navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextជំនួបធុរកិច្ច រវាងវិនិយោគិនកម្ពុជា និងជប៉ុន
ជំនួបធុរកិច្ច រវាងវិនិយោគិនកម្ពុជា និងជប៉ុន
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥
រាជធានីភ្នំពេញ ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា និងសមាគមន៍ជប៉ុន-កម្ពុជា បានសហការរៀបចំកម្មវិធីជំនួបធុរកិច្ចលើកទី៤ ដែលប្រព្រឹត្តឡើងនៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា។
ការណ៍នេះបន្តពីព្រឹត្តិការណ៍ជោគជ័យក្នុងឆ្នាំ២០១៩ ២០២២ និង២០២៣ ដោយបានទាក់ទាញក្រុមហ៊ុនចំនួន ៦០ មកពីវិស័យចម្រុះ រួមមាន សហគ្រាសធុនតូច និងមធ្យម ផលិតកម្ម កសិកម្ម អចលនទ្រព្យ សំណង់ គ្រឿងសំអាង ប្រព័ន្ធព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ការរចនាស្ថាបត្យកម្ម និងការប្រឹក្សាយោបល់។
លោកស្រី ម៉ារ អមរា គណៈប្រធាននាយិកាប្រតិបត្ដិជាន់ខ្ពស់ហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា កម្មវិធីជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំដោយធនាគារ អេស៊ីលីដា និងសមាគមន៍ជប៉ុន-កម្ពុជា ដោយកន្លងមកបានរៀបចំឡើងចំនួន (០៣) បីដង រួចមកហើយ ដោយលើកទីមួយ ប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លើកទីពីរនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ និងលើកទីបី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្ងៃនេះ គឺជាលើកទីបួន របស់ស្ថាប័នយើងទាំងពីរ ហើយធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការទាក់ទាញវិនិយោគិនជាច្រើនមកពីវិស័យផ្សេងៗគ្នា ចំនួន ៦០ ក្រុមហ៊ុន ដើម្បីចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ ដោយការចូលរួមមានវិនិយោគិនក្នុងស្រុក និងវិនិយោគិនជប៉ុន ដូចជា វិស័យសហគ្រាសធុនតូច និងមធ្យម ផលិតកម្ម កសិកម្ម អចលនទ្រព្យ ឧបករណ៍ និងសម្ភារៈសំណង់ គ្រឿងសំអាង ប្រព័ន្ធព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ការរចនាស្ថាបត្យកម្ម សេវាកម្មប្រឹក្សាយោបល់ និងវិស័យផ្សេងៗទៀត។
លោកស្រីក៏បានបន្ថែមថា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខក្នុងប្រទេសកម្ពុជា ធនាគារ អេស៊ីលីដា ប្ដេជ្ញាចិត្តក្នុងការជំរុញការរីកចម្រើន និងនវានុវត្តន៍ ហើយកិច្ចសហការរបស់ស្ថាប័នយើងទាំងពីរ និងផ្តល់នូវមធ្យោបាយកាន់តែប្រសើរដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានដៃគូពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូលើបច្ចេកវិទ្យាថ្មីៗ។ កម្មវិធីនេះបម្រើជាវេទិកាសម្រាប់ផ្លាស់ប្តូរចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញបច្ចេកទេស និងនវានុវត្តន៍ដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងធុរកិច្ច។ ហើយកម្មវិធីនេះទៀតសោត ក៏បើកឱកាសដល់វិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ដើម្បីធ្វើការណែនាំពីកិច្ចការវិនិយោគរវាងគ្នាទៅវិញទៅមកផងដែរ។ ការជួបជុំគ្នានាពេលនេះ ពង្រឹងចំណងមិត្តភាព និងចំណងធុរកិច្ចដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរ ដោយជំរុញឱ្យមានវិបុលភាពទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជា នឹងពិភាក្សា និងស្វែងរកឱកាសសម្រាប់ការផ្គូផ្គងអាជីវកម្ម និងកិច្ចសហការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៦៨លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៥,២៩លាននាក់។
លោក នេត ពិសិដ្ឋ នាយកប្រតិបត្ដិសេវាហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរសព្ទៈ ០១៥ ៧០០ ១១១
អ៊ីម៉ែលៈ neth.piseth@acledabank.com.kh


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY









