navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុន ចំនួន ៤២.០៣៧.៨៦១ ដុល្លារអាមេរិក
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុន ចំនួន ៤២.០៣៧.៨៦១ ដុល្លារអាមេរិក
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦
ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យ បានប្រកាសថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុនចំនួន ៤២.០៣៧.៨៦១ ដុល្លារអាមេរិក លើដើមទុនដែលមានបច្ចុប្បន្នចំនួន ២៦៥.៧២៦.០៥០ ដុល្លារអាមេរិក ។ ដូច្នេះដើមទុនសរុបរបស់ធនាគារនឹងកើនដល់ចំនួន ៣០៧.៧៦៣.៩១១ ដុល្លារអាមេរិក ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការរួមចំណែកភាគហ៊ុនដោយភាគហ៊ុនិកកម្ពុជា ចំនួន ៥១ ភាគរយ ក្នុងនោះ រួមមាន៖ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ និងក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី និងភាគហ៊ុនចំនួន៤៩ ភាគរយ ទៀតដែលនៅសល់ កាន់កាប់ដោយស្ថាប័នអន្តរជាតិឈានមុខគេ រួមមាន៖ COFIBRED S.A (COFIBRED), Stichting Triodos Sustainable Finance Foundation (TSFF), Triodos Custody B.V.(TFSF), Triodos SICAV II-Triodos Microfinance Fund (TMF), Sumitomo Mitsui Banking Corporation (SMBC) និង ORIX Corporation ។
ការបន្ថែមដើមទុនដែលមានចំនួនសរុប ៤២.០៣៧.៨៦១ ដុល្លារអាមេរិកនេះ ត្រូវបានធ្វើឡើងតាមរយៈការបែងចែកភាគលាភប្រចាំឆ្នាំរបស់ធនាគារ ។ នេះជាលើកទី១៣ ហើយ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមដើមទុន ចាប់តាំងពីបានចុះបញ្ជីជាធនាគារ ។
លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបរាប់ពីមូលហេតុ ២ សំខាន់ៗ ដែលធ្វើឱ្យធនាគារតែងតែបង្កើននូវដើមទុនរបស់ខ្លួន ។ លោកបានលើកឡើងថា មូលហេតុទី១ គឺដោយសារអាជីវកម្មរបស់ធនាគារមានការរីកលូតលាស់ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុដទៃទៀត ។ ទ្រព្យសកម្មសរុបរបស់ធនាគារ កើនឡើងប្រមាណជាង ២៧ភាគរយ ជារៀងរាល់ឆ្នាំ ។ មូលហេតុទី២ គឺដើម្បីរក្សាមូលដ្ឋាន ដើមទុននៅក្នុងកម្រិតមួយខ្ពស់ជាងបញ្ញត្តិអនុបាតប្រុងប្រយ័ត្នសំខាន់ៗ ។ មូលហេតុចម្បង ដែលសំខាន់ជាងគេបំផុតនោះ គឺការកសាងនូវទំនុកចិត្តពីអតិថិជន និងសាធារណជន ដោយយើងមានភាគហ៊ុនិកដ៏រឹងមាំគាំទ្រដល់ធនាគារ កត្តានេះបានជួយបង្កើននូវជំនឿទុកចិត្ត និងបង្កើននូវសមត្ថភាពគាំពារប្រាក់បញ្ញើ-សន្សំរបស់អតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការបន្ថែមដើមទុនជាបន្តបន្ទាប់នេះ គឺដើម្បីពង្រឹងកម្លាំងប្រកួតប្រជែងក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមជាមួយនឹងការពង្រីកសាខាទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងក្នុងតំបន់អភិវឌ្ឍន៍ និងបង្កើតហេដ្ឋា រចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតម្រូវការជូនអតិថិជន ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើនប្រាក់ចំណេញសុទ្ធក្រោយពេលបង់ពន្ធរួច ១០៥.០៧ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥ ខណៈដែល ប្រាក់ចំណេញសុទ្ធក្រោយពេលបង់ពន្ធរួចត្រឹមតែ ៤៧៥.១៦៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០០១ ។ ការបន្ថែម ដើមទុននេះ ធ្វើឲ្យមូលនិធិផ្ទាល់សុទ្ធបច្ចុប្បន្ន បានកើនរហូតដល់ ៦០០.៨១៥.៧៦៦ ដុល្លារអាមេរិក នៅក្នុងខែមិថុនា ឆ្នាំ២០១៦ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែយកចិត្តទុកដាក់ក្នុងការបំពេញតាមតម្រូវការរបស់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ជាមួយនឹងបទពិសោធន៍ រយៈពេលជាង ២៤ឆ្នាំ និងបណ្តាញប្រតិបត្តិការរហូតដល់ ២៥៨សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ការិយាល័យ នៅប្រទេសឡាវ និង ៦ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា រួមជាមួយនឹងទ្រព្យសកម្មសរុបចំនួនជាង ៤.១៩៦ លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ២.៦២១ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ២.៨៨៨ លានដុល្លារអាមេរិក គិតត្រឹមខែឧសភា ឆ្នាំ២០១៦ នេះ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថានប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖ phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖ visoth@acledabank.com.kh