www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextទស្សនកិច្ច​ជា​ផ្លូវការ​របស់​គណៈប្រតិភូ Global SME Finance នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ទស្សនកិច្ច​ជា​ផ្លូវការ​របស់​គណៈប្រតិភូ Global SME Finance នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២

ACLEDA Photo

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត) បាន​ប្រកាស​ជា​សាធារណៈ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​ស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះ​គណៈប្រតិភូ Global SME Finance ដែល​បាន​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ការិយាល័យ​កណ្តាល។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​លើក​ឡើង​ថា គោល​បំណង​នៃ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ការអភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម វិស័យ​ធនាគារ​នៅ​កម្ពុជា ជា​ពិសេស ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកប​ដោយ​និរន្តរភាព។

ACLEDA Photo

លោក​បណ្ឌិត​បាន​បន្ត​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ឆ្លង​កាត់​ដំណាក់កាល​អភិវឌ្ឍន៍​ជា​ច្រើន ដោយ​ផ្តើម​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក រហូត​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ធនាគារ​កម្ពុជា​ដំបូង​គេ ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ រួម​មាន​ប្រទេស​ឡាវ​នៅ​ឆ្នាំ២០០៨ និង​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ២០១៣។

នៅ​ខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ខ្លួន​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក)។

ACLEDA Photo

លោក​បណ្ឌិត​មាន​សេចក្តី​សោមនស្ស ក្នុង​ការចែក​រំលែក ព្រមទាំង​ការសិក្សា​ស្វែង​យល់​រវាង​គ្នា​នឹង​គ្នា​ជា​មួយ​នឹង​គណៈប្រតិភូ ដែល​ជា​ថ្នាក់​ដឹកនាំ​អង្គភាព​ធុរកិច្ច​ជុំវិញ​សកល​លោក ហើយ​លោក​បណ្ឌិត​សង្ឃឹម​ថា ការចែក​រំលែក​នូវ​ជំនាញ និង​បទពិសោធន៍ ប្រកប​ដោយ​ភាព​ជោគ​ជ័យ​នេះ គឺ​ជា​គុណប្រយោជន៍​ល្អ​បំផុត សម្រាប់​អង្គភាព​អាជីវកម្ម​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម នៅ​ទូទាំង​សកល​លោក។

ACLEDA Photo

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ៤ គឺ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ឡាវ និង ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ានម៉ា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៨,៣៤ប៊ីលាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៦ប៊ីលាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន​ជាង ៦ប៊ីលាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ៣,៥៩លាន​នាក់ គិតត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ២០២២​នេះ។

គិតត្រឹម​ដំណាច់​សីហា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​អ្នក​ប្រើប្រាស់​ អេស៊ីលីដា​ម៉ូបាល ​លើស ២,៥លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម​ចំនួន ១៧៥ពាន់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣០៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖