navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាស្តីពីការលើកស្ទួយអភិវឌ្ឍន៍វិស័យធុរកិច្ចហិរញ្ញវត្ថុ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាស្តីពីការលើកស្ទួយអភិវឌ្ឍន៍វិស័យធុរកិច្ចហិរញ្ញវត្ថុ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥
ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារនាំមុខគេលេខ ១ លើគ្រប់វិស័យ បានប្រកាសថាធនាគារបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការលើកស្ទួយអភិវឌ្ឍន៍វិស័យធុរកិច្ចហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ជាមួយនឹងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។
តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងសហការគ្នាជាដៃគូដើម្បីលើកស្ទួយវិស័យធនាគារពាណិជ្ជ ដោយចូលរួមចំណែកកាត់បន្ថយហានិភ័យនៃផលិតផលហិរញ្ញវត្ថុមួយចំនួនដើម្បីជួយគាំទ្រ និងអភិវឌ្ឍន៍ដល់សហគ្រាសខ្នាតតូចនិងមធ្យម ទទួលបាននូវការធានា និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបាននូវហិរញ្ញប្បទានតាមតម្រូវការ ។ ម្យ៉ាងវិញទៀត ភាពជាដៃគូនេះផ្តល់នូវផែនការធានាការព្រមព្រៀងតែមួយ ដោយរួមមាន ការធានាលើខួបឥណទាន, ការកំណត់រយៈពេលធានាឥណទាន, ការធានាបាននូវទំហំទឹកប្រាក់ឥណទានច្រើនបំផុតទៅតាមទំហំអាជីវកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យម, និងអត្រាកម្រៃសេវាប្រចាំឆ្នាំ ។
បណ្ឌិត សូ ផនណារី ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពនិងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានជ្រើសរើសធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូក្នុងការសហការលើកស្ទួយអភិវឌ្ឍន៍វិស័យធុរកិច្ចហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ។ ការសហការនេះនឹងធ្វើឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី មានការរីកចម្រើន និងជោគជ័យបន្ថែមមួយកម្រិតទៀត ស្របតាមយុទ្ធសាស្ត្រយូរអង្វែងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ លើសពីនេះទៅទៀត ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងខិតខំអនុវត្តនូវកិច្ចសហប្រតិបត្តិការនេះឲ្យបានល្អ ក្នុងការផ្លាស់ប្តូរព័ត៌មានទូទៅដែលទាក់ទងទៅនឹងសេដ្ឋកិច្ច, ឧស្សាហកម្ម, ផលិតផលហិរញ្ញវត្ថុ, ទីផ្សារហិរញ្ញវត្ថុនិងធនាគារ, ពាណិជ្ជកម្មអន្តរជាតិ, និងព័ត៌មានដែលទាក់ទងនឹងសហគ្រាសខ្នាតតូចនិងមធ្យម (SMEs) របស់ប្រទេសកម្ពុជា ព្រមទាំងខិតខំសហការឲ្យមានភាពរលូននិងមានប្រសិទ្ធភាពខ្ពស់ តាមរយៈគោលការណ៍ និងបទពិសោធន៍ដ៏ជោគជ័យរបស់ធនាគារកន្លងមក ។
ព័ត៌មានអំពី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជាស្ថាប័នហិរញ្ញវត្ថុ និងជាភ្នាក់ងារប្រតិបត្តិដ៏សំខាន់មួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍជាផ្លូវការរបស់បារាំង ដើម្បីអភិវឌ្ឍបណ្តាប្រទេសនានា ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនាវេបសាយរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ តាមរយៈ www.afd.fr ។
ព័ត៌មានអំពី ធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញប្រតិបត្តិការចំនួន ២៥៥សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និងមាន ៤១ការិយាល័យនៅប្រទេសឡាវ និង ០៦ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ៣.៦០១ លានដុល្លារអាមេរិក ឥណទានសរុបមានចំនួន ២.២១១ លានដុល្លារអាមេរិក និងបា្រក់បញ្ញើសន្សំសរុបមានចំនួន ២.៤៨៣ លានដុល្លារអាមេរិក នាដំណាច់ខែមេសា ឆ្នាំ២០១៥ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, និង អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ។ ហើយតាមយុទ្ធសាស្ត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូជាមួយ ធនាគារ SMBC, TONGYANG Securities (Cambodia) Plc. និងជាទីភា្នក់ងាររបស់ Prudential (Cambodia) Life Assurance Plc. និងបន្តពង្រីកវិសាលភាពប្រតិបត្តិការទៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គដទៃទៀត ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល: phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh