navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextការដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់រហ័ស
ការដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់រហ័ស
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ - ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន១៣ បានដាក់ឱ្យដំណើរការជាផ្លូវការ "សេវាទូទាត់រហ័ស" ដែលជាសេវាថ្មីមួយអាចឱ្យអតិថិជនទទួលបានមូលនិធិភ្លាមៗដែលឆ្លើយតបទៅនឹងតម្រូវការសាច់ប្រាក់បានទាន់ពេលវេលា ។
គោលបំណងនៃការដាក់ឱ្យដំណើរការ "សេវាទូទាត់រហ័ស" គឺដើម្បីផ្តល់មធ្យោបាយបន្ថែមទៀតសម្រាប់គ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំងអស់អនុវត្តប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់សងប្រាក់ជាប្រាក់រៀល ឆ្លងគ្រឹះស្ថានសម្រាប់អតិថិជនរបស់ខ្លួននៅគ្រប់ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា ប្រកបដោយភាពរហ័ស សុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់ និងអាចជឿទុកចិត្តបាន ។ ម្យ៉ាងវិញទៀត សេវានេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ បង្កើនតម្លាភាពតាមរយៈការទូទាត់ជាអេឡិចត្រូនិក កាត់បន្ថយចរាចរសាច់ប្រាក់នៅលើទីផ្សារ បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងជាពិសេសលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ ។
បច្ចុប្បន្ន អតិថិជនអាចប្រើប្រាស់សេវានេះនៅទូទាំងប្រទេសកម្ពុជាតាមគ្រឹះស្ថានធនាគារអេស៊ីលីដា កម្ពុជាសាធារណៈ កាណាឌីយ៉ា វឌ្ឍនៈអាស៊ីចំកាត់ (អេ ប៊ី អេ) វិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ហ្វីលីព ស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ អង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា (អេ អឹម ខេ) វីសិនហ្វាន់ ប្រាសាក់ អម្រឹត ក្រេឌីត និងហត្ថាកសិករ ។ សេវានេះនឹងអាចឱ្យអតិថិជនប្រើប្រាស់បានកាន់តែទូលំទូលាយនាពេលឆាប់ៗខាងមុខនៅតាមគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផ្សេងៗទៀតដែលបាននិងកំពុងដាក់ពាក្យចូលជាសមាជិកជាបន្តបន្ទាប់ ។
អំពីធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា គឺជាធនាគារកណ្តាលរបស់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុនិងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជាគឺកំណត់និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សានូវស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
លោក ជា ដារ៉ា
ទូរស័ព្ទ ៖ ០២៣ ៧២២ ៥៦៣
អ៊ីមែល ៖ psd@nbc.org.kh