navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សេវាអេស៊ីលីដាអ៊ីខុមមើស
ធនាគារអេស៊ីលីដា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សេវាអេស៊ីលីដាអ៊ីខុមមើស
រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើជូនអតិថិជនជាសកលនៅពេលដែលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងចូលមកដល់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ។ សេវាអេស៊ីលីដាអ៊ីខុមមើស ផ្តល់ជូនអតិថិជននូវជម្រើសបន្ថែមក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈវេបសាយតាមតម្រូវការ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "យើងតែងតែយកចិត្តទុកដាក់ស្តាប់ដំបូន្មានដ៏មានតម្លៃ និងបំពេញតម្រូវការរបស់អតិថិជននូវផលិតផល-សេវាកម្មថ្មីៗ ប្រកបដោយជម្រើសយ៉ាងសម្បូរបែប ។ ថ្ងៃនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សេវាអេស៊ីលីដាអ៊ីខុមមើស ដែលជាសេវាហិរញ្ញវត្ថុលំដាប់ពិភពលោក អាចទូទាត់/ទិញទំនិញ រវាងអតិថិជនដែលប្រើប្រាស់ប័ណ្ណឥណពន្ធ/ឥណទាន និងក្រុមហ៊ុន/អង្គភាព ដែលជាពាណិជ្ជករលក់ទំនិញ/សេវាកម្ម តាមរយៈវេបសាយ ។ អតិថិជនទទួលបានសុវត្ថិភាពខ្ពស់ និងងាយស្រួលក្នុងការទូទាត់/ទិញទំនិញ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងពាសពេញពិភពលោក" ។
លោកបណ្ឌិតក៏បានបង្ហាញពីអត្ថប្រយោជន៍យ៉ាងច្រើនរបស់ សេវាអេស៊ីលីដាអ៊ីខុមមើស សម្រាប់អតិថិជនប្រើប្រាស់ប័ណ្ណឥណពន្ធ/ឥណទានក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងសម្រាប់ពាណិជ្ជករដែលជាម្ចាស់វេបសាយលក់ទំនិញ/សេវាកម្ម ដូចខាងក្រោម ៖
- សម្រាប់អតិថិជនប្រើប្រាស់ប័ណ្ណឥណពន្ធ/ឥណទាន
- មានឱកាសក្នុងការទិញផលិតផល/សេវាកម្ម ដែលលោកអ្នកពេញចិត្តតាមរយៈវេបសាយលក់ផលិតផល/សេវាកម្មរាប់លានប្រភេទ
- ងាយស្រួលក្នុងការទូទាត់ និងទទួលបានទំនិញដល់គេហដ្ឋាន
- អាចទូទាត់ថ្លៃទំនិញតាមរយៈប័ណ្ណឥណពន្ធ/ប័ណ្ណឥណទាន ដោយប្រើព័ត៌មានប័ណ្ណ និងមិនចាំបាច់បង្ហាញប័ណ្ណដល់ពាណិជ្ជករ
- ចំណេញប្រាក់ ចំណេញពេលវេលា ថែមទាំងមានសុវត្ថិភាពខ្ពស់ក្នុងការទូទាត់/ទិញទំនិញ តាមរយៈវេបសាយ ដោយពុំចាំបាច់ចំណាយពេលវេលាទៅកាន់ទីតាំងផ្ទាល់របស់ពាណិជ្ជករ
- មានឱកាសប្រើប្រាស់ផលិតផលផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
- សម្រាប់ពាណិជ្ជករដែលជាម្ចាស់គេហទំព័រលក់ទំនិញ/សេវាកម្ម
- មានឱកាសទទួលប្រាក់ចំណេញកាន់តែច្រើន ពីការផ្សព្វផ្សាយ និងលក់ផលិតផល/សេវាកម្មថ្មីៗតាមរយៈវេបសាយ មានកេរ្តិ៍ឈ្មោះល្អ និងទទួលស្គាល់ពីអតិថិជនរាប់លាននាក់គ្រប់ទិសទី តាមរយៈការលក់ទំនិញ និងការទូទាត់ដោយប្រើប័ណ្ណឥណពន្ធ/ឥណទាន
- បម្រើសេវាបានរហ័ស និងងាយស្រួលគ្រប់គ្រងសាច់ប្រាក់តាមរយៈភាពជាដៃគូជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការប្រមូលប្រាក់ថ្លៃទំនិញ
- បន្ថយចំណាយក្នុងការជួល ឬបង្កើតហាងលក់ទំនិញ និងបញ្ជរបង់ប្រាក់ជំនួសដោយការលក់ទំនិញស្ទើរតែទាំងស្រុង
- កាត់បន្ថយហានិភ័យក្នុងការទទួលសាច់ប្រាក់ក្លែងក្លាយ ការរាប់សាច់ប្រាក់ដែលមានបញ្ហាលើស-ខ្វះជាដើម
- អាចត្រួតពិនិត្យរបាយការណ៍ និងតាមដានការបង់ប្រាក់មានប្រសិទ្ធភាពខ្ពស់
- ថែរក្សាអតិថិជនចាស់ និងទាក់ទាញអតិថិជនថ្មីៗឲ្យទិញផលិតផល-សេវាកម្មយូរអង្វែង
បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍បន្ថែមទៀតថា "លើសពីនេះទៅទៀត សេវាអេស៊ីលីដាអ៊ីខុមមើស ផ្តល់អត្ថប្រយោជន៍ចំពោះអតិថិជន និងសាធារណជន ក្នុងការកាត់បន្ថយចំណាយ និងចំណេញពេលវេលា ជួយកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតឡើងទាក់ទងនឹងការដាក់សាច់ប្រាក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ ៖ ការរាប់ប្រាក់លើសឬខ្វះ និងសាច់ប្រាក់ក្លែងក្លាយ កាត់បន្ថយការបំពុលបរិស្ថាន ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ជាដើម ។ ទន្ទឹមនឹងនេះយើងក៏បានរួមគ្នាក្នុងការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងទាក់ទាញការវិនិយោគក្នុងប្រទេស និងក្រៅប្រទេសផងដែរ" ។
ព័ត៌មានអំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឱ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង ២៣ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូតដល់ ២៥៦ សាខាទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ ការិយាល័យ នៅប្រទេសឡាវ និង ៦ ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា ដោយមានទ្រព្យសកម្មសរុប ចំនួនជាង ៣.៨៤៥ លានដុល្លារអាមេរិក សមតុល្យឥណទានសរុប ចំនួន ២.៣៥៦ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុប ចំនួន ២.៥៧១ លានដុល្លារអាមេរិក នៅដំណាច់ខែកញ្ញា ឆ្នាំ២០១៥ នេះ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖ phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖ visoth@acledabank.com.kh