navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដាចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Microsoft សម្រាប់ការគ្រប់គ្រងផ្នែកប្រព័ន្ធ IT ដើម្បីបង្កើនផលិតភាពការងារ
ធនាគារអេស៊ីលីដាចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Microsoft សម្រាប់ការគ្រប់គ្រងផ្នែកប្រព័ន្ធ IT ដើម្បីបង្កើនផលិតភាពការងារ
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជធំជាងគេនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Microsoft ដើម្បីគ្រប់គ្រងលើការចំណាយឱ្យមានប្រសិទ្ធភាពខ្ពស់ ការបង្កើនផលិតភាពទាន់សម័យ ទប់ស្កាត់ហានិភ័យលើបញ្ហាសន្តិសុខព័ត៌មានវិទ្យា ព្រមទាំងផ្តល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត ។
ដោយធនាគារអេស៊ីលីដាមានការលូតលាស់យ៉ាងឆាប់រហ័ស ភាពចាំបាច់ក្នុងការសម្រួលដល់បុគ្គលិក ដែលមិនប្រើប្រាស់ភាសាអង់គ្លេសជាភាសាកំណើត ឬភាសាទីពីរ ចាំបាច់តម្រូវឱ្យមានកម្មវិធីកុំព្យូទ័រ (Software) សម្រាប់ប្រើភាសាក្នុងស្រុក ហើយការពង្រីកខ្លួនយ៉ាងលឿននៃប្រតិបត្ដិការរបស់ធនាគារអេស៊ីលីដា ឱ្យមានការប្រើប្រាស់កម្មវិធីជំនាន់ផ្សេងៗគ្នាជាច្រើនដែលមិនស៊ីចង្វាក់គ្នា និងធ្វើឱ្យរាំងស្ទះដល់ផលិតភាពការងារបន្ថែមទៀត ។
ដើម្បីដោះស្រាយបញ្ហានេះ ធនាគារអេស៊ីលីដាបានប្រើប្រាស់កម្មវិធី Microsoft Office ដែលខ្លួនបានហៅថា ឧបករណ៍បេសកកម្មសំខាន់មួយសម្រាប់ឱ្យបុគ្គលិកប្រើប្រាស់ដើម្បីបង្កើនផលិតភាពការងារ ។ ការសម្រួលកម្មវិធីជាភាសាក្នុងស្រុក គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការប្រើប្រាស់ ហើយកម្មវិធី Microsoft Office ដែលជាផលិតផលល្បី និងពេញនិយមមួយ គឺជាដំណោះស្រាយដ៏ល្អ ។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើសន្ទុះនៃការលូតលាស់របស់ធនាគារអេស៊ីលីដា ការដែលត្រូវធ្វើបច្ចុប្បន្នកម្មអាជ្ញាប័ណ្ណគ្រប់ពេល គឺត្រូវចំណាយខ្ពស់ ។
តាមរយៈការសហការជាដៃគូជាមួយក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Softline (Cambodia) Co., Ltd ធនាគារអេស៊ីលីដា បានពិចារណានូវជម្រើសមួយចំនួនក្នុងការធ្វើបច្ចុប្បន្នកម្មអាជ្ញាប័ណ្ណ របស់ខ្លួនស្របតាមចំនួនដែលខ្លួនត្រូវការ ។ រវាងការជាវអាជ្ញាប័ណ្ណឥតដែនកំណត់ និងការជាវអាជ្ញាប័ណ្ណទៅតាមដំណាក់កាល ធនាគារបានសម្រេចជ្រើសរើសយកការជាវអាជ្ញាប័ណ្ណសហគ្រាស ដែលមានសក្តានុពលផ្ដល់នូវគុណតម្លៃកាន់តែច្រើនក្នុងរយៈពេលវែង ។
ការជាវអាជ្ញាប័ណ្ណសហគ្រាសនេះនឹងអនុញ្ញាតឱ្យនិយោជិតជាង ១១.០០០ នាក់របស់ធនាគារអេស៊ីលីដាអាចប្រើប្រាស់កម្មវិធីដែលស៊ីសង្វាក់គ្នា អាចពន្លឿនដល់ការផ្ទេរព័ត៌មាន និងឯកសារនៅក្នុងធនាគារទាំងមូល ។ ការគ្រប់គ្រងដោយប្រព័ន្ធ IT ជាមួយនឹងគម្រោងចំណាយដែលអាចព្យាករណ៍បានលើការធ្វើបច្ចុប្បន្នកម្មអាជ្ញាប័ណ្ណ គឺផ្ដល់លទ្ធភាពដល់ធនាគារអេស៊ីលីដា អាចវិនិយោគធនធានជាច្រើនផ្សេងទៀត ទៅលើសកម្មភាពសំខាន់ៗក្នុងការបង្កើតប្រាក់ចំណូល ។
លោក ម៉ាច ធែរី នាយកប្រតិបត្តិបច្ចេកវិជ្ជាព័ត៌មានរបស់ធនាគារអេស៊ីលីដា បានថ្លែងថា ៖ ភាពអាចព្យាករណ៍បាននៃការចំណាយលើការជាវអាជ្ញាប័ណ្ណបែបកិច្ចព្រមព្រៀងសហគ្រាសប្រចាំឆ្នាំ គឺប្រសើរជាងការទូទាត់ជាមុន ដែលផ្ដល់លទ្ធភាពឱ្យយើងអាចយកប្រាក់ទៅប្រើប្រាស់លើសកម្មភាពបង្កើតប្រាក់ចំណូល ជាជាងការចំណាយលើថ្លៃអាជ្ញាប័ណ្ណម្ដងៗដ៏ច្រើន ។
លោក Bharat Mirchandani នាយកផ្នែកលក់ប្រចាំទីផ្សារថ្មីក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ៖ យើងជឿថាការជំរុញកម្លាំងការងារដោយប្រើបច្ចេកវិទ្យាអាចជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនផលិតភាពការងារទាំងមូល អាចសម្រេចកិច្ចការបានច្រើនជាងមុន និងអាចបង្កើតនិយាមការថ្មីក្នុងការអនុវត្តការងារថែមទៀតផង ។ វិស័យធនាគារនៅកម្ពុជាកំពុងតែរីកលូតលាស់ ដោយកំពុងផ្ដល់ឱកាសការងារយ៉ាងច្រើន ហើយយើងខ្ញុំប្តេជ្ញាពង្រីកវត្តមានរបស់ក្រុមហ៊ុន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ ។
ធនាគារអេស៊ីលីដា ត្រូវបានបង្កើតដំបូងឡើយក្នុងនាមជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត កាលពីឆ្នាំ១៩៩៣ ដោយដំណើរការជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក សម្រាប់អភិវឌ្ឍន៍ និងផ្ដល់ឥណទានដល់សហគ្រាសខ្នាតតូច និងខ្នាតតូចបំផុត ។ ក្នុងនាមជាធនាគារពាណិជ្ជចាប់តាំងពីឆ្នាំ២០០៣ មក ធនាគារអេស៊ីលីដា ជាធនាគារដំបូងគេនៅកម្ពុជាដែលទទួលបានការវាយតម្លៃដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ Standard & Poor's ។ ធនាគារអេស៊ីលីដា បានទទួលពានរង្វាន់ជាស្ថាប័នរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៤ ហើយក៏បានក្លាយជាសមាជិកវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដាមានបុគ្គលិកជាង ១១.៦០០ នាក់នៅតាមសាខាចំនួន ២៥៧ ទូទាំងប្រទេស ដោយត្រូវប្រើប្រាស់កុំព្យូទ័រចំនួនជាង ៧.០០០ គ្រឿង ។