www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​ការិយាល័យ​ថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​ប៉ៃលិន

ពិធី​សម្ពោធ​ការិយាល័យ​ថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​ប៉ៃលិន

ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ​២០១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​ប៉ៃលិន
ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​ប៉ៃលិន

នា​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៦ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ដ​ប៉ៃលិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវលេខ៥៧ ភូមិវត្ត សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​យ៉ាង​ខ្ពង់​ខ្ពស់​ពី​សំណាក់​ឯកឧត្ដម កើត សុធា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ដ​ប៉ៃលិន មន្ត្រី​អម​សាលា​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​ក្រុម​ប្រឹក្សា​ភិបាល ប្រធាន​នាយក​ប្រតិបត្តិ អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​គណៈ​ប្រធាន​នាយក-នាយិកា​ប្រតិបត្តិ នាយក-នាយិកា​ប្រតិបត្តិ​ នាយក-នាយិកា​​ការិយាល័យ និង​នាយក-នាយិកា​​​សាខា នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត ។

លោក ហែម វន្ថា នាយក ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០១៦ សាខា​ខេត្ដ​ប៉ៃលិន មាន​បុគ្គលិក​ចំនួន ៦៨នាក់ កំពុង​បម្រើ​ការងារ ដែល​ក្នុង​នោះ​បុគ្គលិក​នារី​មាន​ចំនួន ២៧នាក់ ស្មើ​នឹង ៤០ភាគរយ, ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន ១៥.៥៦១.៣១២ ដុល្លារ​សហរដ្ឋ​អាមេរិក, សមតុល្យ​ឥណទាន​មាន​ចំនួន ១៤.៦៤៣.១២២ ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​មាន​អតិថិជន​ខ្ចី​ប្រាក់​ចំនួន ២.៣៤១នាក់, សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​មាន​ចំនួន ៩.០៣៧.៧៨៥ ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​មាន​អតិថិជន​ចំនួន ៩.៥៧៥នាក់ បាន​នឹង​កំពុង​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​ប៉ៃលិន​នេះ និង​មាន​អតិថិជន​ជា​ច្រើន​ទៀត​បាន​នឹង​កំពុង​ប្រើ​ប្រាស់​សេវាកម្ម​ផ្សេងៗ​ទៀត រួមទាំង សេវា​អេស៊ីលីដា​យូនីធី, ប័ណ្ណ​វីសា, សេវា​អេស៊ីលីដា​អ៊ិនធើណែត និង​ប័ណ្ណ​ម៉ាស្ទ័រកាត ផង​ដែរ ។ យើង​ខ្ញុំ​មាន​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្ដិ (អេធីអឹម) ចំនួន​០១​គ្រឿង នៅ​សាខា​ខេត្ដ​ប៉ៃលិន សម្រាប់​បម្រើ​សេវា​ដក​ប្រាក់​ជូន​ដល់​អតិថិជន ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ០៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ តាម​រយៈ​ប័ណ្ណ​អេស៊ីលីដា ប័ណ្ណ​វីសា​អេស៊ីលីដា ប័ណ្ណ​ម៉ាស្ទ័រកាត​អេស៊ីលីដា និង​ប័ណ្ណ​របស់​ធនាគារ​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភព​លោក ។

គណៈអធិបតី​​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ​ថ្មី សាខា​ខេត្ត​ប៉ៃលិន
គណៈអធិបតី​​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ​ថ្មី សាខា​ខេត្ត​ប៉ៃលិន

លោក​បាន​បន្ថែម​ថា សាខា​ខេត្ដ​ប៉ៃលិន បាន​ប្ដូរ​ទីតាំង​មក​អគារ​ការិយាល័យ​ថ្មី​ដែល​បាន​សាង​សង់​ឡើង​តាម​ស្ដង់ដារ​ធនាគារ​ពាណិជ្ជ ។ អគារ​នេះ​មាន​កំពស់ ២ជាន់​កន្លះ និង​មាន​ផ្ទៃ​ក្រឡា​សម្រាប់​បំពេញ​ការងារ ទំហំ១.៥៧៥ម៉ែត្រ​ការ៉េ ក្នុង​នោះ​រួម​មាន​សាល​ដ៏​ធំ​មួយ​សម្រាប់​ទទួល​អតិថិជន​ទូទៅ​ទំហំ​ជាង ១៤៤ម៉ែត្រការ៉េ ។ អគារ​នេះ​អាច​ផ្ទុក​បុគ្គលិក​បម្រើ​ការងារ​បាន​រហូត​ដល់​ជាង ១៧០នាក់ ។ អគារ​នេះ​គឺ​សាង​សង់​តាម​បទដ្ឋាន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​លើ​ការ​រក្សា​សន្ដិសុខ កំណារ​ពារ​អគ្គីភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ការងារ ។ នេះ​ជា​ព្រឹត្ដិការណ៍​ដ៏​ពិសេស​មួយ នៅ​ក្នុង​ឆ្នាំ​នេះ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា ​ខេត្ដ​ប៉ៃលិន ដែល​បាន​បង្ហាញ​អំពី​ភាព​រឹងមាំ ជា​មួយ​ការអភិវឌ្ឍ​ឥត​ឈប់​ឈរ​ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់​តែ​លឿន រហ័ស​ទាន់​ចិត្ដ ជឿ​ជាក់​បាន និង​មាន​សុវត្ថិភាព​ខ្ពស់ ស្រប​តាម​តម្រូវការ​របស់​អតិថិជន​នៅ​ក្នុង​ខេត្ដ​ប៉ៃលិន​ទាំង​មូល ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈ​សំខាន់​នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ការ​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត និង​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន គឺ​ជា​គោល​ដៅ​ដ៏​ចម្បង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ដូច្នេះ​ហើយ​ទើប​បង្កើត​ឱ្យ​មាន​អារ្យភាវូបនីយកម្ម​ទាន់​សម័យ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ អស់​រយៈ​ពេល​ជាង ២៣ឆ្នាំ​មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​រហូត​ដល់ ២៥៩សាខា និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ៥ រួម​មាន ៖ ធនាគារ អេស៊ីលីដា ឡាវ (មាន ៤១ ការិយាល័យ), អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី, និង​អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា (មាន ៦ ការិយាល័យ) ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​មួយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ជា​មួយ​នឹង​ទ្រព្យ​សកម្ម​សរុប​ចំនួន ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក គិត​មក​ត្រឹម​ខែកញ្ញា ឆ្នាំ២០១៦ នេះ ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​អគារ​ការិយាល័យ​ស្ដង់ដារ​បែប​នេះ ចំនួន ១៧៦ និង​កំពុង​សាង​សង់​បន្ថែម​ជា​បន្ដ​បន្ទាប់​មាន​ចំនួន ៥ ការិយាល័យ​បន្ត​ទៀត ដើម្បី​ទទួល​បម្រើ​អតិថិជន និង​បង្ក​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​អតិថិជន សម្រាប់​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​នានា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​ទ្រព្យ​សម្បត្ដិ​របស់​អតិថិជន ដែល​បាន​និង​កំពុង​ប្រើ​ប្រាស់​សេវា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រម​ទាំង​ផ្តល់​នូវ​ផាសុកភាព និង​សុវត្ថិភាព​ការងារ​ដល់​បុគ្គលិក ដែល​បាន​និង​កំពុង​បម្រើ​ការងារ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ចាប់​តាំង​ពី​បើក​ប្រតិបត្តិការ​ដំបូង​រហូត​ដល់​ឆ្នាំ២០១៦ និង​ឆ្នាំ​បន្ត​បន្ទាប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​តែ​បន្ត​អភិវឌ្ឍ​ជាប់​ជា​ប្រចាំ​នូវ​បណ្តាញ​អគារ​ការិយាល័យ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិច​ត្រូចនិក ស្រប​ទៅ​តាម​សភាវ​ពាណិជ្ជកម្ម និង​ផលិតផល-សេវាកម្ម​ហិរញ្ញវត្ថុ និង​ការវិវឌ្ឍ​នៃ​បច្ចេក​វិជ្ជា​ព័ត៌មាន​វិទ្យា​នៅ​ក្នុង​ពិភព​លោក ដើម្បី​បម្រើ​សេវាកម្ម​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ រហ័ស​ទាន់​ចិត្ត និង​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន ។ បច្ចុប្បន្ន​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​និង​កំពុង​អភិវឌ្ឍ សេវា​អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ថ្មី​មួយ​ទៀត ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។ សេវា​អេស៊ីលីដា​ទាន់​ចិត្ត គឺ​ជា​សេវា​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណជន​ទូទៅ ដែល​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ឬ​ធ្លាប់​ប្រើ​សេវា​ធនាគារ​ជា​មួយ​ធនាគារ​ផ្សេង និង​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ដោយ​ខ្លួន​ឯង តាម​រយៈ​ទូរស័ព្ទ​ចល័ត​ ។ ជា​ពិសេស​ការ​ទូទាត់​រវាង​អ្នក​ទិញ និង​អ្នក​លក់ (ម្ចាស់​ហាង) តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត (ACLEDA QR) មាន​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់ ។ ចំពោះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិច​ត្រូនិក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី រួម​មាន សេវា​អេស៊ីលីដា​យូនីធី ជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ និង​សេវា​អេស៊ីលីដា​អ៊ីនធើណែត ម៉ាស៊ីន​ដាក់​និង​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ (ATM) ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា និង​ប័ណ្ណ​អេឡិច​ត្រូនិក​គ្រប់​ប្រភេទ ដែល​ផ្តល់​ជម្រើស​ថ្មី​បន្ថែម​ទៀត​សម្រាប់​អតិថិជន​ដ៏​វៃ​ឆ្លាត អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​អ៊ីនធើណែត ម៉ាស៊ីន​អេធីអឹម និង​ម៉ាស៊ីន​ឆូត​កាត (POS) នៅ​គ្រប់​ទីកន្លែង​ជុំ​វិញ​ពិភព​លោក ។

បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា សម្តែងរបាំ​ក្ងោកប៉ៃលិន នៅ​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ​ថ្មី សាខា​ខេត្ត​ប៉ៃលិន
បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា សម្តែងរបាំ​ក្ងោកប៉ៃលិន នៅ​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ​ថ្មី សាខា​ខេត្ត​ប៉ៃលិន

លោក​បណ្ឌិត បាន​បន្ត​ទៀត​ថា ឱកាស​នេះ​ខ្ញុំ​បាទ​មាន​មោទន​ភាព​យ៉ាង​ខ្លាំង ចំពោះ​សំណង់​អគារ​ការិយាល័យ​នេះ ដែល​បាន​សាង​សង់​តាម​ស្ដង់ដារ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្រប​តាម​យុទ្ធសាស្ដ្រ​យូរ​អង្វែង​របស់​យើង ។ ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈ​សំខាន់​នេះ ខ្ញុំ​សូម​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​រាជរដ្ឋា​ភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ភាគហ៊ុនិក ក្រុម​ប្រឹក្សា​ភិបាល និង​កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​ទាំង ១២.២៨៥ នាក់ និង​អតិថិជន​ដ៏​វៃឆ្លាត​ជាង ២ លាន​នាក់ ដែល​តែង​តែ​ជួយ​គាំទ្រ​ទាំង​មធ្យោបាយ កំលាំង​កាយ កំលាំង​ចិត្ដ និង​សហការ​យ៉ាង​ពេញ​ទំហឹង​តាំង​ពី​ដើម​រៀង​មក ធ្វើ​ឱ្យ​ទ្រព្យ​សកម្ម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី កើន​ពី​ចំនួន ២២,៣ លាន​ដុល្លារ​អាមេរិក ក្នុង​ខែ​ធ្នូ ឆ្នាំ ២០០០ រហូត​ដល់​ចំនួន ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែ​កញ្ញា ឆ្នាំ២០១៦ ដោយ​រួម​បញ្ចូល​ទាំង​សមិទ្ធិផល​របស់​សាខា​ខេត្ដ​ប៉ៃលិន​ដូច​ដែល​លោក​នាយក​សាខា បាន​ជម្រាប​ជូន​ក្នុង​របាយការណ៍​មុន​នេះ ។ ជា​និច្ច​កាល ធនាគារ អេស៊ីលីដា ភីអិលស៊ី តែង​តែ​ស្តាប់ និង​ទទួល​យក​នូវ​សំណូមពរ និង​យោបល់​ល្អៗ​ពី​អតិថិជន​ដ៏​ឆ្លាត​វៃ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​បំពេញ​ចិត្ដ និង​តម្រូវការ​របស់​អតិថិជន ដោយ​បាន​បង្កើត​ផលិតផល និង​សេវា​កម្ម​សម្បូរ​បែប សម្រាប់​អតិថិជន​ជ្រើស​រើស និង​ប្រើ​ប្រាស់​តាម​សេចក្តី​ត្រូវ​ការ ។

ជា​មួយ​គ្នា​នេះ​ដែរ ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ដ​ប៉ៃលិន បាន​កត់​សម្គាល់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ឡើង​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជា​ពិសេស​ខេត្ត​ប៉ៃលិន កំពុង​មាន​ការ​រីក​ចម្រើន មាន​ស្ថិរភាព និង​មាន​កំណើន​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ការវិវឌ្ឍ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ប៉ៃលិន ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​រីក​ចម្រើន ភាព​រឹងមាំ និង​ថែម​ទាំង​បាន​បង្ហាញ​ពី​ការ​ចូល​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ។ ទាំង​នេះ​ជា​ភស្ដុតាង​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា សាខា​ខេត្តប៉ៃលិន បាន​កើត​ឡើង និង​រីក​ចម្រើន​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស ទាំង​ផ្នែក​ប្រតិបត្ដិការ និង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ ។ ក្នុង​រយៈពេល​កន្លង​ទៅ​សាខា​នេះ ពិត​ជា​បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ជំនួញ​នៅ​ក្នុង​ស្រុក​ទាំង​មូល ទទួល​បាន​នូវ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដែល​ជា​គន្លឹះ​ក្នុង​ការ​ចូល​រួម​បង្កើត​ឱ្យ​មាន​ការងារ ប្រភព​ចំណូល អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​មូល ៕

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩៨៩ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖