www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ

ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩

ACLEDA Photo

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​លិខិត​ពី ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​ធនាគារ​បន្ត​គម្រោង​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ទី​មួយ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ចុះ​បញ្ជី​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ។ ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ (IPO) បង្កើត​បាន​នូវ​សករាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បញ្ជាក់​ថា "ធនាគារ​ទើប​នឹង​ទទួល​បាន​លិខិត​ពី ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​បន្ត​នីតិវិធី​ស្នើ​សុំ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​របស់​ធនាគារ នៅ​គណៈកម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក.) ។ ភាគហ៊ុនិក​របស់​ធនាគារ បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ ធ្វើ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ ដើម្បី​បង្កើន​ប្រភព​ទុន​ដ៏​សម្បូរ​បែប និង​គាំទ្រ​ការ​រីកចម្រើន​នា​ពេល​អនាគត តាម​រយៈ​ទីផ្សារ​មូលធន​កម្ពុជា ។ ក្នុង​ឱកាស​នេះ យើង​ខ្ញុំ​សូម​ជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន ទាំង​អស់​មេត្តា​ជ្រាប​ថា ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ត្រូវ​បាន​ដាក់​លក់​ជូន​សាធារណជន បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ជា​បន្ត​បន្ទាប់​ពី ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) និងគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ។ យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​កាលបរិច្ឆេទ​ដាក់​លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ នេះ​គឺ​ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​សាធារណជន ក្នុង​ការ​ចូល​រួម​វិនិយោគ​ជា​មួយ​ធនាគារ ដើម្បី​ក្លាយ​ជា​ភាគហ៊ុនិក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។

ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវ​បាន​ចាត់​ទុក​ជា "ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ ជូន​ប្រជាពលរដ្ឋ" ដែល​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​រូបវន្ត​បុគ្គល និង​សាធារណជន​ក្នុង​ការ​ទិញ​ភាគហ៊ុន​ទៅ​តាម​លទ្ធភាព របស់​ខ្លួន ។ លើ​ទីផ្សារ​មូលបត្រ​នានា​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន "ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ" បាន​ផ្តល់​ភាពងាយស្រួល​យ៉ាង​ច្រើន​ដល់​វិនិយោគិន​រូបវន្ត​បុគ្គល ក្នុង​ការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ក្នុង​ដំណើរការ បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ ។ "ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ" របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ការ​ចែក​រំលែក​ផល​ដែល​បាន​មក​ពី​វិបុលភាព​ផ្នែក​ហិរញ្ញវត្ថុ​ជា​មួយ​នឹង​វិនិយោគិន​រូបវន្តបុគ្គល និង ក្លាយ​ជា​ធនាគារ​ដែល​ទទួល​បាន​នូវ​ទំនុកចិត្ត​ពី​សាធារណជន​បន្ថែម​ទៀត ។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បាន​មាន​ប្រសាសន៍​ថា "យើង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​ចូលរួម​ក្នុង​គម្រោង​ដ៏​សំខាន់​នេះ ក្នុង​នាម​ជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​តែ​មួយ​គត់​របស់​ធនាគារ ។ ទំហំ​នៃ​ប្រតិបត្តិការ​ជួញ​ដូរ និង​ការ​កើន​ឡើង​នៃ​ចំនួន​វិនិយោគិន តាម​រយៈ​ដំណើរការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ថាមភាព​របស់​ផ្សារហ៊ុន និង​នាំ​ទីផ្សារ​មូលធន ឆ្ពោះ​ទៅ​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី និង​រីកចម្រើន​ជាង​មុន" ។ លោក Han Kyung Tae បាន​មាន​ប្រសាសន៍​បន្ថែម​ថា "មូលធនូបនីយកម្ម​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា អាច​នឹង​កើន​បី​ដង​ជា​មួយ​នឹង​ការ​ចុះ​បញ្ជី​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ" ។

ក្នុង​រយៈពេល ២៧​ឆ្នាំ​កន្លង​មក​នេះ ធនាគារ អេស៊ីលីដា បាន​កម្លាយ​ខ្លួន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល (NGO) ទៅ​ជា​ធនាគារ​លំដាប់​ថ្នាក់​លេខ១ ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ តាម​រយៈ​ការ​រីកចម្រើន​របស់ខ្លួន និង​ការ​វិវឌ្ឍ​ជា​បន្ត​បន្ទាប់ បាន​ធ្វើ​ឲ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ត​ឈាន​មុខ​គេ​នៅ​ក្នុង​វិស័យ​ធនាគារ៖ ពី​អង្គការ​គាំទ្រ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ទៅ​ជា​ធនាគារ​ឯកទេស និង​ធនាគារ​ពាណិជ្ជ​ដែល​មាន​ការ​រីកចម្រើន​ប្រកប​ដោយ​ចីរភាព​រហូត​មក​ដល់​សព្វ​ថ្ងៃ។ គិត​ត្រឹម​ដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ធនាគារ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ដែលមាន​សំពៀត​ឥណទាន​សរុប (៣,៦១ ប៊ីលានដុល្លារអាមេរិក) មូលធន​សរុប (៨៩៨,៥៦ លានដុល្លារអាមេរិក) ទ្រព្យសកម្ម​សរុប (៦,០៩ ប៊ីលានដុល្លារអាមេរិក) និង​ប្រាក់បញ្ញើ​សរុប (៤,២៤ ប៊ីលានដុល្លារអាមេរិក) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី រំពឹង​ថា​នឹង​ចុះ​បញ្ជី​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នា​ពេល​ឆាប់ៗ​នេះ ។

សូម​<a href='../assets/pdf_zip/listing-ipo-booklet-khm.pdf'>ចុច​ទីនេះ</a>​ដើម្បី​មើល <strong>កូន​សៀវភៅ​សម្រាប់​វិនិយោគិន​សាធារណៈ</strong> (PDF)
សូម​ចុច​ទីនេះ​ដើម្បី​មើល កូន​សៀវភៅ​សម្រាប់​វិនិយោគិន​សាធារណៈ (PDF)
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ធនាគារ អេស៊ីលីដា តាមរយៈ

លោកស្រី ប៊ុត ប៊ុនសីហា
មុខងារ ៖ អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្ដិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
ទូរស័ព្ទ ៖ ០១៥ ៦០០ ៥៣២
អ៊ីម៉ែល ៖ buth.bunsayha@acledabank.com.kh

លោកស្រី ម៉ារ អមរា
មុខងារ ៖ អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ
ទូរស័ព្ទ ៖ ០១៥ ៩០០ ១២៦
អ៊ីម៉ែល ៖ amara@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖