www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ ប័ណ្ណ​ម៉ាស្ទ័រកាត​អេស៊ីលីដា

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ ប័ណ្ណ​ម៉ាស្ទ័រកាត​អេស៊ីលីដា

ACLEDA Photo
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក អាន វ៉ូហ្គែល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ម៉ាស្ទ័រកាត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក
លោក អាន វ៉ូហ្គែល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ម៉ាស្ទ័រកាត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​២០១៦

រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ផលិតផល​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក គឺ ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា ដែល​ជា​ជម្រើស​ថ្មី​បន្ថែម​ទៀត​សម្រាប់​អតិថិជន​ដ៏​វៃឆ្លាត អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ជា​ច្រើន​តាម​រយៈ​អ៊ីនធើណែត ម៉ាស៊ីន​អេធីអឹម និង​ម៉ាស៊ីន​ឆូតកាត (POS) នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ​ពិភពលោក ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា យើង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ដំបូន្មាន​ដ៏​មាន​តម្លៃ និង​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​នូវ​ផលិតផល-សេវាកម្ម​ថ្មី​ៗ ប្រកប​ដោយ​ជម្រើស​យ៉ាង​សម្បូរ​បែប ។ ថ្ងៃនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា ដែល​ជា​ផលិតផល​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក ។ ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា គឺ​ជា​ប្រភេទ​ប័ណ្ណ​ប្លាស្ទីក​អេឡិចត្រូនិក​ដែល​មាន​សុវត្ថិភាព​ខ្ពស់​បង្កើត​ឡើង​តាម​បច្ចេកវិជ្ជា​ទំនើប និង​មាន​ប្រព័ន្ធ​បទដ្ឋាន EMV (Euro-pay Master and VISA/Memory Chip) ដែល​មិន​អាច​ក្លែង​បន្លំ​បាន ។ នៅ​លើ​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា មាន​ស្លាក​សញ្ញា​ធនាគារ​អេស៊ីលីដា និង​ស្លាក​សញ្ញា​ម៉ាស្ទ័រកាត ដែល​ប័ណ្ណ​នេះ​បង្កើត​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​បម្រើ​ដល់​អតិថិជន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល រហ័ស និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ផ្សេង​ៗ​ជា​ច្រើន​តាម​រយៈ​អ៊ីនធើណែត ម៉ាស៊ីនអេធីអឹម និង​ម៉ាស៊ីនឆូតកាត (POS) នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ​ពិភពលោក ។ ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា មាន​ពីរ​ប្រភេទ​សម្រាប់​បម្រើ និង​ផ្តល់​អត្ថប្រយោជន៍​ជូន​អតិថិជន​ដែល​ប្រើ​ប្រាស់​ប័ណ្ណឥណពន្ធ/​ឥណទាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ដូច​ខាង​ក្រោម ៖

  1. ប័ណ្ណឥណទាន​ម៉ាស្ទ័រកាត​អេស៊ីលីដា កាន់​តែ​ងាយ​ស្រួល​ជា​មួយ​សេរីភាព​នៃ​ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ក្នុង​តម្រូវ​ការ​ជីវភាព​រស់​នៅ​ដ៏​សម្បូរ​បែប​ជា​អាទិភាព នៅ​ពេល​ដែល​ប្រើ​ប្រាស់​ប័ណ្ណ​នេះ វា​នឹង​ផ្តល់​ជូន​អតិថិជន​ជា​មួយ​នឹង​អត្ថប្រយោជន៍​ដ៏​ពិសេស​ជា​ច្រើន​ក្នុង​ការ​ចាត់​ចែង​ហិរញ្ញវត្ថុ និង​ធ្វើ​ឲ្យ​សុបិន​លោក​អ្នក​ក្លាយ​ជា​ការ​ពិត ។
  2. ប័ណ្ណឥណពន្ធ​ម៉ាស្ទ័រកាត​អេស៊ីលីដា អាច​ប្រើ​ប្រាស់​ក្នុង​ការ​ទូទាត់​បាន​គ្រប់​ពេល​តាម​រយៈ​សាច់​ប្រាក់​ក្នុង​គណនី ងាយ​ស្រួល​ប្រើប្រាស់​ដោយ​អតិថិជន​មិន​ចាំ​បាច់​យក​សាច់​ប្រាក់​ច្រើន​តាម​ខ្លួន និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ទូទាត់ ថ្លៃ​ទំនិញ-សេវាកម្ម ពាស​ពេញ​ពិភពលោក ។

បណ្ឌិត អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា លើស​ពី​នេះ​ទៅ​ទៀត ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា នឹង​ផ្តល់​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​ថែម​ទៀត​ចំពោះ​ប្រតិបត្តិការ​អាជីវកម្ម និង​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ជួយ​កាត់​បន្ថយ​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​ទាក់ទង​នឹង​ការ​ដាក់​សាច់ប្រាក់​តាម​ខ្លួន និង​អាច​ប្រើ​ប្រាស់​ប័ណ្ណ​នេះ​បាន​ទូទាំង​សកលលោក ។ លោក​ក៏​បាន​បង្ហាញ​ជូន​អំពី​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចេញ​ប័ណ្ណឥណពន្ធ​ផង​ដែរ​ថា មាន​ធនាគារ​ពាណិជ្ជ​ចំនួន ២៥ ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​ទាំង ៤៧ បាន​បោះពុម្ព​ប័ណ្ណឥណពន្ធ​ចំនួន ១.៤៣៩.៨៨៧ ប័ណ្ណ ដែល​ក្នុង​នោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បោះពុម្ព​ប័ណ្ណឥណពន្ធ​ចំនួន ៨៤១.១៩៣ ប័ណ្ណ ដែល​ស្មើ​នឹង ៥៨,៤២% នៃ​វិស័យ​ធនាគារ​ទាំងមូល ។ ជា​មួយ​គ្នា​នេះ​ដែរ ដោយ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​នាយកដ្ឋាន​ត្រួត​ពិនិត្យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រចាំ​ឆ្នាំ២០១៥ មាន​ធនាគារ​ពាណិជ្ជ​ចំនួន ១១ បាន​បោះពុម្ព​ប័ណ្ណឥណទាន​ចំនួន ៣៩.៨៣៦ ប័ណ្ណ ហើយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បោះពុម្ព​ប័ណ្ណឥណទាន​ចំនួន ១០.៤៨៦ ប័ណ្ណ ស្មើនឹង ២៦,៣២% ។ លើស​ពី​នេះ​ទៅ​ទៀត ជា​មួយ​នឹង​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់ ជា​ផ្លូវ​ការ​នូវ​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា នា​ថ្ងៃ​នេះ នឹង​ជម្រុញ​ការ​ប្រើ​ប្រាស់​ទាំង​ប័ណ្ណឥណទាន និង​ប័ណ្ណឥណពន្ធ ឲ្យ​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធនាគារ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ហើយ​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សារ​ភ្ជាប់​ការ​ប្រើ​ប្រាស់​របស់​ប្រជាជន​កម្ពុជា​ទៅ​នឹង​ការ​ទូទាត់​លក្ខណៈ​ជា​សកល​ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ និង​ជឿជាក់​ទៅ​លើ​ការ​ប្រើ​ប្រាស់​ប្រតិបត្តិការ​អាជីវកម្ម និង​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ ។

លោក អាន វ៉ូហ្គែល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ម៉ាស្ទ័រកាត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​របស់​យើង​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​នាំ​មុខ​គេ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ប័ណ្ណឥណទាន និង​ប័ណ្ណឥណពន្ធ​ទាំង​ពីរ​នេះ កំណត់​នូវ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​មួយ សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សង្គម​ដែល​ពុំ​ប្រើ​ក្រដាស​ប្រាក់​ក្នុង​ការ​ទូទាត់ (CASHLESS SOCIETY) ។ ឥឡូវ​នេះ អតិថិជន​រាប់​ពាន់​នាក់​នឹង​ទទួល​បាន​នូវ​បទពិសោធន៍ និង​អត្ថប្រយោជន៍​តាម​រយៈ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ប្រកប​ដោយ​សុវត្ថិភាព និង​ភាព​ងាយ​ស្រួល ។ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ យើង​សង្ឃឹម​ថាវា​នឹង​ជម្រុញ​ការ​ប្រើ​ប្រាស់ ហើយ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​មាន​ការ​កើន​ឡើង និង​ភាព​កាន់​តែ​ប្រសើរ​ឡើង សម្រាប់​បរិយាប័ន្ន​ហិរញ្ញវត្ថុ (FINANCIAL INCLUSION) នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ។

ព័ត៌មាន​អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

នៅ​បំណាច់​ខែធ្នូ ឆ្នាំ២០១៥ មាន​ធនាគារ​ពាណិជ្ជ​ចំនួន១១ ក្នុង​វិស័យ​ធនាគារ បាន​បោះពុម្ព​ប័ណ្ណឥណទាន​ចំនួន ៣៩.៨៣៦ ប័ណ្ណ ហើយ​ក្នុង​ចំណោម​នោះ​មាន​ប័ណ្ណឥណទាន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១០.៤៨៦ ប័ណ្ណ ស្មើ​នឹង ២៦,៣២% នៃ​ចំណែក​ទីផ្សារ ខណៈ​ដែរ​ធនាគារ​ពាណិជ្ជ​ចំនួន ២៥ បាន​បោះពុម្ព​ប័ណ្ណឥណពន្ធ​ចំនួន ១.៤៣៩.៨៨៧ ប័ណ្ណ ដែល​ក្នុង​នោះ ប័ណ្ណឥណពន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ចំនួន ៨៤១.១៩៣ ប័ណ្ណ ស្មើ​នឹង ៥៨,៤២% នៃ​ចំណែក​ទីផ្សារ ។ បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ឲ្យ​មាន​អារ្យភាវូបនីយកម្ម​ទាន់​សម័យ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ អស់​រយៈពេល​ជាង ២៣ឆ្នាំ​មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​រហូត ២៥៨សាខា ទូទាំង​ព្រះរាជាណាចក្រកម្ពុជា និង ៤១ការិយាល័យ នៅ​ប្រទេសឡាវ និង ៦ការិយាល័យ​នៅ​ប្រទេសមីយ៉ាន់ម៉ា មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង៤.១៩៦ លានដុល្លារអាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ២.៦២១ លាន ដុល្លារអាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ២.៨៨៨ លានដុល្លារ​អាមេរិក គិត​ត្រឹម​ខែឧសភា ឆ្នាំ២០១៦ នេះ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថានប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។

ព័ត៌មាន​អំពី​ក្រុមហ៊ុន​ម៉ាស្ទ័រកាត

ក្រុមហ៊ុន​ម៉ាស្ទ័រកាត បាន​ចុះ​បញ្ជី​លេខ (NYSE: MA), www.mastercard.com ជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​មួយ​ក្នុង​ឧស្សាហកម្ម​ការ​ទូទាត់​ជា​សកល ។ ក្រុមហ៊ុន​មាស្ទ័រកាត ធ្វើ​ប្រតិបត្តិការ​ជា​បណ្តាញ​ទូទាត់​ដ៏​ឆាប់​រហ័ស​លំដាប់​ពិភពលោក ដែល​ភ្ជាប់ ការ​ប្រើ​ប្រាស់​បាន​គ្រប់​ទីកន្លែង ដូច​ជា​បណ្តាល​ស្ថាប័ន​ហិរញ្ញវត្ថុ ពាណិជ្ជករ រាជរដ្ឋាភិបាល និង​ធុរៈកិច្ច​ជា​ច្រើន​ក្នុង​បណ្តាល ប្រទេស​ជាង ២១០ ប្រទេស ។ ផលិតផល និង​ដំណោះស្រាយ​របស់​ម៉ាស័្ទរកាត ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​មាន​ដំណើរការ​ជា​ប្រចាំ​ថ្ងៃ ដូច​ជា ការ​ទូទាត់​ថ្លៃទំនិញ-​សេវាកម្ម ការ​ធ្វើ​ដំណើរ​ទេសចរណ៍ ការ​ធ្វើ​អាជីវកម្ម និង​ការ​ចាត់​ចែង​ហិរញ្ញវត្ថុ ដោយ​ភាព​ងាយ​ស្រួល ព្រម​ទាំង​ផ្តល់​នូវ​សុវត្ថិភាព និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ទាំងអស់ ។ ព័ត៌មាន​បន្ថែម​សូមទស្សនា Twitter @MasterCardAP និង @MasterCardNews, ចូល​រួម​កិច្ច​ពិភាក្សា​ក្នុង Beyond the Transaction Blog និង subscribe សម្រាប់​តាម​ដាន​ព័ត៌មាន​ចុង​ក្រោយ​តាមរយៈ Engagement Bureau ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ

បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជា​គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖ phonnary@acledabank.com.kh

លោក ធុយ ត្រាន
ប្រធាន​ទីផ្សារ និង​គ្រប់គ្រង​គណនេយ្យ នៃ​ក្រុមហ៊ុន​ម៉ាស្ទ័រកាត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក
អ៊ីម៉ែល ៖ Thuy_Tran@mastercard.com

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៥៩៩ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖