navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត
ពិធីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០
ភ្នំពេញ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត) និងធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត ប្រកាសជាសាធារណៈ ស្តីអំពីការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត ។
ពិធីដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់នេះ មានការចូលរួមពីបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនរូយ៉ាល់ហ្រ្គុប ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ ។
កិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការ ៖
- ផ្ទេរប្រាក់ រវាងគណនីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនីវីង
- ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដាយូនីធីទាន់ចិត្ត និងគណនីវីង
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ "ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត បានចាប់ដៃគូជាយុទ្ធសាស្រ្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរប្រាក់ របស់ស្ថាប័នទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីលើកកម្ពស់ក្នុងការពង្រីកប្រតិបត្តិការធនាគារទាំងពីរឱ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ថែមទៀត ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារទាំងពីរ អាចធ្វើការផ្ទេរ និងទូទាត់ប្រាក់រវាងគ្នា និងគ្នា ។ កិច្ចសហប្រតិបត្តិការនេះ នាំឲ្យធនាគារយើងទាំងពីរមានបណ្តាញប្រតិបត្តិការសម្បូរបែប ចំនួន ៤៣.៤៧៦កន្លែង គ្របដណ្តប់គ្រប់ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើស ដែលជំរុញឲ្យសេវាផ្ទេរបា្រក់កាន់តែទូលំទូលាយ ឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព ។ សមិទ្ធផលនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន និងសាធារណៈជន និងគាំទ្រដល់ការរីកលូតលាស់របស់អតិថិជន ជាមួយនឹងការកាត់បន្ថយចំណាយ និងហានិភ័យ ។ ឥឡូវនេះ អតិថិជនដែលមានគណនីនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការដក-ដាក់សាច់ប្រាក់ នៅតាមបណ្តាញប្រតិបត្តិការរបស់ធនាគារទាំងពីរគ្រប់ទីកន្លែងទូទាំងប្រទេស ។"
លោកបណ្ឌិតបានបន្ថែមថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឌីជីថល ដែលមាន អេស៊ីលីដាយូនីធីទាន់ចិត្ត ដែលអតិថិជនអាចធ្វើប្រតិបត្តិការសេវាធនាគារយ៉ាងសម្បូរបែបតាមរយៈទូរស័ព្ទដៃដោយខ្លួនឯង ។ គិតមកដល់បច្ចុប្បន្ននេះ អេស៊ីលីដាយូនីធីទាន់ចិត្ត ជាសេវាធនាគារតាមទូរស័ព្ទដែលធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចុះឈ្មោះប្រើ អេស៊ីលីដាយូនីធីទាន់ចិត្ត ចំនួន ១.២២៦.៣៨៣ ជាលក្ខណៈបុគ្គល និង ៣០.៩៨៩ ជាលក្ខណៈដៃគូ ។"