navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នៅ ប្រទេសកម្ពុជា
ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នៅ ប្រទេសកម្ពុជា
ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩
ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត) និងក្រុមហ៊ុន JCB International Co., Ltd. (JCBI) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ JCB Co., Ltd. បានប្រកាសជាសាធារណៈស្តីអំពីពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នៅប្រទេសកម្ពុជា ។
ពិធីដាក់ឱ្យដំណើរការប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នេះ មានការចូលរូមពី បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងលោក Kimihisa Imada អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការរបស់ JCBI ។
ប័ណ្ណឥណពន្ធ អេស៊ីលីដា JCB ផ្តល់ជូនអតិថិជននូវមុខងារ ឌីជីថល ជាច្រើន ដែលអាចឱ្យអតិថិជនមានជម្រើសក្នុងការទូទាត់ប្រាក់ដុល្លារ និងប្រាក់រៀល អាស្រ័យលើប្រភេទប័ណ្ណ ។
អតិថិជនដែលជាម្ចាស់ប័ណ្ណឥណពន្ធ អេស៊ីលីដា JCB មិនត្រឹមតែអាចប្រើប្រាស់ប័ណ្ណនៅតាមបណ្តាញភ្នាក់ងារទូទាត់ JCB ប្រមាណ ៣០លានទីតាំងទូទាំងសកលលោកនោះទេ ថែមទាំងអាចធ្វើប្រតិបត្តិការ ដែល JCB បានផ្តល់សិទ្ធិ និងការបញ្ចុះតម្លៃនៅតាមភោជនីយដ្ឋាន និងបណ្តាហាងទំនិញនានា នៅក្នុងសកលោកទៀតផង ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ "ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន JCBI លំដាប់ពិភពលោកខាងផ្នែកសេវាកម្មទូទាត់មានគុណភាពខ្ពស់ លំដាប់អន្តរជាតិ មានទីតាំងនៅប្រទេសជប៉ុន បានជ្រើសរើសយកធានាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូយុទ្ធសាស្ត្រក្នុងការធ្វើសហប្រតិបត្តិការបម្រើសេវាកម្មទូទាត់ ។ តាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជន-សមាជិកប័ណ្ណ និងភ្នាក់ងារទូទាត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI អាចពង្រីកប្រតិបត្តិការទូទាត់ ជាសកលនៅតាមបណ្តាញធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ជាង ៣០លានទីតាំង និងទីតាំង សម្រាប់ការធ្វើប្រតិបត្តិការដកប្រាក់បុរេប្រទានជាង១លានកន្លែងនៅក្នុងសកលលោក ។ ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះគឺសមាជិកប័ណ្ណអេធីអឹមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចទទួលបានប័ណ្ណសហនិមិត្តសញ្ញារវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI តាមការស្នើសុំ (ប័ណ្ណសហនិមិត្តសញ្ញាអាចធ្វើប្រតិបត្តិការទូទាត់យ៉ាងសម្បូរបែប) ។ ម៉្យាងវិញទៀត ប័ណ្ណនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់នៅក្នុង និងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់សមាជិកប័ណ្ណ និងភ្នាក់ងារទូទាត់ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុងការធ្វើប្រតិបត្តិការទូទាត់យ៉ាងសម្បូរបែប ធ្វើប្រតិបត្តិការទូទាត់នៅលើសកលលោកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមតម្រូវការ ។"
លោក Kimihisa Imada អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការរបស់ JCBI បានមានប្រសាសន៍ថា ៖ "ក្រុមហ៊ុន JCB International Co., Ltd. (JCBI) មានសេចក្តីសោមនស្សរីករាយ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឈានមុខធំបំផុតក្នុងប្រទេសកម្ពុជាបានក្លាយជាដៃគូពាណិជ្ជកម្មជាមួយ JCB ក្នុងការបម្រើសេវាប័ណ្ណឥណពន្ធដល់អតិថិជនរបស់ស្ថាប័នទាំងពីរ និងសាធារណជនទូទាំងពិភពលោក ។ ខ្ញុំបាទជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ឱកាសជាច្រើនបន្ថែមទៀត ដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុងការពង្រីកពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ដែលនេះជាការបង្ហាញពីសក្តានុពលខ្ពស់នាថ្ងៃអនាគត ខណៈសេដ្ឋកិច្ចកំពុងបោះជំហានលូតលាស់យ៉ាងរលូន ។"
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ប្រូភើធី អិលធីឌី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៧ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,៦៣ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុបចំនួន ៣,៨៤ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២.៥លាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ នេះ ។
អំពី JCB
ក្រុមហ៊ុន JCB ជាក្រុមហ៊ុនដែលមានយីហោសេវាកម្មទូទាត់លំដាប់ថ្នាក់ពីភពលោក និងជាអ្នកចេញ និងទទួលប័ណ្ណឥណទាន ឈានមុខគេនៅប្រទេសជប៉ុន ។ JCB បានចាប់ផ្តើមប្រតិបត្តិការសេវាប័ណ្ណ JCB នៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ ១៩៦១ និងបានពង្រីកប្រតិបត្តិការនៅក្រៅប្រទេសក្នុងឆ្នាំ១៩៨១ ។ ជាផ្នែកមួយ នៃយុទ្ធសាស្ត្ររីកចម្រើននៅក្រៅប្រទេស JCB បានធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេរាប់រយស្ថាប័ននៅលើពិភពលោក ដើម្បីបង្កើនមូលដ្ឋានសមាជិកប័ណ្ណ និងភ្នាក់ងារទូទាត់ ។ ក្នុងនាមជាអ្នកផ្តល់នូវដំណោះស្រាយនូវសេវាកម្មទូទាត់ JCB ប្តេជ្ញាចិត្តក្នុងការឆ្លើយតប និងបម្រើផលិតផលសេវាកម្មដ៏មានគុណភាពខ្ពស់ជូនដល់អតិថិជននៅទូទាំងពិភពលោក ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
លោក ផល សុខចំរើន
នាយយកប្រតិបត្តិរងទីផ្សារ
ទូរស័ព្ទ ៖ ០១៥ ៨០០ ៩០៣
អ៊ីមែល ៖ phal.sokchamreoun@acledaban.com.kh
Kumiko Kida
JCB Co., Ltd.
Assistant Vice President of Corporate Communications
Tel: +81-3-5778-8353
E-mail: jcb-pr@info.jcb.co.jp
Website: www.global.jcb/en/