www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់

ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជា​ធនាគារពាណិជ្ជ​ទីមួយ ដែល​បាន បោះផ្សាយ​មូលបត្រកម្មសិទ្ធិ​ជា​សាធារណៈ​នៅ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ថា ថ្នាក់ដឹកនាំ និង​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅ​ការិយាល័យកណ្តាល និង​សាខា​ជុំវិញ​រាជធានីភ្នំពេញ បានចូលរួមបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍ថា ការបរិច្ចាគឈាម​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការ​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ដើម្បី​ព្យាបាលជំងឺ។ ម្យ៉ាងវិញទៀត ការចូលរួម​ចំណែក​ក្នុង​កិច្ចការ​សង្គម​ដ៏មាន​សារៈសំខាន់​មួយនេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បាន​ចូលរួម​បរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត​ចំនួន ០៦ដង រួច​មក​ហើយ កាល​ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ និងថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៣។ សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ បន្ទាប់ពី ស្ថានភាព​ជំងឺកូវីដ-១៩ បានធូរស្រាល ដូច្នេះ​នៅថ្ងៃនេះ ជាលើកទី ០៧ ហើយ ដែល​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅ​ការិយាល័យកណ្តាល និង​សាខាជុំវិញ​រាជធានីភ្នំពេញ សរុបចំនួន ១៧៦នាក់ ដោយ​ក្នុងនោះ​ស្ត្រី​មានចំនួន ៦៧នាក់ បាន​បន្ត​ចូលរួម​បរិច្ចាគឈាម ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​សង្គម និង​មនុស្សធម៌ សម្រាប់​បំពេញ​តម្រូវការ​កង្វះឈាម​ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត ជូន​ដល់​មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ជាពិសេស​សម្រាប់​ជួយ​ជីវិតមនុស្ស ដែល​ត្រូវការ​សង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់​កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខាខេត្ត សរុបចំនួន ៤១០នាក់ ក្នុងនោះ​ស្រ្តី​មានចំនួន ៩៣នាក់ ក៏​បាន​ចូលរួម​បរិច្ចាគឈាម​នៅតាម​មន្ទីរពេទ្យបង្អែក​នៃ​ខេត្តនីមួយៗ​ផងដែរ។

ACLEDA Photo

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បាន​មានប្រសាសន៍ថា សកម្មភាព​បរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត​របស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ បាន​ចាប់ផ្តើម​ផុលផុស​បណ្តើរៗ ឡើងវិញហើយ បន្ទាប់ពី​ស្ថានភាពជំងឺកូវីដ-១៩ បាន​ធូរស្រាល​រួចមក។ សព្វថ្ងៃនេះ យើង​មិនទាន់​មានឈាម ដែលមាន​ប្រភពពី​អ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​ជីវិតមនុស្ស ដែល​ត្រូវការ ឈាម​បន្ទាន់​នៅឡើយទេ។ ក្នុង​មួយថ្ងៃ​គ្រាន់តែ​នៅរាជធានីភ្នំពេញ ត្រូវការ​ឈាមប្រមាណ ១៥០ប្លោក សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ និងអ្នកជំងឺ ហើយនៅ​ទូទាំងប្រទេស​ត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការ​ឈាម​បន្ថែមទៀត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​បន្ទាន់។

ACLEDA Photo

លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និង​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ជាពិសេស​ក្រុមយុវជន មេត្តា​ចូលរួម​បរិច្ចាគឈាម ដើម្បី​យក​ទៅ​ជួយ​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ហើយ​សកម្មភាព​ទាំងនេះ ពិតជា​បាន​ចូលរួមចំណែក យ៉ាងខ្លាំង លើ​ការជួយ​សង្រ្គោះ​ជីវិត​មនុស្ស។ លោកស្រីវេជ្ជបណ្ឌិត បាន​ថ្លែងបញ្ជាក់ថា បើសិន​ជាគ្មាន ការចូលរួមចំណែក ពីសប្បុរសជន​ស្ម័គ្រចិត្ត​ទាំងឡាយ​នោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំង​គ្រួសារអ្នកជំងឺ ពិតជា​មានការលំបាក​ដោយសារ​ឈាម​មាន​ប្រភពពី​ក្នុងចំណោមប្រជាជន យើង ដូច្នេះ ការចូលរួម​របស់​បងប្អូន​ពិតជា​មាន​សារៈសំខាន់​យ៉ាងខ្លាំងណាស់។ លោកស្រីវេជ្ជបណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ និង​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាម​ជូន​មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បី​ជួយសង្រ្គោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់នោះ។

ACLEDA Photo

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ គឺ៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុប ចំនួនជាង ៩,៤០ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៧ប៊ីលាន ដុល្លារអាមេរិក និងប្រាក់បញ្ញើ សន្សំសរុបចំនួន ៦,៩២ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៤៣ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ហូរ រតនៈ នាយកប្រតិបត្ដិធនធានមនុស្ស
ទូរស័ព្ទ៖ ០១៥ ៩០០ ២៦១
អ៊ីម៉ែល៖ ho.rattanak@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៧៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖