navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextDiners Club International ប្រកាសទទួលស្គាល់ប័ណ្ណនៅប្រទេសកម្ពុជាជាមួយធនាគារអេស៊ីលីដា
Diners Club International ប្រកាសទទួលស្គាល់ប័ណ្ណនៅប្រទេសកម្ពុជាជាមួយធនាគារអេស៊ីលីដា
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤
Riverwoods, IL, និងរាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤, ក្រុមហ៊ុន Diners Club International ជាផ្នែកធុរកិច្ចមួយរបស់ Discover Financial Services ព្រមទាំងជាផ្នែកមួយនៃ Discover Global Network និងធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាសាធារណៈនាថ្ងៃនេះថា Diners Club International និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីពង្រីកការទទួលស្គាល់ប័ណ្ណ Discover និង Diners Club នៅប្រទេសកម្ពុជា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមការទទួលស្គាល់ប័ណ្ណ Discover និង Diners Club ក្នុងការធ្វើប្រតិបត្តិការទូទាត់ផ្សេងៗ រួមទាំងការធ្វើប្រតិបត្តិការតាមរយៈអេធីអឹម ចាប់ពីខែតុលា ឆ្នាំ២០១៤ នេះ ។
លោក Gerry Wagner អនុប្រធាននាយកប្រតិបត្តិ នៃ Discover Network បានមានប្រសាសន៍ថា គោលដៅក្រៅប្រទេសរបស់ Discover ផ្តោតការយកចិត្តទុកដាក់លើការកសាងការទទួលស្គាល់ពីភ្នាក់ងារពាណិជ្ជករ (Merchant) ឱ្យបានខ្លាំងក្លា ដើម្បីផ្តល់ជូនដល់សមាជិកប័ណ្ណរបស់យើងធ្វើដំណើរ រឺក៏ទៅរស់នៅបរទេស ។ អ្នកទេសចរណ៍ប្រចាំឆ្នាំ និងអ្នករកស៊ី ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាមានចំនួនកើនឡើងស្ទើរតែទ្វេដងនៅរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដូច្នេះកិច្ចសហប្រតិបត្តិការរបស់យើងជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើឱ្យសម្រេចតាមគោលដៅរីកចម្រើន ដោយយើងធ្វើឱ្យមានការទទួលស្គាល់ប័ណ្ណរបស់យើងនៅតាមភ្នាក់ងារពាណិជ្ជករដែលសមាជិកប័ណ្ណរបស់យើងធ្វើដំណើទៅលេងច្រើនជាងគេ ។
Discover Global Network ជាក្រុមហ៊ុនឈានមុខគេលំដាប់ទី៣នៅលើពិភពលោកខាងផ្នែកសេវាកម្មទូទាត់ និងមានការទទួលស្គាល់របស់ភ្នាក់ងារពាណិជ្ជករធំជាងគេនៅអាស៊ីប៉ាស៊ីហ្វិក ។ ជាមួយនឹងបណ្តាញភ្នាក់ងារពាណិជ្ជករជាង ២១,៥ លានទីតាំង ព្រមទាំងទីតាំងអេធីអឹម និងទីតាំងធ្វើប្រតិបត្តិការសាច់ប្រាក់ជាងមួយលានកន្លែង នៅទូទាំង ១៨៥ ប្រទេសលើពិភពលោក ។ Discover Global Network រួមមាន Discover, Diners Club International, PULSE និងបណ្តាញបុត្រសម្ព័ន្ធរបស់ខ្លួន ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពដែលក្រុមហ៊ុន Diners Club International ជាផ្នែកមួយនៃ Discover Global Network ជាក្រុមហ៊ុនឈានមុខគេលំដាប់ទី៣នៅលើពិភពលោកខាងផ្នែកសេវាកម្មទូទាត់ និងមានការទទួលស្គាល់របស់បណ្តាញភ្នាក់ងារពាណិជ្ជករធំជាងគេនៅអាស៊ីប៉ាស៊ីហ្វិក បានសម្រេចជ្រើសរើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូយុទ្ធសាស្ត្រក្នុងការធ្វើសហប្រតិបត្តិការបម្រើសេវាកម្មទូទាត់ ។ តាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជនឬសមាជិកប័ណ្ណរបស់ Discover និង Diners Club អាចពង្រីកប្រតិបត្តិការទូទាត់នៅប្រទេសកម្ពុជា តាមរយៈពាណិជ្ជករ និងអេធីអឹមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឱ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង ២២ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូតដល់ ២៥៣សាខា ទូទាំងប្រទេសកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួនគឺ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ធនាគារ អេស៊ីលីដា ឡាវ (មាន ៤១ ការិយាល័យ) និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា (មាន ៦ការិយាល័យ) ជាមួយទ្រព្យសកម្មសរុបចំនួន ២,៨៣ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ឆ្នាំ២០១៤ ។ តាមយុទ្ធសាស្ត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូជាមួយធនាគារជប៉ុន SMBC និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអង់គ្លេស Prudential (Cambodia) Life Assurance Plc. ព្រមទាំងកំពុងធ្វើសហប្រតិបត្តិការជាមួយធនាគារធំៗជាដៃគូចំនួន ៤៧៦ នៅលើពិភពលោក ។
អំពី Diners Club International
Diners Club International បានកាន់កាប់ និងគ្រប់គ្រងដោយ Discover Financial Services (NYSE:DFS) ជាស្ថាប័នបម្រើសេវាកម្មធនាគារនិងទូទាត់ ដែលមានយីហោទទួលស្គាល់ច្រើនជាងគេមួយក្នុងចំណោមក្រុមហ៊ុនបម្រើសេវាកម្មហិរញ្ញវត្ថុធំជាងគេ នៅក្នុងសហរដ្ឋអាមេរិក ។ Diners Club International បានបង្កើតឡើងក្នុងឆ្នាំ១៩៥០ និងបានក្លាយជាប័ណ្ណដែលបម្រើសេវាកម្មទូទាត់បានច្រើនគោលដៅដំបូងគេនៅលើពិភពលោក ដែលធ្វើឱ្យអតិថិជន និងក្រុមហ៊ុនអាចទូទាត់ផលិតផលឬសេវាកម្មបានដោយងាយស្រួល ។ បច្ចុប្បន្ន Diners Club ជាយីហោដែលមានការទទួលស្គាល់លំដាប់ថ្នាក់ពិភពលោក ខាងផ្នែកបម្រើសេវាកម្មទូទាត់ ដោយផ្តល់សេវាកម្មទូទាត់នៅតាមព្រលានយន្តហោះជាង ៥០០កន្លែងនៅលើពិភពលោក និងផ្តល់ជូននូវដំណោះស្រាយការគ្រប់គ្រងការចំណាយជូនដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុន ។ តាមរយៈការទទួលស្គាល់ច្រើនជាង ១៨៥ប្រទេស និងពាណិជ្ជកររាប់លានទីតាំង ព្រមទាំងទីតាំងអេធីអឹម និងទីតាំងធ្វើប្រតិបត្តិការសាច់ប្រាក់ជាងមួយលានកន្លែង ។ Diners Club មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបម្រើសេវាកម្មទូទាត់ជូនសមាជិកប័ណ្ណនៅទូទាំងពិភពលោក ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនាវេបសាយ www.dinersclub.com
អំពី Discover
Discover Financial Services (NYSE:DFS) ជាស្ថាប័នបម្រើសេវាកម្មធនាគារនិងទូទាត់ ដែលមានយីហោទទួលស្គាល់ច្រើនជាងគេមួយក្នុងចំណោមក្រុមហ៊ុនបម្រើសេវាហិរញ្ញវត្ថុធំជាងគេ នៅក្នុងសហរដ្ឋអាមេរិក ។ ចាប់តាំងពីបើកប្រតិបត្តិការ នៅឆ្នាំ១៩៨៦ មក Discover Financial Services បានក្លាយជាស្ថាប័នដែលចេញប័ណ្ណធំជាងគេមួយក្នុងចំណោមស្ថាប័នចេញប័ណ្ណធំជាងគេនៅសហរដ្ឋអាមេរិក ។ Discover Financial Services បានចេញប័ណ្ណ Discover, America's cash rewards pioneer, ផ្តល់ឥណទានគេហដ្ឋាន, ឥណទាននិស្សិត, ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន, គណនីសំចៃ និងមូលបត្រ, គណនីបញ្ញើមានកាលកំណត់ និងគណនីទីផ្សាររូបិយប័ណ្ណ ។ Discover Financial Services ធ្វើប្រតិបត្តិការ Discover Network ជាមួយនឹងភ្នាក់ងារពាណិជ្ជករ និងទីតាំងធ្វើប្រតិបត្តិការសាច់ប្រាក់រាប់លានកន្លែង ។ PULSE ជាបណ្តាញប័ណ្ណឥណពន្ធ និងអេធីអឹមឈានមុខគេក្នុងស្រុក និង Diners Club International ជាបណ្តាញទូទាត់លំដាប់ថ្នាក់ពិភពលោកមួយដែលត្រូវបានទទួលស្គាល់នៅទូទាំង ១៨៥ប្រទេសលើពិភពលោក ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនាវេបសាយ www.discover.com/company
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល: phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh
Abbe Kalina
Discover/Diners Club International
ទូរស័ព្ទ: 224-405-5175
អ៊ីម៉ែល: abbekalina@discover.com