់​រយៈពេល​ជាង ២១ឆ្នាំ មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាមរយៈ​បណ្តាញ​ប្រតិបត្តិការ​រហូត​ដល់ ២៣៨​ការិយាល័យ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ៤១​ការិយាល័យ នៅ​ប្រទេស​ឡាវ និង ០៦​ការិយាល័យ នៅ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៣​នេះ ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​អគារ​ការិយាល័យ​ស្ដង់ដារ​បែបនេះ ចំនួន ១២៩ និង​កំពុង​សាងសង់​បន្ថែម​ជាបន្ដ​បន្ទាប់​មាន​ចំនួន ២០​ការិយាល័យ បន្ត​ទៀត ដើម្បី​ទទួល​បម្រើ​អតិថិជន និង​បង្ក​ឱ្យមាន​ភាពងាយស្រួល​ដល់​អតិថិជន សម្រាប់​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នានា​របស់​ធនាគារ​អេស៊ីលីដា ជាពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​ទ្រព្យសម្បត្ដិ​របស់​អតិថិជន ព្រមទាំង​ផ្តល់​នូវ​ផាសុកភាព និង​សុវត្ថិភាព​ការងារ​ដល់បុគ្គលិក​ដែលបាន និងកំពុង​បម្រើ​ការងារ​ជាមួយ​ធនាគារ​អេស៊ីលីដា ។ ថ្ងៃនេះ​ខ្ញុំបាទ មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​សំណង់អគារ​ការិយាល័យ​នេះ ដែលបាន​សាងសង់​តាមស្ដង់ដារ​របស់​ធនាគារ​អេស៊ីលីដា ​ស្របតាម​យុទ្ធសាស្ដ្រ​យូរអង្វែង​របស់​យើង ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

បណ្ឌិត​បាន​សំដែង​នូវ​អំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល ធនាគារ​ជាតិ នៃ​កម្ពុជា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល កម្មករ​និយោជិត​គ្រប់លំដាប់ថ្នាក់​ទាំង ៩.៤៥១​នាក់ និង​អតិថិជនដ៏វៃឆ្លាត​ជាងមួយលាន​ប្រាំសែន​នាក់ ដែល​តែងតែ​ជួយ​គាំទ្រ​ទាំង​មធ្យោបាយ កំលាំង​កាយ កំលាំង​ចិត្ដ និង​សហការ​យ៉ាងពេញ​ទំហឹង តាំង​ពីដើម​រៀង​មក ធ្វើឱ្យ​ប្រាក់​ចំណេញ​របស់​ធនាគារ​អេស៊ីលីដា​កើន​ឡើង​ដល់ ៧៧,៩​លាន​ដុល្លារ​អាមេរិក ទ្រព្យសកម្ម​កើនពី​ចំនួន ២២,៣​លាន​ដុល្លារ​អាមេរិក ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០០ រហូតដល់​ចំនួន ២.៣២៤,៦​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់ខែ​ធ្នូ ឆ្នាំ​២០១៣ ។ ក្នុង​ឆ្នាំ​២០១៤​នេះ ធនាគារ​អេស៊ីលីដា បន្ត​ធ្វើទំនើប​នីយកម្ម បណ្តាញ​ប្រតិបត្តិការ​របស់ខ្លួន​ទាំងហេដ្ឋា​រចនាសម្ព័ន្ធ​អគារ​ការិយាល័យ និង​ប្រព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មាន ក្នុងនោះ​រួមមាន សេវា​អេស៊ីលីដា​យូនីធី ដែល​ជា​សេវាធនាគារ​តាម​ទូរស័ព្ទ​ដៃ ម៉ាស៊ីន​ដាក់ប្រាក់​និង​ម៉ាស៊ីន​ដកប្រាក់​ស្វ័យប្រវត្តិ​អេធីអឹម ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា ដែលជា​ឧបករណ៍​អេឡិចត្រូនិក សម្រាប់​ប្រើ​ជាមួយ​ប័ណ្ណអេស៊ីលីដា និង​ប័ណ្ណ​របស់​ធនាគារ​ផ្សេង សម្រាប់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ ដែលមាន​លក្ខណៈ​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត ដើម្បី​បំពេញ​នូវ​កម្រិត​ពេញចិត្ត​របស់​អតិថិជន​ទាំងផ្នែក​ឯកជន និង​គ្រឹះស្ថាន​សាធារណ: និង​ផ្តល់​នូវ​សេវាកម្ម​ដែលមាន​គុណភាព ២៤​ម៉ោង​ក្នុង​១​ថ្ងៃ និង​៧​ថ្ងៃ ក្នុង​១​សប្តាហ៍ ។

លោក​បណ្ឌិត​បាន​បន្ថែម​ថា ៖ ធនាគារ​អេស៊ីលីដា បាន​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​បួន​គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង អេស៊ីលីដា មីក្រូ​ហិរញ្ញ​វត្ថុ មីយ៉ាន់ម៉ា ។ ហើយ​តាម​យុទ្ធសាស្ត្រ ធនាគារ​អេស៊ីលីដា មាន​ដៃគូ​ជាមួយ ធនាគារ​ជប៉ុន SMBC, ក្រុមហ៊ុន​តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី, និង​ជាទីភា្នក់ងារ​របស់​ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី និង​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​ទៅក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​នៅ​តាមដងទន្លេ​មេគង្គ​ដទៃទៀត ។

ឯកឧត្តម ស៊ុំ សុជាតិ អភិបាលរង​ខេត្ត​ស្វាយរៀង និង​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ឯកឧត្តម ស៊ុំ សុជាតិ អភិបាលរង​ខេត្ត​ស្វាយរៀង និង​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ស៊ុំ សុជាតិ អភិបាលរង​ខេត្ត​ស្វាយរៀង បាន​កត់​សម្គាល់​ថា ៖ ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាវិត បាន​រៀបចំ​ឡើង ស្របពេល​ដែល​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្រុង​បាវិត កំពុង​មាន​ការរីកចម្រើន មាន​ស្ថិរភាព និង​មាន​កំណើន​លើសពី​ការរំពឹង​ទុក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ ការវិវឌ្ឍ​របស់​សាខា​ក្រុង​បាវិត ជា​សក្ខីកម្ម​ដែល​បញ្ជាក់ពី​ការរីកចម្រើន ភាព​រឹងមាំ និង​ថែមទាំង​បាន​បង្ហាញ​ពី​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅក្នុង​ក្រុង​បាវិត ។ ទាំងនេះ​ជា​ភស្ដុតាង​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា សាខា​ក្រុង​បាវិត បាន​កើតឡើង និង​រីកចម្រើន​ធំធាត់​យ៉ាង​ឆាប់រហ័ស ទាំង​ផ្នែកប្រតិបត្ដិការ ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ទាំង​ផ្នែក​ប្រសិទ្ធភាព​អាជីវកម្ម ។ ក្នុង​​រយៈពេល​កន្លង​ទៅ សាខា​នេះ​ពិតជា​បានផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​ប្រជាពលរដ្ឋ និង​អ្នកជំនួញ​នៅ​ក្នុង​ស្រុក​ទាំងមូល ទទួលបាន​នូវ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដែលជា​គន្លឹះ​ក្នុងការ​ចូលរួម​បង្កើត​ឱ្យមាន​ការងារ ប្រភព​ចំណូល អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​បាវិត​ទាំងមូល ៕

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៥៨៨ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖