navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសព្ទសាធុការពរ ក្នុងបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ គ.ស.២០១៧ របស់ប្រធាននាយកប្រតិបត្តិ
សព្ទសាធុការពរ
ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ គ.ស.២០១៧
ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
គោរពជូន
ថ្នាក់ដឹកនាំ និងកម្មករនិយោជិត គ្រប់លំដាប់ គ្រប់តួនាទីទាំងអស់
ថ្នាក់ដឹកនាំ និងកម្មករនិយោជិត គ្រប់លំដាប់ គ្រប់តួនាទី ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុត!
ក្នុងឱកាស ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧ ខ្ញុំសូមសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ ឧត្ដុង្គឧត្ដមបំផុតចំពោះភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិតទាំងអស់ ដែលបានចូលរួមអនុវត្ដការងារទទួលបានលទ្ធផលល្អ តាមនាទីរៀងៗខ្លួន ប្រកបដោយគតិបណ្ឌិត ស្ថិតក្នុងក្រមសីលធម៌ និងវិជ្ជាជីវៈច្បាស់លាស់ ដែលធ្វើឲ្យផែនការអាជីវកម្ម ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងមូល ទទួលបាននូវជោគជ័យជាកុសល និងជាពិសេសសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល ដែលមានធនាគារជាតិនៃកម្ពុជា ជាអាណាព្យាបាល និងអតិថិជនជាទីគោរពទាំងអស់ ។
ស្របឱកាសនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បង្កើតបាននូវសមិទ្ធផលថ្មីៗទាន់សម័យ រួមមាន ៖ សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet), អគារមជ្ឈមណ្ឌលសុវត្ថិភាពប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មាន (DR-Site) និងអគារ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា កំពុងដំណើរការសាងសង់យ៉ាងសកម្ម មានលក្ខណៈធំទូលាយ និងប្រណីត ស្របតាមតម្រូវការ នឹងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងខែកក្កដា ឆ្នាំ២០១៧ និងខែកក្កដា ឆ្នាំ២០១៨ ជាបន្តបន្ទាប់ ។ គ្រប់សមិទ្ធផលទាំងនេះជាបច្ចក្ខសក្ខីភាព ដែលបញ្ជាក់ពីដំណើររីកចម្រើន ធំធាត់យ៉ាងឆាប់រហ័ស ទាំងផ្នែកប្រតិបត្ដិការ ផ្នែកហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិក និងផ្នែកប្រសិទ្ធភាពអាជីវកម្ម ដែលធ្វើឲ្យអតិថិជន សាធារណជនគ្រប់មជ្ឈដ្ឋាន ក្នុងសហគមន៍កាន់តែមានភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់លើធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានមហាជនទទួលស្គាល់ថាជា "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" តាមរយៈគុណភាពនៃការបម្រើសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយក្រមសីលធម៌ខ្ពស់ វិជ្ជាជីវៈច្បាស់លាស់ និងតែងតែផ្តល់ផលិតផល សេវាកម្មហិរញ្ញវត្ថុសម្បូរបែប ព្រមទាំងទំនើបទាន់សម័យ ដែលជាអត្ថប្រយោជន៍ជូនអតិថិជន ក្នុងការគ្រប់គ្រង ចាត់ចែងហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
មោទនភាព ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្រៅពីការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុតជូនអតិថិជន ធនាគារក៏បានរួមចំណែកក្នុងការថែរក្សាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ដែលជារៀងរាល់ឆ្នាំ ធនាគារតែងតែប្រារព្ធពិធី បុណ្យចូលឆ្នាំ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កម្មករនិយោជិតគ្រប់លំដាប់ គ្រប់នាទី និងសាមីក្រុមគ្រួសារ ដើម្បីទទួលនូវពរជ័យ សិរីមង្គល តាមរយៈព្រះសង្ឃសម្តែងព្រះបរិត្ត លើករាសី ព្រមទាំងរីករាយទាំងអស់គ្នា ជាមួយនឹងល្បែងប្រជាប្រិយ ជាមរតកវប្បធម៌ខ្មែរដ៏ល្អផូរផង់ និងទទួលទានអាហារមានឱជារស ប្រកបដោយអនាម័យល្អក្នុងពិធីជប់លៀងរួមគ្នា យ៉ាងសប្បាយរីករាយ ។
សូមវប្បធម៌ល្អរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គង់វង្ស ស្ថិតស្ថេរជាអមតៈ ដើម្បីជាប្រយោជន៍ក្នុងសង្គមតរៀងទៅ ។
សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះកម្មករនិយោជិត អតិថិជន និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ ដែលបានចូលរួមធ្វើឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានជោគជ័យជាកុសល ទាំងប្រាក់ចំណេញ ទាំងកេរ្តិ៍ឈ្មោះ កិត្តិយសល្បីល្បាញ ក្នុងប្រទេស ក្រៅប្រទេស ខ្ទរខ្ទារជាសកល ។
សូមទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ប្រទាននូវសព្ទសាធុការពរជ័យ ជូនភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ កម្មករនិយោជិតគ្រប់លំដាប់ គ្រប់នាទី ព្រមទាំងក្រុមគ្រួសារ អតិថិជន និងអាជ្ញាធរសមត្ថកិច្ច ទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត ចម្រើនរុងរឿង ជោគជ័យ សិរីមង្គល ជារៀងរហូត ។
សូមសម្រេចផលតាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ប្រកបដោយគុណភាព និងប្រសិទ្ធភាព ត្រចះត្រចង់ កុំបីឃ្លៀងឃ្លាតឡើយ ៕
"សូមឲ្យសម្រេចផល រាល់សេចក្ដីប្រាថ្នា"
ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧
ប្រធាននាយកប្រតិបត្តិ
បណ្ឌិត អ៊ិន ចាន់នី