navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ខេ អ៊ី ប៊ី ហាណា
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ខេ អ៊ី ប៊ី ហាណា
ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារនាំមុខគេលើគ្រប់វិស័យ បានប្រកាសនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអីលស៊ី និង ធនាគារ ខេ អ៊ី ប៊ី ហាណា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការសេវាផ្ទេរប្រាក់រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ។
បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្ដិប្រតិបត្ដិការ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាព និងក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានធ្វើជាដៃគូអាជីវកម្មជាមួយ ធនាគារ ខេ អ៊ី ប៊ី ហាណា ដើម្បីផ្តល់ផលប្រយោជន៍ ទៅវិញទៅមកលើការបម្រើសេវាផ្ទេរប្រាក់ក្រៅប្រទេស / សេវាទូទាត់សាច់ប្រាក់ ដល់ពលករកម្ពុជា រួមទាំងអតិថិជនផ្សេងទៀត អាចធ្វើការផ្ទេរប្រាក់មកសាច់ញាតិ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់នៅស្រុកកំណើតបានយ៉ាងងាយស្រួលបំផុត ។ កិច្ចសហប្រតិបត្តិការនេះនឹងធ្វើឲ្យ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ខេ អ៊ី ប៊ី ហាណា ផ្តល់នូវផលប្រយោជន៍ដ៏ធំសម្បើមដល់អតិថិជនរបស់ខ្លួន រួមមាន ៖
- ការផ្ទេរប្រាក់រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង
- ការណែនាំអតិថិជនឲ្យគ្នាទៅវិញទៅមក
- ផ្លាស់ប្តូរបទពិសោធន៍រវាងបុគ្គលិកនៃធនាគារទាំងពីរ
- ផ្តល់នូវកិច្ចសហប្រតិបត្តិការសេវាធនាគារផ្សេងៗទៀត
លោក ជី អ៊ុក គីម នាយកការិយាល័យប្រតិបត្តិការហិរញ្ញវត្ថុទូទាំងតំបន់ នៃធនាគារ ខេ អ៊ី ប៊ី ហាណា បានមានប្រសាសន៍ថា នេះជាកាលានុវត្តភាពដ៏ល្អបំផុត ដែលធនាគារ ខេ អ៊ី ប៊ី ហាណា និងធនាគារ អេស៊ីលីដា ភីអិលស៊ី ក្លាយជាដៃគូសហប្រតិបត្តិការអាជីវកម្មជាមួយគ្នា ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការសេវាផ្ទេរប្រាក់រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ។
ព័ត៌មានអំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រតិបត្តិការរហូតដល់ ២៥៦ ការិយាល័យ ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ ការិយាល័យ នៅប្រទេសឡាវ និង ០៦ ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា ដោយមានទ្រព្យសកម្មសរុប ចំនួនជាង ៣.៧១១ លានដុល្លារអាមេរិក ឥណទានសរុបចំនួន ២.៣៦៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុប ២.៦៦០ លានដុល្លារអាមេរិក នៅដំណាច់ខែសីហា ឆ្នាំ២០១៥ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។
ព័ត៌មានអំពីធនាគារ ខេ អ៊ី ប៊ី ហាណា
ធនាគារ ខេ អ៊ី ប៊ី ហាណា (តទៅនេះហៅថា ខេ អ៊ី ប៊ី ហាណា) ស្ថាប័នដែលបានធ្វើសមាហរណកម្មរវាងធនាគារហាណា និងធនាគាររូបិយប័ណ្ណកូរ៉េ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ។ តាមរយៈសមាហរណកម្មនេះ ខេ អ៊ី ប៊ី ហាណា បានក្លាយជាធនាគារធំជាងគេជាមួយនឹងទ្រព្យសកម្មសរុបស្មើនឹង ២៨៥ ទ្រីលានវ៉ុន ហើយបានធានាទីផ្សារមូលបត្រធំជាងគេក្នុងតំបន់ធុរៈកិច្ចដ៏សំខាន់ ដូចជា រូបិយប័ណ្ណបរទេស ហិរញ្ញប្បទានពាណិជ្ជកម្ម និងធនាគារឯកជន ។ ខេ អ៊ី ប៊ី ហាណា មានបណ្តាញប្រតិបត្តិការចំនួន ១២៥ការិយាល័យ នៅក្នុង ២៤ប្រទេស ហើយជាធនាគារធំជាងគេក្នុងប្រទេសកូរ៉េ ។ ខេ អ៊ី ប៊ី ហាណា ជាបុត្រសម្ព័ន្ធរបស់សហព័ន្ធហិរញ្ញវត្ថុហាណា ដែលជាក្រុមហ៊ុនហូឌីងហិរញ្ញវត្ថុធំជាងគេនៅប្រទេសកូរ៉េ ដែលផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតជូនអតិថិជន ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនាវេបសាយ www.kebhana.com ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម
អ៊ីម៉ែល ៖ visoth@acledabank.com.kh
ធនាគារ ខេ អ៊ី ប៊ី ហាណា
លោក ជីន អ៊ុក គឹម
អ៊ីម៉ែល ៖ kju119@hanafn.com