navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅផ្សារមូលបត្រកម្ពុជា
ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅផ្សារមូលបត្រកម្ពុជា
ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥
រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅផ្សារមូលបត្រកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយ មូលបត្រជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការគ្នារៀបចំ "ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី"។
ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិ នៃ កម្ពុជា បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី តំណាងស្ថាប័ន និងភ្ញៀវជាច្រើនរូប។
ថ្ងៃនេះជាថ្ងៃដ៏សំខាន់ យើងបានចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការលើកទីពីរ (០២) របស់ធនាគារ អេស៊ីលីដា នៅផ្សារមូលបត្រកម្ពុជា តាមរយៈការធ្វើបរិវិសកម្មរបស់វិនិយោគិនគុណវុឌ្ឍិកាលពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មប្រកបដោយភាពជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍិ ចំនួន៧៧នាក់ បានបញ្ជាទិញសញ្ញាបណ្ណបន្ទាប់បន្សំដែលបានបោះផ្សាយទាំងអស់ រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក ជាមួយនឹងអត្រាគូប៉ុងប្រមាណ ៧.៥% ក្នុងមួយឆ្នាំ ដែលជួយផ្តល់ឱកាសដល់វិនិយោគិន និងជួយធនាគារក្នុងការប្រមូលប្រភពទុន សម្រាប់គាំទ្រប្រតិបត្តិការធនាគារ រួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងស្រុក និងសង្គមជាតិ។ ជាពិសេស សញ្ញាបណ្ណនេះមានទំហំធំ ដែលជាលទ្ធផលធនាគារ អេស៊ីលីដា ទទួលបានទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិន លើសពីការរំពឹងទុក។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "ខ្ញុំបាទមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដែលអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ ដែលមានទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ផ្សារមូលបត្រកម្ពុជាដែលអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា ចុះបញ្ជីជាផ្លូវការចំពោះមូលបត្របំណុល សម្រាប់វិនិយោគិនគុណវុឌ្ឍិដែលជាប្រភេទសញ្ញាបណ្ណបន្ទាប់បន្សំរបស់ធនាគារ អេស៊ីលីដា ក្នុងទំហំដូចបានរៀបរាប់ខាងលើ ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នេះតទៅ។
លោកបណ្ឌិតបានបន្ថែមទៀតថា ខ្ញុំបាទជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ នឹងផ្តល់ឱ្យវិនិយោគិន និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា។ សញ្ញាបណ្ណបន្ទាប់បន្សំនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន។"
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៥៥ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៩៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៩៦លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៦៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៥,១០លាននាក់។
លោកស្រី ប៊ុត ប៊ុនសីហា
មុខងារៈ គណៈប្រធាននាយិកាប្រតិបត្ដិជាន់ខ្ពស់នីតិកម្ម និងលេខាធិការក្រុមហ៊ុន (មន្រ្តីទទួលបន្ទុកផ្តល់ព័ត៌មាន)
ទូរស័ព្ទៈ ០១៥ ៦០០ ៥៣២
អ៊ីម៉ែលៈ buth.bunsayha@acledabank.com.kh
លោកស្រី ម៉ារ អមរា
មុខងារៈ គណៈប្រធាននាយិកាប្រតិបត្ដិជាន់ខ្ពស់ហិរញ្ញវត្ថុ (មន្រ្តីទំនាក់ទំនងសាធារណៈ)
ទូរស័ព្ទៈ ០១៥ ៩០០ ១២៦
អ៊ីម៉ែលៈamara@acledabank.com.kh