navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextFMO គាំទ្រនូវការបង្កើតការងារនៅក្នុងប្រទេសកម្ពុជា
FMO គាំទ្រនូវការបង្កើតការងារនៅក្នុងប្រទេសកម្ពុជា
ធនាគារអេស៊ីលីដា នឹងផ្តល់សហឥណទាន ១០២លានដុល្លារអាមេរិក ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីពង្រីកកម្ចីសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានទីតាំងស្ថិតនៅប្រទេសកម្ពុជា បានទទួលសហឥណទានចំនួន ១០២ លានដុល្លារអាមេរិក ពីស្ថាប័ន FMO សម្រាប់រយៈពេល៥ឆ្នាំ ។
ប្រាក់កម្ចីនេះត្រូវបានផ្តល់ដោយធនាគារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសហូឡង់ដ៍ FMO (ដែលបានដើរតួជាធនាគារវិនិយោគ និងភ្នាក់ងារផ្តល់ប្រាក់កម្ចី) ។ ការបន្ថែមទឹកប្រាក់ចំនួន ១៥ លានដុល្លារអាមេរិកដែលបានផ្តល់ដោយស្ថាប័ន FMO, និងស្ថាប័នផ្សេងៗទៀតមាន OFID (១៥ លានដុល្លារអាមេរិក), OEeB (១៥ លានដុល្លារអាមេរិក), Proparco (១៥ លានដុល្លារអាមេរិក), ធនាគារជាតិ Hatton (១៥ លានដុល្លារអាមេរិក), ធនាគារអភិវឌ្ឍន៍ជាតិ (១០ លានដុល្លារអាមេរិក), Symbiotic និង Swedfund (១៤ លានដុល្លារអាមេរិក) ។ លើសពីនេះទៀត ACTIAM បានផ្តល់ទឹកប្រាក់បន្ថែមចំនួន ៣ លានដុល្លារអាមេរិកតាមរយៈមូលនិធិរបស់ FMO ។
ជាក់ស្តែងប្រាក់កម្ចីមានតែចំនួន ៧០ លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែដោយសារតែតម្រូវការទីផ្សាររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ច្រើនលើសលុប ដូច្នេះប្រាក់កម្ចីត្រូវបានបង្កើនរហូតទៅដល់ ១០២ លានដុល្លារអាមេរិក ។
ប្រាក់កម្ចីនេះ នឹងជួយបង្កើនអតិថិជនឥណទានថ្មីៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា ហើយស្ថាប័នផ្តល់ជំនួយមួយចំនួនខាងលើ ទើបតែផ្តល់ប្រាក់កម្ចីរបស់ពួកគេជាលើកដំបូងដល់ធនាគាររបស់ប្រទេសកម្ពុជា ។
ឥណទានរយៈពេលប្រាំឆ្នាំនេះនឹងគាំទ្រដល់ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការផ្តល់នូវប្រាក់កម្ចីប្រកបដោយនិរន្តរភាព ជាមួយនឹងបណ្តាញសាខាដ៏ធំទូលាយជូនអតិថិជន ។ ប្រាក់កម្ចីនេះនឹងផ្តល់អត្ថប្រយោជន៍ជាពិសេសដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅតាមជនបទ និងជាយក្រុងនានាបន្ថែមទៀត ព្រមទាំងជួយបង្កើតការងារ និងបង្កើនចំណូលក្នុងវិស័យសេដ្ឋកិច្ច ដល់ពលរដ្ឋកម្ពុជា ។
FMO បានវិនិយោគជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីឆ្នាំ២០០០ ក្នុងនាមជាភាគហ៊ុនិកមួយដោយមានភាគហ៊ុនចំនួន ១២% នៅក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី ។ បន្ទាប់ពីបានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យ Jardine Matheson Group កាលពីឆ្នាំ២០០៩ មក FMO ក៏បានផ្តល់ឥណទានជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះផងដែរ ។ លើសពីនេះទៀត FMO ធ្លាប់បានផ្តល់ឥណទានដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងប្រទេសឡាវផងដែរ គឺ ធនាគារ អេស៊ីលីដា ឡាវ ។
លោក Nanno Kleiterp នាយកប្រតិបត្តិរបស់ FMO បានថ្លែងថា "ប្រាក់កម្ចីនេះនឹងជួយឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ពង្រីកប្រតិបត្តិការបន្ថែមទៀតនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ក៏ដូចជាការជួយបង្កើតការងារ ការអភិវឌ្ឍនិរន្តរភាពនៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ ទំនាក់ទំនងយូរអង្វែងរបស់យើងជាមួយនឹងធនាគារ អេស៊ីលីដា ភីអិលស៊ី នៅតែបន្តកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានផ្លែផ្កា និងជោគជ័យជាមួយគ្នា" ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា"សហឥណទានចំនួន ១០២ លានដុល្លារអាមេរិកនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏ដូចជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះសហគ្រិននៅតាមជនបទ ទាំងនេះមិនគ្រាន់តែផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្កើនដើមទុនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវតម្រូវការផ្នែកហិរញ្ញវត្ថុរយៈពេលវែងដល់ពួកគេផងដែរ ។ តាមរយៈប្រាក់កម្ចីនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងទទួលបានអតិថិជនយ៉ាងតិចចំនួន ២៥.០០០ នាក់បន្ថែមទៀតក្នុងរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៥ នេះទៅ ព្រមទាំងបង្កើននូវបុគ្គលិក ក៏ដូចជាប្រាក់ចំណូលបន្ថែមដល់អតិថិជនរបស់ខ្លួន" ។
អំពី FMO
FMO (ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រទេសហូឡង់) គឺជាធនាគារអភិវឌ្ឍន៍ហូឡង់ ដែលគាំទ្រការរីកលូតលាស់វិស័យឯកជនប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍ និងទីផ្សារកំពុងអភិវឌ្ឍ តាមរយៈការវិនិយោគសម្រាប់សហគ្រិនដែលមានមហិច្ឆតា ។ FMO ជឿថាវិស័យឯកជនមួយដែលរឹងមាំនាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម, ការផ្តល់អំណាចដល់ប្រជាជនតាមរយៈការផ្តល់ការងារតាមជំនាញរបស់ពួកគាត់ និងបង្កើនកម្រិតជីវភាពរបស់ពួកគាត់ ។ FMO បានផ្តោតសំខាន់លើវិស័យបីដែលមានឥទ្ធិពលដល់ការអភិវឌ្ឍខ្ពស់រួមមានៈ ស្ថាប័នហិរញ្ញវត្ថុ, ថាមពល, និងវិស័យកសិពាណិជ្ជកម្ម ស្បៀងអាហារ និងទឹក ។ ផ្អែកលើទំហំវិនិយោគចំនួន ៨,៨ ប៊ីលានអឺរ៉ូ FMO គឺជាធនាគារអភិវឌ្ឍវិស័យឯកជនទ្វេភាគីអឺរ៉ុបធំជាងគេមួយក្នុងចំណោមធនាគារធំៗទាំងឡាយ ។ www.fmo.nl
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
អេស៊ីលីដា បានបង្កើតឡើងដោយអង្គការពលកម្មអន្តរជាតិ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៣ ដោយដើរតួជាអង្គការក្រៅរដ្ឋាភិបាលមីក្រូហិរញ្ញវត្ថុក្នុងស្រុក ។ អេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជក្នុងឆ្នាំ២០០៣ និងបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្លាយជាធនាគារនាំមុខគេលើទីផ្សារ និងបម្រើសេវាកម្មដោយផ្តោតសំខាន់លើសហគ្រាសខ្នាតតូច និងខ្នាតតូចបំផុត ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ផ្តល់សេវាធនាគារជាទូទៅដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដោយប្រាក់កម្ចីចំនួន ២៥% បានផ្តល់ដល់អតិថិជនខ្នាតតូច និងខ្នាតតូចបំផុត (ទំហំប្រាក់កម្ចីត្រឹម ១០.០០០ ដុល្លារអាមេរិក), ហើយប្រាក់កម្ចីចំនួន ៧០% ផ្តល់ដល់សហគ្រាសខ្នាតតូច និងខ្នាតមធ្យម (ទំហំប្រាក់កម្ចីធំជាង ១០.០០០ ដុល្លារអាមេរិក) និង ៥% ផ្តល់ទៅស្ថាប័ន/ក្រុមហ៊ុនផ្សេងៗ (ទំហំប្រាក់កម្ចីធំជាង ១.០០០.០០០ ដុល្លារអាមេរិក) ។ ភាពខ្លាំងមួយក្នុងចំណោមភាពខ្លាំងជាច្រើនរបស់ធនាគារនោះគឺដោយសារមូលដ្ឋានប្រាក់បញ្ញើដ៏រឹងមាំ និងមានទំហំច្រើនដោយបានការគាំទ្រពីសាខាទាំង ២៥៥ សាខារបស់ធនាគារ ។
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន ៣.៦០៣ លានដុល្លារអាមេរិក (២០១៤: ៣.០៨៦ លានដុល្លារអាមេរិក), សមតុល្យឥណទានសរុបចំនួន ២.២៥២ លានដុល្លារអាមេរិក (២០១៤: ១.៩៩៤ លានដុល្លារអាមេរិក), អតិថិជនឥណទានចំនួន ៣៩៥.០១២ នាក់ និងអតិថិជនដាក់ប្រាក់បញ្ញើចំនួនជាង ១,៥ លាននាក់ ។ ចំនួនបុគ្គលិកសរុប ១១.៦៥២ នាក់ ។ ធនាគារ អេស៊ីលីដា គឺជាធនាគារដំបូងនៅកម្ពុជាដែលទទួលបានចំណាត់ថ្នាក់ B/Stable/B ពីស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ Standard & Poor's ។
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖ visoth@acledabank.com.kh