navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធការិយាល័យថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្តបន្ទាយមានជ័យ
ពិធីសម្ពោធការិយាល័យថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្តបន្ទាយមានជ័យ
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤
នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្ដបន្ទាយមានជ័យ មានទីតាំងស្ថិតនៅ ក្រុមទី០៣ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ មន្ត្រីអមសាលាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ អនុប្រធាននាយកប្រតិបត្តិនិងជាគណៈប្រធាននាយក-នាយិកាប្រតិបត្តិ នាយក-នាយិកាប្រតិបត្តិគ្រប់នាយកដ្ឋាន នាយក-នាយិកាគ្រប់ការិយាល័យ និងនាយក-នាយិកាគ្រប់សាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ។
លោក ឡាយ ឆាំ នាយក ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា គិតត្រឹមថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៤ នេះ សាខាខេត្ដបន្ទាយមានជ័យ មានបណ្ដាញប្រតិបត្ដិការ ចំនួន៤ការិយាល័យ មានបុគ្គលិកចំនួន១៥៤នាក់ ទ្រព្យសកម្មសរុបជាង៣៤លានដុល្លារអាមេរិក សមតុល្យឥណទានមានចំនួនជាង២៨លានដុល្លារអាមេរិក ដែលមានអតិថិជនចំនួន៣.១០៤នាក់ សមតុល្យប្រាក់បញ្ញើមានចំនួនជាង១៧លានដុល្លារអាមេរិក ដែលមានអតិថិជនចំនួន ២០.៦៦៨នាក់ បាននិងកំពុងដាក់ប្រាក់បញ្ញើសន្សំជាមួយធនាគារ និងអតិថិជនជាច្រើនទៀតបាននិងកំពុងប្រើប្រាស់់សេវាកម្មផ្សេងៗទៀត រួមទាំងសេវាអេស៊ីលីដាយូនីធី, ប័ណ្ណឥណទានវីសាអេស៊ីលីដា, និងសេវាថ្មីមួយទៀតគឺ "សេវាអេស៊ីលីដាអ៊ីនធើណែត" ដែលផ្តល់ជូនអតិថិជននូវជម្រើសបន្ថែមក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈអ៊ីនធើណែតតាមតម្រូវការនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ។ សាខាខេត្ដបន្ទាយមានជ័យ មានម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្ដិ (អេធីអឹម) ចំនួន២គ្រឿង សម្រាប់បម្រើសេវាដកប្រាក់ជូនដល់អតិថិជន ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប័ណ្ណអេស៊ីលីដា, ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា, ប័ណ្ណឥណទានវីសាអេស៊ីលីដា, និងប័ណ្ណ Maestro, ប័ណ្ណ Cirrus, ប័ណ្ណ MasterCard, ប័ណ្ណ UnionPay International, ប័ណ្ណ JCB, ប័ណ្ណ Diners Club, ប័ណ្ណ Discover, ប័ណ្ណវីសារបស់ធនាគារផ្សេងទៀតនៅទូទាំងពិភពលោក ។
លោកបានបន្ថែមថា សាខាខេត្ដបន្ទាយមានជ័យ បានប្ដូរទីតាំងមកអគារការិយាល័យថ្មី ដែលបានសាងសង់ឡើងតាមស្ដង់ដារធនាគារពាណិជ្ជ ហើយអគារនេះមានកំពស់៤ជាន់កន្លះ ដែលមានផ្ទៃក្រឡាសម្រាប់បំពេញការងារ និងសាលបម្រើអតិថិជនធំទូលាយ ។ អគារនេះសាងសង់តាមបទដ្ឋានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយយកចិត្ដទុកដាក់ខ្លាំងលើការរក្សាសន្ដិសុខ កំណារពារអគ្គីភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាពការងារ ។ នេះជាព្រឹត្ដិការណ៍ដ៏ពិសេសមួយនៅក្នុងឆ្នាំនេះរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្ដបន្ទាយមានជ័យ ដែលបានបង្ហាញអំពីភាពរឹងមាំ ជាមួយការអភិវឌ្ឍឥតឈប់ឈរក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុកាន់តែលឿនរហ័សទាន់ចិត្ដជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់ស្របតាមតម្រូវការរបស់អតិថិជននៅក្នុងខេត្ដបន្ទាយមានជ័យទាំងមូល ។
នៅក្នុងឱកាសដ៏មានសារៈសំខាន់នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការបង្កើននូវជំនឿទុកចិត្តជូនដល់អតិថិជន គឺជាគោលដៅដ៏ចម្បងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ដូច្នេះហើយទើបបង្កើតឱ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុអស់រយៈពេល២២ឆ្នាំ មកហើយដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់អតិថិជនទាំងវិស័យឯកជននិងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូតដល់ ២៥៣សាខា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួនបួនគឺ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ធនាគារ អេស៊ីលីដា ឡាវ (មាន៤១ការិយាល័យ) និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (មាន៦ការិយាល័យ) ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ២.៩០១,១ លានដុល្លារអាមេរិក ។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអគារការិយាល័យស្ដង់ដារបែបនេះ ចំនួន ១៥២ និងកំពុងសាងសង់បន្ថែមជាបន្ដបន្ទាប់មានចំនួន ១៩ ការិយាល័យបន្តទៀត ដើម្បីទទួលបម្រើអតិថិជន និងផ្តល់ភាពងាយស្រួលដល់អតិថិជន សម្រាប់ប្រើប្រាស់សេវាហិរញ្ញវត្ថុនានារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេសដើម្បីការពារសុវត្ថិភាពទ្រព្យសម្បត្ដិរបស់អតិថិជនដែលបាននិងកំពុងប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងផ្តល់នូវផាសុកភាព និងសុវត្ថិភាពការងារដល់បុគ្គលិកដែលកំពុងបម្រើការងារ ។
ចាប់តាំងពីបើកប្រតិបត្តិការដំបូងរហូតដល់ឆ្នាំ២០១៤ និងឆ្នាំបន្តបន្ទាប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅតែបន្តអភិវឌ្ឍជាប់ជាប្រចាំ ប្រកបដោយនិរន្តរភាពនូវបណ្តាញការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិក ដោយធ្វើការសម្របសម្រួលជាបន្តបន្ទាប់តាមសភាវពាណិជ្ជកម្ម និងផលិតផល-សេវាកម្មហិរញ្ញវត្ថុ និងធ្វើបច្ចុប្បន្នកម្មសេវាធនាគារអេឡិចត្រូនិក ដើម្បីបម្រើសេវាកម្មឲ្យកាន់តែល្អប្រសើរជូនដល់អតិថិជនឲ្យមានការរីកចម្រើន ប្រកបដោយនិរន្តរភាព ។ ហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិក និងផលិតផល-សេវាកម្មហិរញ្ញវត្ថុ ទាំងនោះរួមមាន សេវាអេស៊ីលីដាយូនីធី ជាសេវាធនាគារតាមទូរស័ព្ទដៃ, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (អេធីអឹម), ម៉ាស៊ីនឆូតកាតអេស៊ីលីដា, និងប័ណ្ណអេឡិចត្រូនិកគ្រប់ប្រភេទ ដែលធ្វើឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ក្លាយជាមជ្ឈមណ្ឌលទូទាត់ទំនិញ ឬសេវាកម្មជាលក្ខណៈសាកល ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ និងប័ណ្ណក្នុងស្រុកអាចធ្វើការទូទាត់ជាលក្ខណៈអន្តរជាតិបាន ។ ទន្ទឹមនឹងនោះ សេវាអេស៊ីលីដាអ៊ីនធើណែត ដែលជាសេវាលំដាប់ថ្នាក់ពិភពលោក ដែលមានលក្ខណៈងាយស្រួលប្រកបដោយសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជនប្រើប្រាស់ស្វ័យប្រតិបត្តិការ ពោលគឺអតិថិជនអាចបម្រើសេវា ឬធ្វើប្រតិបត្តិការដោយខ្លួនឯង តាមតម្រូវការគ្រប់ពេលវេលា រហូតដល់២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ឡើយ ។
លោកបណ្ឌិត បានបន្តទៀតថា ឱកាសនេះខ្ញុំបាទមានមោទនភាពយ៉ាងខ្លាំង ចំពោះសំណង់អគារការិយាល័យនេះ ដែលបានសាងសង់តាមស្ដង់ដាររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្របតាមយុទ្ធសាស្ដ្រយូរអង្វែងរបស់យើង ។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល និងកម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ទាំងជាង ១១.០០០នាក់ និងអតិថិជនដ៏វៃឆ្លាតជាង ២ លាននាក់ ដែលតែងតែជួយគាំទ្រទាំងមធ្យោបាយ កំលាំងកាយ កំលាំងចិត្ដ និងសហការយ៉ាងពេញទំហឹង តាំងពីដើមរៀងមកធ្វើឱ្យទ្រព្យសកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កើនពីចំនួន ២២,៣ លានដុល្លារអាមេរិកក្នុងខែធ្នូ ឆ្នាំ២០០០ រហូតដល់ចំនួន ២.៩០១,១ លានដុល្លារអាមេរិក នៅដំណាច់ខែតុលា ឆ្នាំ២០១៤ ដោយរួមបញ្ចូលទាំងសមិទ្ធិផលរបស់សាខាខេត្ដបន្ទាយមានជ័យ ដូចដែលលោកនាយកសាខាបានជម្រាបជូនក្នុងរបាយការណ៍ខាងលើ ។ ជានិច្ចកាល ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែស្តាប់និងទទួលយកនូវសំណូមពរ និងយោបល់ល្អៗពីអតិថិជនដ៏ឆ្លាតវៃ ដើម្បីស្វែងរកដំណោះស្រាយបំពេញចិត្ដ និងតម្រូវការរបស់អតិថិជន ដោយបានបង្កើតផលិតផល និងសេវាកម្មសម្បូរបែប សម្រាប់អតិថិជនជ្រើសរើសនិងប្រើប្រាស់តាមសេចក្តីត្រូវការ ។
ជាមួយគ្នានេះដែរ ឯកឧត្ដម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ បានកត់សម្គាល់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្តបន្ទាយមានជ័យ បានរៀបចំឡើង ស្របពេលដែលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តបន្ទាយមានជ័យ កំពុងរីកចម្រើន មានស្ថិរភាព និងមានកំណើនលើសពីការរំពឹងទុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការវិវឌ្ឍរបស់សាខាខេត្តបន្ទាយមានជ័យ ជាសក្ខីកម្មដែលបញ្ជាក់ពីការរីកចម្រើន ភាពរឹងមាំ និងថែមទាំងបានបង្ហាញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ ។ ទាំងនេះជាភស្ដុតាងដែលបង្ហាញឱ្យឃើញថា សាខាខេត្តបន្ទាយមានជ័យ បានកើតឡើងនិងរីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ទាំងផ្នែកប្រតិបត្ដិការ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ ក្នុងរយៈពេលកន្លងទៅសាខានេះពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះប្រជាពលរដ្ឋ និងអ្នកជំនួញនៅក្នុងស្រុកទាំងមូល ទទួលបាននូវប្រភពធនធានហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាគន្លឹះក្នុងការចូលរួមបង្កើតឱ្យមានការងារ ប្រភពចំណូល អភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល: phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh