navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ម៉ាស្ទ័រកាត សហការគ្នាដើម្បីពង្រីកវិសាលភាពនៃការផ្ទេរប្រាក់ឆ្លងដែន តាមរយៈ Mastercard Move
ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ម៉ាស្ទ័រកាត សហការគ្នាដើម្បីពង្រីកវិសាលភាពនៃការផ្ទេរប្រាក់ឆ្លងដែន តាមរយៈ Mastercard Move
ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
រាជធានីភ្នំពេញ នៅថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ម៉ាស្ទ័រកាត សហការគ្នាពង្រីកវិសាលភាពនៃការទូទាត់ឆ្លងដែន តាមរយៈ Mastercard Move ដែលជាការនាំយកផលប័ត្រនៃការផ្ទេរប្រាក់ក្រៅប្រទេស នៅលើអេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប)។
តាមរយៈការបញ្ចូល Mastercard Move នៅលើអេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) នាពេលនេះ អតិថិជន និងសាធារណជន អាចផ្ទេរប្រាក់ទៅក្រៅប្រទេសទូទាំងពិភពលោក បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ដោយមិនមានភាពរអាក់រអួល ជាមួយនឹងការទទួលបានប្រាក់ភ្លាមៗ ឬក្នុងរយៈពេលដ៏ខ្លីបំផុត (Near Real-Time) អាស្រ័យទៅតាមបណ្តាប្រទេសគោលដៅនីមួយៗ។
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ "ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយ ដោយបានសហការជាមួយ ក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការដាក់ឱ្យដំណើរការសេវាទូទាត់ឆ្លងដែនតាមរយៈ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) ដែលផ្តល់ជូនអតិថិជន នូវមធ្យោបាយផ្ទេរប្រាក់ឆ្លងដែនបានកាន់តែងាយស្រួល និងមានតម្លៃសេវាសមរម្យសម្រាប់ប្រជាជនកម្ពុជា ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក។ កិច្ចសហការនេះ នឹងនាំមកនូវសេវាទូទាត់ឆ្លងដែនកម្រិតខ្ពស់របស់ ក្រុមហ៊ុន ម៉ាស្ទ័រកាត ដោយការតភ្ជាប់ប្រតិបត្តិការទូទាត់យ៉ាងទូលំទូលាយតាមរយៈធនាគារ អេស៊ីលីដា។ សេវាទូទាត់ឆ្លងដែននេះ អនុញ្ញាតឱ្យអតិថិជនអាចផ្ទេរប្រាក់ជាសកល ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងគ្របដណ្តប់ទូទាំងពិភពលោក ដែលជួយកាត់បន្ថយភាពស្មុគស្មាញនៃប្រតិបត្តិការការផ្ទេរប្រាក់ឆ្លងដែនបានយ៉ាងច្រើន។"
ការទូទាត់ប្រាក់ឆ្លងដែនតាមរយៈ Mastercard Move នៅលើ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) នឹងអនុញ្ញាតឱ្យអតិថិជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) អាចផ្ទេរប្រាក់ទៅកាន់បណ្តាប្រទេសមួយចំនួន ដូចជា វៀតណាម ឥណ្ឌូនេស៊ី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅអឺរ៉ុប ដែលស្ថិតក្នុងតំបន់ទូទាត់ប្រាក់អឺរ៉ូតែមួយ (SEPA)។ ការដាក់ឱ្យដំណើរការនេះ គឺជាជំហានដំបូងនៃការពង្រីកវិសាលភាពទូទាត់ប្រាក់ឱ្យកាន់តែទូលំទូលាយ ហើយទីផ្សារបន្ថែមទៀតត្រូវបានគ្រោងនឹងបញ្ចូលទៅក្នុងប្រព័ន្ធនាពេលឆាប់ៗខាងមុខនេះ។
លោក ហ្សារ៉ាដ ជេន (Sharad Jain) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ នៃក្រុមហ៊ុនម៉ាស្ទ័រកាត បានមានប្រសាសន៍ថា៖ "កិច្ចសហការរវាង ក្រុមហ៊ុន ម៉ាស្ទ័រកាត និងធនាគារ អេស៊ីលីដា នេះនឹងជួយពង្រឹងលទ្ធភាពទទួលបានសេវាទូទាត់ប្រាក់ឆ្លងដែនដែលមានសុវត្ថិភាព រហ័ស និងមានតម្លាភាពសម្រាប់ប្រជាជន និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា។ រាល់អតិថិជន និងអាជីវកម្មនានានឹងទទួលបានអត្ថប្រយោជន៍ពីបទពិសោធនៃការទូទាត់ប្រាក់អន្តរជាតិដែលច្បាស់លាស់ និងមានទំនុកចិត្តខ្ពស់ក្នុងការផ្ទេរប្រាក់ឆ្លងដែនតាមរយៈការបញ្ចូលគ្នារវាងសមត្ថភាព Mastercard Move ជាមួយធនាគារ អេស៊ីលីដា ដែលជាប្រជាធនាគារដែលប្រជាជនកម្ពុជាទុកចិត្ត។"
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងមួយនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៨០ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,១៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៩ លាននាក់។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧៨លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួន ៥,៦៧លាននាក់។
អំពីក្រុមហ៊ុន ម៉ាស្ទ័រកាត
ក្រុមហ៊ុន ម៉ាស្ទ័រកាត ទ្រទ្រង់ដល់សេដ្ឋកិច្ច និងបង្កើតឱកាសដល់មនុស្សប្រមាណជាង ២០០ ប្រទេស និងតំបន់ជុំវិញពិភពលោក។ រួមគ្នាជាមួយអតិថិជនរបស់យើង យើងកំពុងកសាងសេដ្ឋកិច្ចមានភាពធន់ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើនរួមគ្នាបាន។ យើងផ្តល់នូវជម្រើសទូទាត់ឌីជីថលយ៉ាងទូលំទូលាយ ដែលធ្វើឱ្យប្រតិបត្តិការទូទាត់ប្រាក់មានសុវត្ថិភាព សាមញ្ញ ឆ្លាតវៃ និងអាចប្រើប្រាស់បាន។ យើងផ្តល់បច្ចេកវិទ្យា និងនវានុវត្តន៍រួមជាមួយនឹងភាពជាដៃគូ និងបណ្តាញរបស់យើង ផ្តល់នូវផលិតផល និងសេវាកម្មដែលដើម្បីគាំទ្រនូវសក្តានុពលរបស់អ្នកប្រើប្រាស់អាជីវកម្ម និងរាជរដ្ឋាភិបាល។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក ផល សុខចំរើន
នាយកប្រតិបត្តិទីផ្សារ
ទូរសព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamroeun@acledabank.com.kh
Mastercard Cambodia Communications Agency
លោក ស៊ូ ពិសែន
ប្រធានផ្នែកយុទ្ធសាស្រ្តទំនាក់ទំនង
ទូរសព្ទ: ០១៧ ៧១៩ ៣៤៦
អ៊ីម៉ែល: Pisen.Sou@ruderfinnera.com


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY






