navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ស្តីពីការបម្រើសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធធនាគារ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ស្តីពីការបម្រើសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធធនាគារ
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦
ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារនាំមុខគេលើគ្រប់វិស័យ បានប្រកាសនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអីលស៊ី និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការបម្រើសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធធនាគារ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសេវាធានារ៉ាប់រងគ្រប់ប្រភេទ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពក្រៃលែង ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងនាំមុខ ក្នុងការបម្រើជាភ្នាក់ងារណែនាំផលិតផល និងសេវាកម្មធានារ៉ាបរងទូទៅ និងធានារ៉ាប់រងខ្នាតតូច ជូនដល់អតិថិជន និងសាធារណជននៅទូទាំងប្រទេស តាមរយៈបណ្តាញប្រតិបត្តិការ និងការិយាល័យសាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ កិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ នឹងផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងគ្រប់ប្រភេទ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ជាពិសេសជូនដល់អតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ។ សេវាធានារ៉ាបរងនេះ នឹងដាក់បម្រើជាផ្លូវការបន្ទាប់ពីធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានការអនុញ្ញាតពីអាជ្ញាធរអាណាព្យាបាល ។
លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនៅថ្ងៃនេះរវាងស្ថាប័នធំជាងគេពីរ ក្នុងវិស័យរបស់ខ្លួននឹងផ្តល់ឱកាសសម្រាប់នាំមកនូវការការពារ និងភាពស្ងប់ចិត្តដល់អតិថិជនរបស់ខ្លួនបន្ថែមទៀត ។ កិច្ចសហប្រតិបត្តិការនេះ គឺជាសមទ្ធិផលដ៏ធំធេងមួយ ដែលនឹងជំរុញឲ្យក្រុមហ៊ុន ហ្វតតេ សម្រេចបាននូវទស្សនៈវិស័យរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្តល់ជូនសេវាធានារ៉ាប់រងដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ជូនដល់ប្រជាជនកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយ ។ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាដៃគូដ៏សក្តិសមឥតខ្ចោះសម្រាប់ការសម្រេចបាននូវទស្សនៈវិស័យនេះ ។
ព័ត៌មានអំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឲ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង ២៤ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូត ២៥៨សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ការិយាល័យ នៅប្រទេសឡាវ និង ៦ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា មានទ្រព្យសកម្មសរុបចំនួនជាង ៤.១៩០ លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ២.៧៣៣ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ២.៨៦៥ លានដុល្លារអាមេរិក គិតត្រឹមខែមីនា ឆ្នាំ២០១៦ នេះ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថានប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។
អំពីក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ
បង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅធំជាងគេ និងឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវសេវាធានារ៉ាប់រងទូទៅជាច្រើនប្រភេទ និងប្រកបដោយ គុណភាពខ្ពស់ សេវាកម្មល្អ និងភាពទុកចិត្ត ។ ក្រុមហ៊ុនមានបុគ្គលិកប្រកបដោយវិជា្ជជីវៈខ្ពស់ និងផ្តល់ជូននូវសេវាធានារ៉ាប់រងដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ និងសមស្របដើម្បីបំពេញតម្រូវការរបស់អតិថិជន ។
ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានការិយាល័យកណ្តាលក្នុងរាជធានីភ្នំពេញ និងសាខានៅតាមបណ្តាខេត្ត ដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនាវេបសាយ www.forteinsurance.com ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖ phonnary@acledabank.com.kh
ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ
លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ
អ៊ីម៉ែល ៖ rith@forteinsurance.com