www.acledabank.com.kh

navigate_nextព័ត៌មាន​ហិរញ្ញវត្ថុnavigate_nextរបាយការណ៍​ប្រធាន​ក្រុម​ប្រឹក្សាភិបាល

របាយការណ៍​ប្រធាន​ក្រុម​ប្រឹក្សាភិបាល

លោកស្រី គឹម សុធាវី ប្រធាន​ក្រុមប្រឹក្សាភិបាល
លោកស្រី គឹម សុធាវី ប្រធាន​ក្រុមប្រឹក្សាភិបាល

តាង​នាម​ឱ្យ​ធនាគារ អេស៊ីលីដា ​និង​​ក្រុម​ប្រឹក្សា​ភិបាល នាងខ្ញុំ​មាន​កិត្តិយស និង​សេចក្តី​សោមនស្ស បង្ហាញ​បង្ហាញ​ជូន របាយការណ៍​ប្រចាំ​ឆ្នាំ២០២៥ ​របស់​ធនាគារ។

នៅឆ្នាំ២០២៥ សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភាពធន់ ទោះបីជាមានភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្មដែលកំពុងបន្ត និងភាពមិនប្រាកដប្រជានៃគោលនយោបាយក៏ដោយ។ សកម្មភាពសេដ្ឋកិច្ចបានបង្ហាញភាពរឹងមាំលើសពីការរំពឹងទុក ដោយសារការគាំទ្រពីការកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ការកាត់បន្ថយសម្ពាធអតិផរណា លក្ខខណ្ឌហិរញ្ញវត្ថុដែលបានបន្ធូរបន្ថយ និងការបន្តការវិនិយោគលើបច្ចេកវិទ្យានវានុវត្តន៍ ជាពិសេសបញ្ញាសិប្បនិម្មិត។ យោងតាមរបាយការណ៍របស់ IMF នាខែមករា ឆ្នាំ២០២៦ សេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានកំណើន ៣,៣ ភាគរយ ក្នុងឆ្នាំ២០២៥ ដែលជាអត្រាដូចគ្នាធៀបនឹងឆ្នាំមុន ខណៈដែលអតិផរណាជាសកលបានធ្លាក់ចុះមកត្រឹម ៤,២ ភាគរយពី ៥,៨ ភាគរយក្នុងឆ្នាំ២០២៤។ លក្ខខណ្ឌសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកមានភាពចម្រុះ ប៉ុន្តែសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួនទៀតក៏មានលក្ខណៈល្អប្រសើរផងដែរ រួមមានសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានកើនឡើង ២,១ ភាគរយ តំបន់អឺរ៉ូបានកើនឡើង ១,៤ ភាគរយ និងជប៉ុនបានកើនឡើង ១,៣ ភាគរយ។ សេដ្ឋកិច្ចរបស់ប្រទេសចិនមានកំណើន ៤,៩ ភាគរយ ទាបជាងឆ្នាំមុនបន្តិច ខណៈពេលដែលសេដ្ឋកិច្ចអាស៊ានបានរក្សាភាពធន់ជាមួយនឹងកំណើនប៉ាន់ប្រមាណចំនួន ៤,៣ ភាគរយ។

សេដ្ឋកិច្ចកម្ពុជាបន្តមានភាពរឹងមាំ ដែលស្ថិតក្នុងកំណើនជាមធ្យម ៥,២ ភាគរយនៅឆ្នាំ២០២៥ ធៀបនឹង ៦,០ ភាគរយនៅឆ្នាំ២០២៤ ដែលជំរុញដោយភាពមិនប្រាកដប្រជាជាសកល ការដាក់ពន្ធគយអាមេរិក ១៩ ភាគរយ លើការនាំចេញរបស់កម្ពុជា ភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបិទច្រកព្រំដែនជាបណ្ដោះអាសន្នជាមួយប្រទេសថៃ វិស័យទេសចរណ៍មានកំណើនទាបជាងការរំពឹងទុក និងកំណើនយឺតនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាខែមករា ឆ្នាំ២០២៥)។ យ៉ាងណាមិញ សកម្មភាពសេដ្ឋកិច្ចត្រូវបានជំរុញដោយលំហូរវិនិយោគដែលមានស្ថិរភាព សន្ទុះនៃការកើនឡើងវិស័យកម្មន្តសាល និងផលិតកម្មមិនមែនកាត់ដេរ ព្រមទាំងផលិតកម្មកសិកម្មផងដែរ។ ការវិវឌ្ឍន៍ទាំងនេះត្រូវបានគាំទ្រដោយគោលនយោបាយសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ន ការវិនិយោគសាធារណៈដែលកំពុងបន្ត និងវិធានការគាំទ្រដែលបានកំណត់គោលដៅជាក់លាក់ ព្រមទាំងគោលនយោបាយរូបិយវត្ថុដែលបានជួយរក្សាស្ថិរភាពហិរញ្ញវត្ថុ សន្ទនីយភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារ។

ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពធន់ក្នុងឆ្នាំ២០២៥ គាំទ្រដោយមូលធនដ៏រឹងមាំ សន្ទនីយភាពគ្រប់គ្រាន់ និងការត្រួតពិនិត្យប្រុងប្រយ័ត្នជាបន្តដោយធនាគារជាតិ នៃ កម្ពុជា។ វិស័យធនាគារបន្តការរីកចម្រើនប្រកបដោយស្ថិរភាពក្នុងឆ្នាំនេះ ដោយទ្រព្យសកម្មធនាគារ និងហិរញ្ញវត្ថុសរុបបានកើនឡើង ៩,៤ ភាគរយ ប្រាក់បញ្ញើកើនឡើង ១៧,៤ ភាគរយ និងការពង្រឹងដើមទុនកើនឡើង ២,៨ ភាគរយ (របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ធនាគារជាតិ នៃ កម្ពុជា)។ ការណ៍នេះបង្ហាញពីទំនុកចិត្តដ៏យូរអង្វែងរបស់អតិថិជនដែលជឿជាក់លើប្រព័ន្ធធនាគារ និងស្ថិរភាពនៃមូលធនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ទោះយ៉ាងណា វិស័យនេះក៏ជួបប្រទះនឹងឥណទានមិនដំណើរមានការកើនឡើង និងឥណទានមានកំណើនយឺត ជាពិសេសនៅក្នុងវិស័យដែលរងផលប៉ះពាល់ដោយសារកំណើនយឺតនៃសេដ្ឋកិច្ចសកល។

ក្នុងកំលុងឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពជាធនាគារខ្មែរតែមួយគត់ ដែលបានចូលរួមក្នុងចំណាត់ថ្នាក់ "Top 1000 World Banks 2025" ដោយទស្សនាវដ្ដី The Banker។ នេះជាឆ្នាំទី២ ដែលធនាគារ អេស៊ីលីដា រក្សាបានការទទួលស្គាល់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក។ ទន្ទឹមនឹងនោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសក្នុងការប្រកាសពីការទទួលបានលិខិតសរសើរពី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រេចបានចំណាត់ថ្នាក់លេខ ១ ប្រចាំឆ្នាំ២០២៥ ក្នុងការផ្តល់ប្រាក់កម្ចី និងទទួលប្រាក់បញ្ញើ ជាប្រាក់រៀល នៅក្នុងវិស័យធនាគារ ក្នុងប្រទេសកម្ពុជា ហើយធនាគារ អេស៊ីលីដា ក៏បានទទួលប័ណ្ណសរសើរ និងលើកទឹកចិត្ត ពីធនាគារជាតិនៃកម្ពុជា ដែលធនាគារ អេស៊ីលីដា បានគោរពតាមក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ តាមរយៈការបំពេញភារកិច្ច ដោយរៀបចំរបាយការណ៍ ជូនធនាគារជាតិនៃកម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន និងទាន់ពេលវេលា ដើម្បីធានាបាននូវនិរន្តរភាពនៃវិស័យធនាគារនៃកម្ពុជា។ លើសពីនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានរបាយការណ៍ពីភ្នាក់ងារវាយតម្លៃពិភពលោក — Standard & Poor's (S&P) ដែលបានរក្សាទុកចំណាត់ថ្នាក់ឥណទានរបស់ធនាគារនៅ "B+/Stable/B" ។ ទស្សនវិស័យវាយតម្លៃស្ថិរភាពនេះឆ្លុះបញ្ចាំងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបណ្ដុះប្រវត្តិរូបហិរញ្ញវត្ថុរយៈពេលវែងរបស់ខ្លួនជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចទាំងអស់។

បន្ថែមពីនេះទៀត ធនាគារ អេស៊ីលីដា បានបន្តធ្វើឱ្យប្រសើរឡើងនូវមុខងារស្វ័យប្រតិបត្តិការជាច្រើនលើ អេស៊ីលីដាម៉ូបាល ឃ្យូអរកូដ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត ស្របនឹងតម្រូវការរបស់អតិថិជន ព្រមទាំងវិវឌ្ឍនាការបច្ចេកវិទ្យាឌីជីថលឱ្យក្លាយជា អេស៊ី ស៊ូភើអេប។ ទន្ទឹមនឹងនេះ ធនាគារបានពង្រីកសេវាកម្មធនាគារស្វ័យប្រវត្តិចំនួននៅ២២២ ទីតាំង (៦៥ទីតាំងរាជធានីភ្នំពេញ និង១៥៧ទីតាំងនៅតាមបណ្តាខេត្ត) បន្ថែមលើសាខាធនាគារទាំង៣២១សាខា ទាំងបានបំពាក់ម៉ាស៊ីនអេធីអឹមចំនួន១.៦៥១គ្រឿង ម៉ាស៊ីនឆូតកាតចំនួន៦.៥០៦គ្រឿង និងឃ្យូអរកូដតាមសំណើសុំរបស់អតិថិជន សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់នៅតាមបណ្តាផ្សារ ហាងទំនិញ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មនានា នៅទូទាំងប្រទេស និងការទូទាត់ឆ្លងប្រទេស (QR Cross Border Payment) ជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥នេះ ធនាគារ មានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេបចំនួនច្រើនជាង ៥,៦៤លាននាក់ ជាពិសេសក្នុងនោះ មានដៃគូអាជីវកម្មសរុបជាង ០,៨លាននាក់។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបបានកើនឡើង ១.១៨៣,៤៥លានដុល្លារអាមេរិក ដល់ ១២.០១៧,២៨លានដុល្លារអាមេរិក ប្រាក់បញ្ញើសរុបបានកើនឡើងចំនួន ១.០១០,២១លានដុល្លារអាមេរិក ដល់ ៩.៣៦៩,២៧លានដុល្លារអាមេរិក សមតុល្យឥណទានសរុបបានកើនឡើងចំនួន ៥១៥,៤៣លានដុល្លារអាមេរិក ដល់ ៧.៦៣៤,៤៥លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២៤។ បើធៀបលទ្ធផលប្រចាំឆ្នាំ២០២៥ ទៅនឹងលទ្ធផលឆ្នាំ២០២៤ សម័្ពន្ធធនាគារទទួលបានប្រាក់ចំណេញចំនួន ១៩៩,៨៦លានដុល្លារអាមេរិក កើនឡើង ៦៤,៩១% ស្មើនឹង ៧៨,៦៧លានដុល្លារអាមេរិក។

យើងខ្ញុំសូមថ្លែងអំណរគុណ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាគហ៊ុនិក អតិថិជន និយោជិត និងជាពិសេសអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលតែងតែផ្តល់ការគាំទ្រចំពោះធនាគារដើម្បីទទួលបាននូវលទ្ធផលសម្រេចស្របតាមផែនការជាពិសេសក្នុងឆ្នាំ២០២៥។


លោកស្រី គឹម សុធាវី
ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩១ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖