navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី និង លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ប្រកាសជាផ្លូវការភាពជាដៃគូផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ទូទាំងប្រទេស
ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ប្រកាសជាផ្លូវការភាពជាដៃគូផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ទូទាំងប្រទេស
ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩
លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការដាក់ឲ្យដំណើរការនូវសេវា ដាក់ និងដកប្រាក់ រវាងគណនីធនាគារ អេស៊ីលីដា ភីអិលស៊ី និងបណ្តាញភ្នាក់ងារ លី ហួរ វេរលុយ ។ ឥឡូវនេះ អតិថិជនដែលមានកាតឥណទាន និងគណនីធនាគារ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការដាក់ និងដកប្រាក់នៅតាម ភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤.៥០០កន្លែងទូទាំងប្រទេស ។
ការដាក់ឲ្យដំណើរការនូវសេវាទាំងពីរនេះ នឹងជួយសម្រួលទម្លាប់ជាទូទៅរបស់អតិថិជនធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលគាត់ត្រូវធ្វើដំណើរទៅកាន់ទីស្នាក់ការសាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីធ្វើប្រតិបត្តិការដក និងដាក់ប្រាក់ ជំនួសដោយការមកប្រើសេវាតាមភ្នាក់ងារ លី ហួរ វេរលុយ ដែលនៅក្បែរផ្ទះរបស់គាត់ ។ ភាពងាយស្រួលនេះ នឹងជួយឲ្យគាត់ចំណេញពេលវេលាដែលអាចបង្កើនចំណូលប្រចាំថ្ងៃរបស់ពួកគាត់ក្នុងការប្រើប្រាស់សេវា តាមភ្នាក់ងារលី ហួរ វេរលុយ ដែលមានដូចជា ផ្ទេរប្រាក់ ដាក់ប្រាក់សន្សំ បើកប្រាក់ខែ បង់ប្រាក់សងកម្ចីប្រចាំខែរបស់ពួកគាត់ ។
ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង លោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប មានប្រសាសន៍ឲ្យដឹងថា ការសហការនេះគោលបំណងរួម គឺផ្តល់នូវភាពងាយស្រួល រហ័សទាន់ចិត្ត មានសុវត្ថិភាព និងសន្សំសំចៃពេលវេលាដល់ប្រជាពលរដ្ឋខ្មែរដែលជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយឲ្យពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុមួយចំនួនតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដែលមាននៅទូទាំងប្រទេសកម្ពុជា ។
លោកឧកញ៉ា លី ហួរ បន្តទៀតថា ការចាប់ផ្តើមនេះនឹងធ្វើឲ្យយើងឈានដល់ដំណាក់កាលមួយទៀតក្នុងបេសកម្មរបស់យើងដើម្បីពង្រីកវិសាលភាពក្នុងវិស័យហិរញ្ញវិត្ថុ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវភាពងាយស្រួលដល់ពួកគាត់ មិនថាក្នុងការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ការសម្រេចចិត្តធ្វើការវិនិយោគក្នុងរយៈពេលវែង ការដាក់ ឬដកប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ និងការផ្ដល់ជូននូវលទ្ធភាពជាច្រើនផ្សេងទៀត ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី បានចាប់ដៃគូយុទ្ធសាស្រ្ត សហប្រតិបត្តិការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាកម្មរបស់ស្ថាប័នទាំងពីរ ឲ្យបានរឹតតែទូលំទូលាយថែមទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ក្នុងការពង្រីកប្រតិបត្តិការធនាគារឲ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពថែមទៀត ។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេចំនួន ៥៧៧គ្រឿង គ្រប់ខេត្ត និងរាជធានី ទូទាំងប្រទេសកម្ពុជា ទាំងនៅក្នុងការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងនៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុននានា ។ល។ ចំពោះម៉ាស៊ីនឆូតកាតអេស៊ីលីដា មានចំនួនជាង ៤,០០០ គ្រឿង ព្រមទាំងអតិថិជនដែលកំពុងប្រើប្រាស់អេស៊ីលីដាយូនីធីទាន់ចិត្ត មានចំនួនច្រើនជាង ៩០០,០០០នាក់ ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការ ដូចខាងក្រោម ៖
- ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី
- ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដាយូនីធីទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី
- ដកប្រាក់ពីគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី តាមរយៈម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនប្រើកាត និង
- សេវាផ្សេងៗទៀតដែលនឹងសហការគ្នា ទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគត ។
បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ បានជួយជំរុញឲ្យការផ្ទេរបា្រក់របស់អតិថិជនកាន់តែទូលំទូលាយ ឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព ពីព្រោះធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានបណ្តាញប្រតិបត្តិការទូលំទូលាយគ្របដណ្តប់គ្រប់ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ។ សមិទ្ធផលនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន និងសាធារណៈជន និងគាំទ្រដល់ការរីកលូតលាស់របស់អតិថិជន ជាមួយនឹងការកាត់បន្ថយចំណាយ និងហានិភ័យ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៩ ពាន់លានដុល្លារអាមេរិក, សមតុល្យឥណទានសរុបចំនួន ៣,៦៧ ពាន់លានដុល្លារអាមេរិក, និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣,៩២ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។