navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាជីវកម្មវិនិយោគឯកជនក្រៅប្រទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (OPIC) និងធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងគាំទ្រហិរញ្ញប្បទាននៅប្រទេសកម្ពុជា
សាជីវកម្មវិនិយោគឯកជនក្រៅប្រទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (OPIC) និងធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងគាំទ្រហិរញ្ញប្បទាននៅប្រទេសកម្ពុជា
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦
រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសជាផ្លូវការនៅថ្ងៃនេះថា សាជីវកម្មវិនិយោគឯកជនក្រៅប្រទេស ហៅកាត់ថា OPIC ជាស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១២៥.០០០.០០០ ដុល្លារអាមេរិក (មួយរយម្ភៃប្រាំលានដុល្លារអាមេរិកគត់) ដើម្បីគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម (MSMEs) ។ ហិរញ្ញប្បទាននេះ ជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច ឱកាសការងារ ផលិតផល និងសេវាកម្មក្នុងវិស័យឯកជននៅប្រទេសកម្ពុជា ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "ការទទួលបានហិរញ្ញប្បទានរយៈពេលវែងពី OPIC ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីពង្រីកលទ្ធភាពផ្តល់កម្ចីទៅសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅទូទាំងប្រទេសកម្ពុជា ដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ចាប់ផ្តើម និងពង្រីកធុរៈកិច្ច ព្រមទាំងបង្កើនចំណូល ។ លើសពីនេះទៅទៀត ហិរញ្ញប្បទានរបស់ OPIC រួមចំណែកបង្កើនប្រភពទុនយុទ្ធសាស្ត្ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា" ។
អ្នកនាង អីលីហ្សាបេត អែល. លីថលហ្វីល ប្រធាននាយិកាប្រតិបត្តិ របស់ OPIC បានមានប្រសាសន៍ថា "ស្ថាប័នយើងខ្ញុំមានក្តីសោមនស្សរីករាយដែលបានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ។ អ្នកនាងបន្តទៀតថា ហិរញ្ញប្បទានរបស់ OPIC នឹងផ្តល់លទ្ធភាពដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម បន្ថែមទៀត ដើម្បីអភិវឌ្ឍធុរៈកិច្ចចីរភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើឲ្យជីវភាពរស់នៅ និងការធ្វើធុរៈកិច្ចរបស់ពលរដ្ឋកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង" ។
ព័ត៌មានអំពីសាជីវកម្មវិនិយោគឯកជនក្រៅប្រទេស (OPIC)
OPIC ជាស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ ស្ថាប័ននេះ ធ្វើសញ្ជ័យមូលធនឯកជន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍសំខាន់ៗ ឆ្លើយតបទៅនឹងអាទិភាពសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិក ។ ដោយ OPIC វិនិយោគជាមួយវិស័យឯកជនសហរដ្ឋអាមេរិក OPIC ជម្រុញឲ្យធុរៈកិច្ចរបស់សហរដ្ឋអាមេរិក បោះជំហ៊ានទៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍន៏ មានចំណូលខ្ពស់ ផ្តល់ឧកាសការងារ ទាំងក្នុងនិងក្រៅប្រទេស ។ OPIC សម្រេចបេសកកម្មតាមរយៈការផ្តល់ហិរញ្ញប្បទានដល់វិនិយោគិន ផ្តល់ការធានាហានិភ័យនយោបាយ និងគាំទ្រមូលនិធិវិនិយោគឯកជន នៅពេលដែលមូលនិធិពាណិជ្ជកម្ម មិនអាចរកបានពីប្រភពផ្សេង ។ OPIC ត្រូវបានបង្កើតឡើងជាទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧១ ធ្វើប្រតិបត្តិការស្វ័យនិរន្តភាព ដោយមិនពឹងផ្អែកលើចំណាយពន្ធរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ។ រាល់គម្រោងហិរញ្ញប្បទានរបស់ OPIC គោរពយ៉ាងខ្ជាប់ខ្ជួន តាមបទដ្ឋានបរិស្ថាននិងសង្គម និងសិទ្ធិមនុស្ស រួមទាំងសិទ្ធិពលករ ។ កំណត់ដោយអាណត្តិដែលមានបទដ្ឋានខ្ពស់ OPIC មានគោលបំណងលើកតម្កើងបទដ្ឋានឧស្សាហកម្ម នៅតាមតំបន់នៃប្រទេសនានា ដែល OPIC ផ្តល់ហិរញ្ញប្បទាន ។ សេវាកម្មផ្តល់ហិរញ្ញប្បទានរបស់ OPIC សម្រាប់សហគ្រាសថ្មី ឬការពង្រីកធុរៈកិច្ចក្នុងប្រទេសជាង ១៦០ប្រទេស នៅទូទាំងពិភពលោក ។
ព័ត៌មានអំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ អស់រយៈពេលជាង ២៤ឆ្នាំ ។ ការបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូត ២៥៨សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ការិយាល័យ នៅប្រទេសឡាវ និង ៦ការិយាល័យ នៅប្រទេសមីយ៉ាន់ម៉ា មានទ្រព្យសកម្មសរុបចំនួនជាង ៤,៣៤ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ២.៧២២ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣.០៨៥ លានដុល្លារអាមេរិក គិតត្រឹមខែកក្កដា ឆ្នាំ២០១៦ នេះ ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងអេស៊ីលីដា ប្រូភើធី អិលធីឌី និងមានការិយាល័យតំណាងមួយនៅប្រទេសមីយ៉ាន់ម៉ា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh
សាជីវកម្មវិនិយោគឯកជនក្រៅប្រទេស OPIC
សិនដ្រា នីដ្យវិគី
លេខាធិការ
អ៊ីម៉ែល: sandra.niedzwiecki@opic.gov