www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងកម្ពុជា និងសិង្ហបុរី

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងកម្ពុជា និងសិង្ហបុរី

សម្រាប់ដំណាក់កាលទី១៖ កម្ពុជាស្កេនសិង្ហបុរី

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

ACLEDA Photo

រាជធានីភ្នំពេញ នៅថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា បានប្រកាសនូវពិធីដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ នៃការទូទាត់ឆ្លងដែនតាមឃ្យូរអរកូតឆ្លងដែនរវាងប្រទេសកម្ពុជា និងសិង្ហបុរី "កម្ពុជាស្កេនសិង្ហបុរី"។ កិច្ចសហប្រតិបត្តិការនេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ACLEDA Photo

ជាមួយនឹងការដាក់ឱ្យដំណើរការដំណាក់កាលទី១ ក្រោមកិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុឈានមុខគេគឺធនាគារ អេស៊ីលីដា មកពីប្រទេសកម្ពុជា និងក្រុមហ៊ុន Liquid Group Pte. Ltd មកពីប្រទេសសិង្ហបុរី។ ប្រជាជនកម្ពុជាធ្វើដំណើរមកប្រទេសសិង្ហបុរី អាចប្រើប្រាស់ប្រាក់រៀល តាមរយៈកម្មវិធី អេស៊ីលីដាស៊ូភើអេប ស្កេនទូទាត់លើ RoamQR ដែលមាននៅតាមអាជីវករ SGQR ទូទាំងប្រទេសសិង្ហបុរី បានភ្លាមៗ ងាយស្រួល រហ័ស និងមានសុវត្ថិភាព។

ក្រោមកិច្ចផ្ដួចផ្ដើមទ្វេភាគីនេះ បានលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងការទូទាត់ដោយប្រើប្រាស់ប័ណ្ណ។ នេះជាជំហានដ៏មានសារៈសំខាន់មួយទៀត ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងជំរុញដល់ទេសចរណ៍រវាងប្រទេសទាំងពីរ ប្រកបដោយចីរភាព។

ACLEDA Photo

ការដាក់ឲ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងកម្ពុជា (KHQR) និងសិង្ហបុរី RoamQR (SGQR) គឺសរបញ្ជាក់ពីការអភិវឌ្ឍរបស់ធនាគារ អេស៊ីលីដា ដែលទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងការដាក់ឱ្យដំណើរការទូទាត់ឃ្យូអរឆ្លងដែនរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសថៃ វៀតណាម ឡាវ និងជប៉ុន នាពេលកន្លងមកនេះ។ នៅក្នុងបេសកកម្មរបស់ធនាគារក្នុងការពង្រីកការតភ្ជាប់ហិរញ្ញវត្ថុ និងបង្កើនភាពងាយស្រួលរបស់អតិថិជន បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានមោទនភាពក្នុងការពង្រីកសេវាកម្មនេះទៅកាន់ប្រទេសសិង្ហបុរី។ នាពេលអនាគត ធនាគារ អេស៊ីលីដា គ្រោងនឹងពង្រីកកិច្ចសហប្រតិបត្តិការទូទាត់ QR ឆ្លងដែនជាមួយប្រទេសឥណ្ឌា និងដៃគូក្នុងតំបន់មួយចំនួនបន្ថែមទៀត។

ACLEDA Photo

ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយជាក្រៃលែង ដែលធនាគារជាតិនៃកម្ពុជា បានជ្រើសយកធនាគារ អេស៊ីលីដា ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់ និងទូទាត់ឆ្លងដែនជាមួយប្រទេសសិង្ហបុរី ដោយសេវាទូទាត់ឃ្យូអរកូតឆ្លងដែន រវាងកម្ពុជា-សិង្ហបុរី ត្រូវបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី។ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកអន្តរប្រតិបត្តិការនៃការទូទាត់ក្នុងតំបន់ ស្របតាមចក្ខុវិស័យរបស់អាស៊ានក្នុងការជំរុញបរិយាបន្នសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ថុតាមរយៈប្រព័ន្ធ QR ដែលអាចធ្វើអន្តរប្រតិបត្តិការបាន។

ACLEDA Photo

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៦៨លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៥,២៩លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ផល សុខចំរើន នាយកប្រតិបតិ្ដទីផ្សារ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរសព្ទ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល៖ phal.sokchamroeun@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៤៣៥ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖