navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងជាមួយនឹង OPIC, Goldman Sachs 10,000 Women, IFC ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូច និងខ្នាតមធ្យមរបស់ស្ត្រី ក្នុងប្រទេសកម្ពុជា
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងជាមួយនឹង OPIC, Goldman Sachs 10,000 Women, IFC ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូច និងខ្នាតមធ្យមរបស់ស្ត្រី ក្នុងប្រទេសកម្ពុជា
ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦
ដំណើរការស្ថាប័នហិរញ្ញវត្ថុមួយ គឺជាបញ្ហាប្រឈមមុខមួយរបស់ស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ។ នៅក្នុងប្រទេសកម្ពុជា មានសហគ្រាសខ្នាតតូច និងខ្នាតមធ្យម ៤១ភាគរយគ្រប់គ្រងដោយស្ត្រី ហើយភាគច្រើននៃសហគ្រាសទាំងនោះពុំទាន់បានទទួលឥណទានពីស្ថាប័នហិរញ្ញវត្ថុនៅឡើយ
សហគ្រាសខ្នាតតូច និងខ្នាតមធ្យមរបស់ស្ត្រីនៅក្នុងតំបន់អាស៊ីបូព៌ាដែលមានតម្រូវការហិរញ្ញវត្ថុហើយគ្មានដំណោះស្រាយ ក្នុងមួយឆ្នាំប្រហែល ៦៧ពាន់លាន់ដុល្លារអាមេរិក
សាជីវកម្មវិនិយោគឯកជនក្រៅប្រទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (OPIC), Goldman Sachs 10,000 Women, និងកម្មវិធីវិស័យធនាគារសម្រាប់ស្ត្រីរបស់ IFC (សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ) បានចុះកិច្ចព្រមព្រៀងជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូច និងខ្នាតមធ្យមរបស់ស្ត្រីក្នុងប្រទេសកម្ពុជា ។
OPIC នឹងផ្តល់ឥណទាន ៣០លានដុល្លារអាមេរិក ដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីគាំទ្រដល់សហគ្រិនដែលជាស្ត្រី ដោយសហការជាមួយនឹង Goldman Sachs 10,000 Women និង IFC ដើម្បីបង្កើនដើមទុនសម្រាប់ផ្តល់ដល់សហគ្រិនដែលជាស្ត្រីរហូតដល់ ១០០.០០០នាក់ ។ រហូតមកដល់បច្ចុប្បន្ន OPIC បានផ្តល់ឥណទានប្រភេទនេះមានចំនួនប្រហែលជា ៦០០លានដុល្លារអាមេរិក ដែលបានផ្តល់ដល់ស្ថាប័នហិរញ្ញវត្ថុនៅក្នុង ១៧ប្រទេសជុំវិញពិភពលោក តាមរយៈដៃគូសហការជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន ។
នៅក្នុងប្រទេសកម្ពុជា មានសហគ្រាសខ្នាតតូច និងខ្នាតមធ្យម ៤១ភាគរយគ្រប់គ្រងដោយស្ត្រី ហើយភាគច្រើននៃសហគ្រាសទាំងនោះមិនទាន់បានប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុនៅឡើយទេ ។ តាមការស្រាវជ្រាវសេដ្ឋកិច្ចបង្ហាញថា ការវិនិយោគជាមួយអាជីវករជាស្ត្រី និងការបង្កើនការងារសម្រាប់ស្ត្រី អាចបង្កើតចំណូលធំ ។ ទោះជាយ៉ាងនេះក៏ដោយ ការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍ គឺនៅមានកម្រិត ជាពិសេសនៅក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ដែលសហគ្រាសខ្នាតតូច និងខ្នាតមធ្យមរបស់ស្ត្រីមិនទាន់បានទទួលហិរញ្ញប្បទាន ដែលក្នុងមួយឆ្នាំប្រហែល ៦៧ពាន់លានដុល្លារអាមេរិក ។
លោកស្រី Elizabeth L. Littlefield ប្រធាននាយិកាប្រតិបត្តិរបស់ OPIC បានមានប្រសាសន៍ថា ឧបសគ្គទីមួយរបស់សហគ្រិនដែលជាស្ត្រី និងអាជីវកម្មខ្នាតតូច គឺមិនអាចទទួលបានដើមទុនគ្រប់គ្រាន់សម្រាប់អាជីវកម្មរបស់ពួកគាត់ ។ នៅពេលដែលពួកគាត់ចាប់ផ្តើមមុខជំនួញថ្មីមួយ ឬការរក្សាឱ្យមុខជំនួញរបស់ពួកគាត់ដំណើរការ ឬក៏ការពង្រីកមុខរបរក្តី គឺពួកគាត់បង្ខំចិត្តធ្វើការជាច្រើនដោយគ្មានដើមទុនគ្រប់គ្រាន់ ហើយពេលខ្លះពួកគាត់ក៏សម្រេចចិត្តមិនធ្វើអាជីវកម្មតែម្តង ។ លោកស្រីបានបន្តទៀតថា ខ្ញុំមានមោទនភាពខ្លាំងដែលបានសហការជាមួយ Goldman Sachs 10,000 Women, IFC និងធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការផ្តល់ធនធានសម្រាប់គាំទ្រដល់ស្ត្រីដែលជាសហគ្រិននៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំសង្ឃឹមថាឥណទាននេះនឹងជួយជំរុញឱ្យស្ត្រីអាចបង្កើត និងពង្រីកអាជីវកម្មរបស់ពួកគាត់បន្ថែមទៀត ។
លោកស្រី Dina Habib Powell ប្រធានគ្រប់គ្រងផលប៉ះពាល់វិនិយោគធុរៈកិច្ចរបស់ Goldman Sachs និងជានាយិកាប្រតិបត្តិមូលនិធិ Goldman Sachs ហើយក៏ជាអ្នកគ្រប់គ្រងគំនិតផ្តួចផ្តើមកម្មវិធី 10,000 Women បានមានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់ Goldman Sachs បង្ហាញថា គម្លាតឥណទានយ៉ាងជិតសម្រាប់សហគ្រិនខ្នាតតូច និងខ្នាតមធ្យមដែលជាស្ត្រី នៅក្នុងទីផ្សារកំពុងរីកចម្រើន អាចជម្រុញកំណើនប្រាក់ចំណូលក្នុងមួយនាក់ជាមធ្យមខ្ពស់ជាង ១២% នៅក្នុងឆ្នាំ២០៣០ ។ សហគ្រិនដែលជាស្ត្រីមានសក្តានុពលយ៉ាងពិតប្រាកដ ក្នុងការធ្វើឱ្យប្រទេសកម្ពុជាមានកំណើននាពេលអនាគត ។ លោកស្រីបានបន្តទៀតថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានឃើញផលប៉ះពាល់នេះនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក តាមរយៈគំនិតផ្តួចផ្តើមរបស់ Goldman Sachs 10,000 Women និងដៃគូវិនិយោគរបស់យើងជាមួយនឹង IFC ។
លោក Marcos Brujis នាយកសម្ព័ន្ធស្ថាប័នហិរញ្ញវត្ថុសកលរបស់ IFC បានមានប្រសាសន៍ថា IFC ស្វាគមន៍និងរីករាយសម្រាប់ការប្តេជ្ញាចិត្តថ្មីនេះ ដែលនឹងជួយបំពេញការខ្វះខាតផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនដែលជាស្ត្រីនៅក្នុងប្រទេសកម្ពុជា ។ ការសហការចាប់ដៃគូនេះ គឺជាការចូលរួមយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលយើងអាចកែប្រែបានយ៉ាងខ្លាំង ។ លោកបានបន្តទៀតថា ការផ្តល់សេវាហិរញ្ញវត្ថុដល់ស្ត្រី ជាកត្តាចម្បងដែលធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន ហើយកម្មវិធីវិស័យធនាគារសម្រាប់ស្ត្រីរបស់ IFC គឺផ្តោតលើការទទួលបានចំណូល និងធ្វើឱ្យអាជីវកម្មដំណើរការប្រកបដោយនិរន្តរភាព ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាននិងកំពុងផ្តល់ឥណទានដល់អតិថិជន ចំនួន ៤៣៩.៥៤៤នាក់ ដែលក្នុងនោះមានអតិថិជនដែលជាស្ត្រីចំនួន ៥០,២៨% ។ ចំណុចដែលល្អបំផុតរបស់ស្ត្រី គឺពួកគាត់បានផ្សារភ្ជាប់នឹងជំនាញអាជីវកម្ម និងទេពកោសល្យគ្រប់គ្រងហិរញ្ញវត្ថុទាំងនៅក្នុងគ្រួសារ និងមុខជំនួញនានា ។ ចំណុចទាំងនេះនឹងជួយឱ្យពួកគាត់អាចគ្រប់គ្រងមុខជំនួញយ៉ាងមានប្រសិទ្ធភាព ដូចនឹងសហគ្រិនដែលជោគជ័យដទៃទៀតដែរ ។ ពួកគាត់បាននិងកំពុងប្រឈមមុខជាមួយបញ្ហាបន្តិចបន្តួចក្នុងការទទួលបានហិរញ្ញវត្ថុ ហើយឧបសគ្គដែលជាទម្លាប់ទាំងនេះ អាចនឹងបង្កើតជារនាំបន្ថែមសម្រាប់សហគ្រិនដែលជាស្ត្រី ជាងសហគ្រិនដទៃទៀត ។ OPIC, Goldman Sachs 10,000 Women, និង IFC បានសហការគ្នាជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារដែលមានបណ្តាញប្រតិបត្តិការធំជាងគេនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុដល់សហគ្រិនដែលជាស្ត្រីនៅក្នុងប្រទេសកម្ពុជា ។
ឥណទាននេះនឹងប្រើសម្រាប់ផ្តល់ដល់អាជីវករជាស្ត្រី ដែលត្រូវការឥណទានសម្រាប់ធ្វើជាទុនបង្វិល សម្រាប់បង្កើនដើមទុន និងឧបករណ៍សម្ភារផ្សេងៗ ។ គម្រោងនេះនឹងផ្តល់អានុភាពដល់ Goldman Sachs 10,000 Women និងកម្មវិធីវិស័យធនាគារសម្រាប់ស្ត្រីរបស់ IFC ដើម្បីអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ឥណទានដល់សហគ្រិនជាស្ត្រី ដែលពុំទាន់ទទួលបានហិរញ្ញវត្ថុ ។
ព័ត៌មានអំពី OPIC
OPIC ជាស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ ស្ថាប័ននេះធ្វើសញ្ជ័យមូលធនឯកជន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍសំខាន់ៗ ឆ្លើយតបទៅនឹងអាទិភាពសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិក ។ ដោយ OPIC វិនិយោគជាមួយវិស័យឯកជនសហរដ្ឋអាមេរិក OPIC ជម្រុញឲ្យធុរៈកិច្ចរបស់សហរដ្ឋអាមេរិក បោះជំហ៊ានទៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍ មានចំណូលខ្ពស់ ផ្តល់ឧកាសការងារទាំងក្នុងនិងក្រៅប្រទេស ។ OPIC សម្រេចបេសកកម្មតាមរយៈការផ្តល់ហិរញ្ញប្បទានដល់វិនិយោគិន ផ្តល់ការធានាហានិភ័យនយោបាយ និងគាំទ្រមូលនិធិវិនិយោគឯកជន នៅពេលដែលមូលនិធិពាណិជ្ជកម្ម មិនអាចរកបានពីប្រភពផ្សេង ។ OPIC ត្រូវបានបង្កើតឡើងជាទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧១ ធ្វើប្រតិបត្តិការស្វ័យនិរន្តភាព ដោយមិនពឹងផ្អែកលើចំណាយពន្ធរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ។ រាល់គម្រោងហិរញ្ញប្បទានរបស់ OPIC គោរពយ៉ាងខ្ជាប់ខ្ជួន តាមបទដ្ឋានបរិស្ថាននិងសង្គម និងសិទ្ធិមនុស្ស រួមទាំងសិទ្ធិពលករ ។ កំណត់ដោយអាណត្តិដែលមានបទដ្ឋានខ្ពស់ OPIC មានគោលបំណងលើកតម្កើងបទដ្ឋានឧស្សាហកម្ម នៅតាមតំបន់នៃប្រទេសនានា ដែល OPIC ផ្តល់ហិរញ្ញប្បទាន ។ សេវាកម្មផ្តល់ហិរញ្ញប្បទានរបស់ OPIC សម្រាប់សហគ្រាសថ្មី ឬការពង្រីកធុរៈកិច្ចក្នុងប្រទេសជាង ១៦០ប្រទេស នៅទូទាំងពិភពលោក ។
ព័ត៌មានអំពី IFC
IFC ជាសមាជិករបស់សម្ព័ន្ធធនាគារពិភពលោក និងជាស្ថាប័នអភិវឌ្ឍសកលដ៏ធំបំផុត ដោយយកចិត្តទុកដាក់បំផុតលើវិស័យឯកជននៅក្នុងប្រទេសកំពុងអភិវឌ្ឍ ។ IFC កំពុងសហការជាមួយ ២.០០០ស្ថាប័ន ទូទាំងពិភពលោក ដោយប្រើបទពិសោធន៍រយៈពេល ៦ទសវត្សរ៍របស់ខ្លួន ដើម្បីបង្កើតឱកាសវិនិយោគនៅក្នុងប្រទេសដែលមានតម្រូវការខ្លាំង ។ ក្នុងឆ្នាំ២០១៦ ទុនសម្រាប់ការវិនិយោគរយៈពេលវែងរបស់ IFC នៅក្នុងប្រទេសកំពុងអភិវឌ្ឍ បានកើនដល់ជិត ១៩ពាន់លានដុល្លារ ។ ការបង្កើនទុនវិនិយោគ បទពិសោធន៍ និងអនុភាព ដើម្បីជួយដល់វិស័យឯកជនឱ្យមានភាពរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ ។
ព័ត៌មានអំពី Goldman Sachs 10,000 Women
Goldman Sachs គំនិតផ្តួចផ្តើមកម្មវិធី 10,000 Women គឺជាការខិតខំប្រឹងប្រែងមួយដើម្បីជួយដល់កំណើនសេដ្ឋកិច្ច ដោយផ្តល់ដល់សហគ្រិនដែលជាស្ត្រីនៅជុំវិញពិភពលោក ទាក់ទងនឹងវិស័យអប់រំ និងតម្រូវការដើមទុនសម្រាប់បង្កើតមុខរបរ ។ គំនិតផ្តួចផ្តើមនេះបានផ្តល់ដល់ស្ត្រីនៅក្នុង ៥៦ប្រទេស តាមរយៈស្ថាប័នសិក្សាចំនួន ១០០ស្ថាប័ន ព្រមទាំងស្ថាប័នដៃគូដែលមិនរកប្រាក់ចំណេញ និងធនាគារជាច្រើនទៀត ។ ភាពជាដៃគូជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធ្វើឱ្យ Goldman Sachs 10,000 Women បានដំណើរការកម្មវិធីហិរញ្ញវត្ថុសកលលើកដំបូងដែលពុំធ្លាប់មាន នៅក្នុងឆ្នាំ២០១៤ ដែលអាចផ្តល់ដល់សហគ្រិនដែលជាស្ត្រីចំនួន ១០០.០០០នាក់ ទទួលបានដើមទុនសម្រាប់ប្រកបមុខរបរ ។
ព័ត៌មានអំពី ធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ អស់រយៈពេលជាង ២៤ឆ្នាំ ។ ការបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូត ២៥៨សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ការិយាល័យនៅប្រទេសឡាវ និង ៦ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា មានទ្រព្យសកម្មសរុបចំនួនជាង ៤,៤៨ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ២.៧៧០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣.០៧០ លានដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ នេះ ។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី និងមានការិយាល័យតំណាងមួយនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។