navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រួលដល់ការបង់បុព្វលាភរបស់អតិថិជន តាមរយៈអេស៊ីលីដាយូនីធីទាន់ចិត្ត
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រួលដល់ការបង់បុព្វលាភរបស់អតិថិជន តាមរយៈអេស៊ីលីដាយូនីធីទាន់ចិត្ត
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត) និង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា "ក្រោមភាពជាដៃគូយុទ្ធសាស្រ្ដ" បានប្រកាសជាសាធារណៈ ស្តីអំពី អតិថិជនអាចបង់បុព្វលាភធានារ៉ាប់រងអាយុជីវិតបាន តាមរយៈ អេស៊ីលីដាយូនីធីទាន់ចិត្ត ។
តាមរយៈ អេស៊ីលីដាយូនីធីទាន់ចិត្ត នេះ អតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលមានគណនីនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អាចបង់បុព្វលាភធានារ៉ាប់រងរបស់ពួកគាត់បានយ៉ាងរលូន និងឆាប់រហ័ស តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS ដែលកម្មវិធីនេះ អាចសន្សំសំចៃពេលវេលា និងមិនចាំបាច់ពិបាកធ្វើដំណើរទៅកាន់ធនាគារនោះឡើយ ហើយព្រមទាំងអាចទូទាត់ប្រាក់បុព្វលាភបានភ្លាមៗ និងងាយស្រួលទៀតផង ។
នាយកប្រតិបត្តិ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក David Nutman មានប្រសាសន៍ថា ៖ "ការដាក់ឱ្យដំណើរការនូវមធ្យោបាយបង់បុព្វលាភ តាមរយៈអេស៊ីលីដាយូនីធីទាន់ចិត្ត ក្នុងទូរស័ព្ទចល័តនេះ គឺសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ផ្តល់នូវជម្រើសសម្រាប់ប្រតិបត្តិការទូទាត់ស្របតាមយុគសម័យឌីជីថល ស្របតាមបច្ចេកវិទ្យាទាន់សម័យ ជាមធ្យោបាយបង់ប្រាក់ដ៏ងាយស្រួល ដែលគួរឱ្យទុកចិត្ត និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា ។"
លោកបានមានប្រសាសន៍ជាបន្តទៀតថា ៖ "ស្របតាមយុទ្ធនាការផ្សព្វផ្សាយថ្មី 'We Do Innovation' របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា យើងបានប្តេជ្ញាពង្រឹងសមត្ថភាពនាយុគសម័យទំនើបរបស់យើង ដើម្បីបំពេញឱ្យគ្រប់តាមសេចក្ដីត្រូវការដែលវិវត្តន៍ទៅមុខឥតឈប់ឈររបស់អតិថិជនយើង ។ ភាពជាដៃគូដ៏អស្ចារ្យជាមួយនឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជួយឱ្យយើងអាចបន្ថែមកម្មវិធីបង់បុព្វលាភធានារ៉ាប់រងអាយុជីវិត តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ទៅក្នុងមធ្យោបាយបង់បុព្វលាភជាច្រើនយ៉ាង ដែលយើងកំពុងមានសព្វថ្ងៃ ហើយក៏ជួយឱ្យយើងអាចអភិវឌ្ឍន៍ឈានឡើងបានយ៉ាងងាយស្រួល លើការងារផ្ដល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍សម័យទំនើបដ៏រលូនផងដែរ ។ អស់រយៈពេលជាង ៥ឆ្នាំ កន្លងមកហើយដែលក្រុមហ៊ុន ព្រូដិនសលកម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្វើការរួមគ្នាដើម្បីផ្តល់សុវត្ថិភាពហិរញ្ញវត្ថុ ក៏ដូចជាការការពារផ្នែកសុខភាព និងផ្នែកហិរញ្ញវត្ថុពេញលេញ ជូនដល់អតិថិជនរបស់យើង ដែលមានចំនួនកើនឡើងជាបន្តបន្ទាប់បែបនេះ ។"
ចាប់តាំងពីដំណើរការក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចេញបណ្ណសន្យារ៉ាប់រងចំនួនជាង ១៥ម៉ឺនបណ្ណ ដែលនេះសបញ្ជាក់ឱ្យឃើញអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន លើការបំពេញតាមសេចក្ដីត្រូវការផ្នែកការពាររបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងការរក្សាការពារអនាគតរយៈពេលវែងរបស់ពួកគាត់ផងដែរ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើរការប្រតិបត្តិការធនាគារ តាមរយៈ អេស៊ីលីដាយូនីធីទាន់ចិត្ត ក្នុងឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យការប្រើប្រាស់សេវាធនាគារពាណិជ្ជកាន់តែមានភាពងាយស្រួល ទូលំទូលាយ និងសុវត្ថិភាពខ្ពស់ ក្នុងប្រទេសកម្ពុជា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា មានអតិថិជនជាង ២លាន៥សែននាក់ និងទ្រព្យសម្បត្តិសរុបចំនួន ៥ពាន់៧រយលានដុល្លារសហរដ្ឋអាមេរិក បើគិតត្រឹមខែធ្នូ ឆ្នាំ២០១៨ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា អេស៊ីលីដាយូនីធីទាន់ចិត្ត ជាជម្រើសដ៏ល្អក្នុងការបម្រើដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងគោលដៅបម្រើអតិថិជនគោលប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមានឧត្តមភាពខ្ពស់ក្នុងការប្រកួតប្រជែង ។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានទំនុកចិត្តថា ការងាកមកប្រើមធ្យោបាយទូទាត់ទំនើបបែបថ្មី ដោយមិនចាំបាច់ប្រើក្រដាសនេះ នឹងក្លាយជាស្តង់ដាររួមនៅក្នុងប្រទេសកម្ពុជា ហើយវាក៏នឹងផ្ដល់អំណោយផលដ៏ល្អផងដែរសម្រាប់ការខិតខំរបស់ក្រុមហ៊ុន លើការងារលើកកម្ពស់សមូហភាពហិរញ្ញវត្ថុនៅក្នុងប្រទេស ។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចាំផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយថ្មីរបស់ខ្លួន គឺ "We Do" ដោយភ្ជាប់ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះអតិថិជនរបស់ខ្លួនក្រោមពាក្យថា ៖ Listening. Understanding. Delivering. ។ យុទ្ធនាការនេះបាននាំយកមូលបទជាក់លាក់ចំនួន ៣ គឺ ១) ការច្នៃប្រឌិត, ២) ការរៀបចំផែនការហិរញ្ញវត្ថុ និង ៣) ការថែទាំសុខភាពរាងកាយ ដែលគូសបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន លើការជួយការពារសុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជននៅទូទាំងប្រទេស ។
អំពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅខែមករា ឆ្នាំ២០១៣ ។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតជូនដល់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាពលរដ្ឋខ្មែរ ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់ ។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាព ក្នុងការផ្តល់ជូននូវឱកាសក្នុងការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៩ ពាន់លានដុល្លារអាមេរិក, សមតុល្យឥណទានសរុបចំនួន ៣,៦៧ ពាន់លានដុល្លារអាមេរិក, និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣,៩២ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។