navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextកិច្ចជំនួបធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន
កិច្ចជំនួបធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩
រាជធានីភ្នំពេញ ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជា មានកិច្ចជំនួបធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន ដែលត្រូវបានផ្តួចផ្តើម និងរៀបចំសហការ ដោយសមាគមជប៉ុន-កម្ពុជា ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការស្វែងរកដៃគូ និងកិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "សមាគមជប៉ុន-កម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្តីសោមនស្សរីករាយ ដោយស្ថាប័នយើងទាំងពីរ បានអនុញ្ញាតឲ្យវិនិយោគិនមកគ្រប់វិស័យធុរកិច្ច រួមមាន ៖ វិស័យអភិវឌ្ឍ សំណង់ និងប្រឹក្សាយោបល់ ការគ្រប់គ្រងធុរកិច្ច ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន អាហារសុខភាព ខូសមេទិក ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើទីផ្សារ សេវាសុខាភិបាល គ្រឿងសង្ហារឹម កសិកម្ម ហាងលក់វត្ថុបុរាណ នីហរ័ណ-អាហរ័ណ ក្រុមហ៊ុនដឹកជញ្ជូន អចលនទ្រព្យ ហិរញ្ញវត្ថុ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ។ល។"
ជំនួបដ៏មានសារៈសំខាន់នេះ នឹងបើកឱកាសដល់វិនិយោគិនកម្ពុជា និងជប៉ុន ចំនួន ៤៣ក្រុមហ៊ុន ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នា និងសិក្សាស្វែងរកអត្ថប្រយោជន៍រួមនៃការវិនិយោគដ៏មានសក្តានុពលនេះ ។ វិនិយោគិនជប៉ុនបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការវិនិយោគនៅលើទឹកដីកម្ពុជា ដែលជាទីកន្លែងផ្តល់នូវសុខសន្តិភាពពេញលេញ និងសម្បូរបែប ។ ទាំងនេះ ជាជម្រើសដ៏ត្រឹមត្រូវ ដែលប្រទេសកម្ពុជាផ្តល់នូវលក្ខខណ្ឌវិនិយោគដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការជូនវិនិយោគិន រួមមាន ៖ កត្តានយោបាយ សេដ្ឋកិច្ច និងសេ្ថរភាពសង្គម ។
វិនិយោគិនជប៉ុន មានឱកាសជួបជាមួយដៃគូវិនិយោគដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដែលមានធុរកិច្ចផ្ទាល់ខ្លួន ដោយពួកគាត់ជាសហគ្រិនដែលមានបទពិសោធន៍យូរអង្វែងក្នុងវិស័យធុរកិច្ច ។ កិច្ចជំនួបនេះនឹងក្លាយជាជំនួបដ៏វិសេសវិសាល ដើម្បីពង្រឹង និងបំពេញតម្រូវការជូនធុរជនទាំងអស់ក្នុងការស្វែងយល់អំពីសហគ្រិនភាពរវាង ប្រទេសកម្ពុជា និងជប៉ុន ដើម្បីរួមចំណែកជាថាមវន្តក្នុងកិច្ចការធុរកិច្ចជាមួយគ្នា ។
លោក នេត ពិសិដ្ឋ
មុខងារ ៖ នាយកប្រតិបត្ដិសេវាហិរញ្ញវត្ថុ
ទូរស័ព្ទ ៖ ០១៥ ៧០០ ១១១
អ៊ីម៉ែល ៖ neth.piseth@acledabank.com.kh