navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុនចំនួន ៤០.១៩០.៤៤៥ ដុល្លារអាមេរិក
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុនចំនួន ៤០.១៩០.៤៤៥ ដុល្លារអាមេរិក
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យ បានប្រកាសថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុនរបស់ខ្លួនចំនួន ៤០.១៩០.៤៤៥ ដុល្លារអាមេរិក លើដើមទុនដែលមានបច្ចុប្បន្នចំនួន ២២៥.៥៣៥.៦០៥ ដុល្លារអាមេរិក ។ ដូច្នេះដើមទុនសរុបរបស់ធនាគារនឹងកើនដល់ចំនួន ២៦៥.៧២៦.០៥០ ដុល្លារអាមេរិក ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការរួមចំណែកភាគហ៊ុនដោយភាគហ៊ុនិកកម្ពុជាចំនួន ៥១ ភាគរយ ក្នុងនោះរួមមាន ៖ អង្គការ អេស៊ីលីដា និងក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី និងភាគហ៊ុនចំនួន ៤៩ ភាគរយ ទៀតដែលនៅសល់កាន់កាប់ដោយស្ថាប័នអន្តរជាតិឈានមុខគេ រួមមាន ៖ COFIBRED (១២,២៥%), JSH Asia Holding Limited (១២,២៥%), Triodos Sustainable Finance Foundation (១,៥១៧៨%), Triodos Fair Share Fund (២,១៨១៤%), Triodos Microfinance Fund (២,៥៥០៨%), Sumitomo Mitsui Banking Corporation (១២,២៥%), និង ORIX Corporation (៦%) ។ សូមចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ការបន្ថែមដើមទុនដែលមានចំនួនសរុប ៤០.១៩០.៤៤៥ ដុល្លារអាមេរិកនេះ ដោយធ្វើឡើងតាមរយៈការបែងចែកភាគលាភប្រចាំឆ្នាំ២០១៤ ។ នេះជាលើកទី១២ ហើយដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមដើមទុន ចាប់តាំងពីបានចុះបញ្ជីជាធនាគារ ។
លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបរាប់ពីមូលហេតុ ៣ សំខាន់ៗដែលធ្វើឱ្យធនាគារតែងតែបង្កើននូវដើមទុនរបស់ខ្លួន ។ លោកបានលើកឡើងថា មូលហេតុទី១ គឺដោយសារអាជីវកម្មរបស់ធនាគាររីកលូតលាស់ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុដទៃទៀត ។ ទ្រព្យសកម្មសរុបរបស់ធនាគារកើនឡើងប្រមាណជាង ២៧ ភាគរយ ជារៀងរាល់ឆ្នាំ ។ មូលហេតុទី២ គឺដើម្បីរក្សាមូលដ្ឋានដើមទុននៅក្នុងកម្រិតមួយខ្ពស់ជាងបញ្ញត្តិអនុបាតប្រុងប្រយ័ត្នសំខាន់ៗ ។ មូលហេតុទី៣ដែលសំខាន់ជាងគេបំផុតនោះ គឺការកសាងនូវទំនុកចិត្តពីអតិថិជន និងសាធារណជន ដោយយើងមានភាគហ៊ុនិកដ៏រឹងមាំគាំទ្រដល់ធនាគារ កត្តានេះបានជួយបង្កើននូវជំនឿទុកចិត្ត និងបង្កើននូវសមត្ថភាពគាំពារប្រាក់បញ្ញើ-សន្សំរបស់អតិថិជនរបស់យើង ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការបន្ថែមដើមទុនជាបន្តបន្ទាប់នេះ គឺដើម្បីពង្រឹងកម្លាំងប្រកួតប្រជែងក្នុងដំណាក់កាលសមាហរណកម្មទីផ្សារអាស៊ានចុងឆ្នាំនេះ និងបំពេញតួនាទីជាធនាគារលំដាប់អាស៊ានបន្ថែមលើការពង្រីកសាខាទាំងក្នុងប្រទេស និងក្រៅប្រទេសអភិវឌ្ឍន៍ និងធ្វើឲ្យបណ្តាញសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក កាន់តែមានភាពជឿនលឿន ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើនប្រាក់ចំណេញសុទ្ធក្រោយពេលបង់ពន្ធរួច ៨២,២ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៤ ខណៈដែលប្រាក់ចំណេញសុទ្ធក្រោយពេលបង់ពន្ធរួចត្រឹមតែ ៤៧៥.១៦៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០០១ ។ បន្ថែមពីលើការបន្ថែមដើមទុនរបស់ភាគហ៊ុនិក ធនាគារបានបង្កើតទុនបម្រុងទូទៅរបស់ខ្លួន ដោយរក្សាទុកចន្លោះពី ៥០ ភាគរយ ទៅ ៦០ ភាគរយ នៃប្រាក់ចំណេញក្រោយបង់ពន្ធរួច ហើយធនាគារសូមបញ្ជាក់ថា មូលនិធិផ្ទាល់សុទ្ធបច្ចុប្បន្ន បានកើនរហូតដល់ ៤៦២.៧៩៦.០៩៨ ដុល្លារអាមេរិក នៅក្នុងដំណាច់ខែឧសភា ឆ្នាំ២០១៥ ។ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យក្នុងការបម្រើសេវាហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែយកចិត្តទុកដាក់ក្នុងការបំពេញតាមតម្រូវការរបស់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ជាមួយនឹងបទពិសោធន៍រយៈពេលជាង ២៣ឆ្នាំ និងបណ្តាញប្រតិបត្តិការរហូតដល់ ២៥៦ សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ ការិយាល័យ នៅប្រទេសឡាវ និង ៦ ការិយាល័យ នៅប្រទេសមីយ៉ាន់ម៉ា ដោយមានទ្រព្យសកម្មសរុប ចំនួនជាង ៣,៦៤ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែឧសភា ឆ្នាំ២០១៥ ។ ក្នុងឆ្នាំ២០១៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងបង្កើននូវបណ្តាញសេវាកម្មដកប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិ (អេធីអឹម) រហូតដល់ទៅ ២៥០ គ្រឿង និងដាក់ពង្រាយម៉ាស៊ីនឆូតកាត (POS) ចំនួន ២.៥០០ គ្រឿង ។
លើសពីនេះទៀត លោកបណ្ឌិតក៏បានលើកឡើងផងដែរថា យើងមានគម្រោងបើកការិយាល័យថ្មីបន្ថែមទៀតរហូតដល់ ២៦០ សាខា ទូទាំងប្រទេស ដែលអាចផ្តល់ការងារឱ្យកម្មករនិយោជិតប្រមាណជិត ១២.០០០ នាក់ ។ ធនាគារក៏នាំមកនូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិជ្ជាព័ត៌មានបែបទំនើបទាន់សម័យ ដើម្បីបំពេញទៅតាមការរីកចម្រើននៃវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសគាំទ្រចំពោះការពង្រីកប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន និងបម្រើស្វ័យប្រតិបត្តិការ ។
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួនគឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល: phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh