www.acledabank.com.kh

navigate_nextព័ត៌មាន​ហិរញ្ញវត្ថុnavigate_nextរបាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ

របាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

"ក្នុងឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា នៅតែបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុ ដែលមានសុវត្ថិភាព ភាពធន់ និងនវានុវត្តន៍ ជាមួយនឹងបរិវត្តកម្មឌីជីថលនៅតែជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញវឌ្ឍនភាពរបស់យើង។ ការដាក់ឱ្យដំណើរការផលិតផល ដែលផ្តោតលើទិន្នន័យតាមពេលវេលាជាក់ស្តែងនៅក្នុង អេស៊ីលីដា ស៊ូភើអេប ដែលជាសមិទ្ធផលសម្រេចបានដ៏សំខាន់ក្នុងការបង្កើនបទពិសោធន៍ជូនអតិថិជន និងពង្រីកលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង។ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រព័ន្ធសាធារណៈ និងឯកជន យើងកំពុងបង្កើតសមារណកម្មប្រព័ន្ធអេកូ-ហិរញ្ញវត្ថុ ស្របពេលដែលយើងកំពុងដំណើរការយុទ្ធសាស្ត្រមនុស្ស និងបច្ចេកវិទ្យា (Phygital) ដោយធ្វើសមាហរណកម្មរវាងរូបវន្ត និងឌីជីថល តាមរយៈមនុស្ស ដំណើរការ និងបច្ចេកវិទ្យា។ វិធីសាស្ត្រនេះធានាបានគុណភាពសេវាកម្មដ៏រលូន ប្រសិទ្ធភាពប្រតិបត្តិការ និងការច្នៃប្រឌិត ដែលផ្តោតលើអតិថិជន នៅគ្រប់ចំណុចទំនាក់ទំនង ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព ក្នុងការបង្កើនទំនាក់ទងជាមួយបរិស្ថាន។ សម្លឹងទៅអនាគត យើងនឹងជំរុញសន្ទុះការរីកលូតលាស់នេះ តាមរយៈការពង្រីកវត្តមាននៅក្នុងតំបន់ ដើម្បីបង្កើនលទ្ធភាពស្វែងរកហិរញ្ញវត្ថុក្នុងទីផ្សារ ដែលមិនទាន់ទទួលបានសេវាកម្ម និងការវិនិយោគជាយុទ្ធសាស្ត្រក្នុងបច្ចេកវិទ្យា សុវត្ថិភាពសាយប័រ ទេពកោសល្យ និងនវានុវត្តន៍ឌីជីថល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ធ្វើឱ្យយើងអាចផ្តល់សេវាកម្មធនាគារប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន ដែលនៅតែជាស្ថាប័នប្រកបដោយទំនួលខុសត្រូវ និងសម្លឹងឆ្ពោះទៅមុខជានិច្ច។"

សមិទ្ធិផល​សម្រេច​បាន​ក្នុង​ឆ្នាំ២០២៥

ស្ថានភាពប្រកួតប្រជែង

ក្នុងឆ្នាំ២០២៥ ការពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល បានជំរុញដល់កំណើនវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបង្កើនការរំពឹងទុករបស់អតិថិជនចំពោះបទពិសោធន៍ការប្រើប្រាស់សេវាធនាគារ កាន់តែលឿន សាមញ្ញ និងសុវត្ថិភាពខ្ពស់ជាងមុន។ ការប្រកួតប្រជែងក្នុងចំណោមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (BFIs) កាន់តែខ្លាំងឡើង ដោយស្ថាប័ននានាបានពង្រីកការផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័ត (Mobile-First), ពង្រីកដៃគូអាជីវកម្ម និងការទូទាត់តាម KHQR, ព្រមទាំងការប្រកួតប្រជែងតាមរយៈយុទ្ធសាស្ត្រផ្សព្វផ្សាយពហុបណ្តាញ យុទ្ធសាស្រ្តថ្លៃ កម្មវិធីលើកទឹកចិត្ត និងភាពជាដៃគូប្រព័ន្ធអេកូឡូស៊ី។ បរិយាកាសនេះបានបង្កើនសម្ពាធដល់ស្ថាប័នក្នុងការផ្តល់សេវាធនាគារឌីជីថលដែលមានភាពធន់ រលូន និងទំនុកចិត្តខ្ពស់។

ក្នុងបរិការណ៍នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តពង្រឹងសមត្ថភាពសេវាកម្មធនាគារឌីជីថល និងស្វ័យសេវា រួមទាំងការធ្វើបរិវត្តកម្មសហថាមពល Phygital តាមរយៈ បណ្តាញសាខាដោយការរួមបញ្ចូលរវាងជំនាញមនុស្ស និងឌីជីថល ដើម្បីលើកកម្ពស់នូវការផ្តល់ផលិតផល-សេវាកម្មហិរញ្ញវត្ថុឈានមុខគេ និងបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងភាពងាយស្រួលជូនដល់អតិថិជន-សាធារណជន ជារួម។ សេវាធនាគារតាមទូរស័ព្ទចល័ត ជាមធ្យោបាយស្នូលសម្រាប់ការទូទាត់ប្រចាំថ្ងៃ និងប្រតិបត្តិការអាជីវកម្ម ដោយបង្កើនការប្រកួតប្រជែងផ្តោតខ្លាំងលើគុណភាព ការរចនា (UX/UI) ល្បឿនប្រតិបត្តិការ ស្ថិរភាពប្រព័ន្ធ និងការឆ្លើយតបអតិថិជនប្រកបដោយប្រសិទ្ធភាព។

អេស៊ីលីដា ស៊ូភើអេប (“ធនាគារពិតស្ថិតក្នុងដៃលោកអ្នក”) ជាថ្នាលស្នូលក្នុងការប្រកួតប្រជែង តាមរយៈការផ្តល់នូវសេវាហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ យ៉ាងទូលំទូលាយ គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈចំណុចប្រទាក់ងាយស្រួលប្រើប្រាស់។ ដោយគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អេស៊ីលីដា ស៊ូភើអេប មានអ្នកប្រើប្រាស់ ច្រើនជាង ៥,៦៤លាននាក់ និងដៃគូអាជីវកម្មជាង ០,៨០លានដៃគូ ឆ្លុះបញ្ចាំងពីកំណើនរីកលូតលាស់គួរឱ្យកត់សម្គាល់។

អតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារគ្រប់ប្រភេទ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលមានភ្ជាប់អ៊ីនធឺណែត រួមទាំងការទូទាត់តាម KHQR នៅទូទាំងប្រទេស និង ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត ជាមួយបណ្តាប្រទេសនានាក្នុងតំបន់។ ការតភ្ជាប់បណ្តាញទូទាត់ឆ្លងដែន ឃ្យូអរកូត (តាមរយៈប្រព័ន្ធបាគងកម្ពុជា) បានដាក់ឱ្យដំណើរការជោគជ័យជាមួយប្រទេស ថៃ វៀតណាម និងឡាវ ខណៈដំណាក់កាលទី១ ជាមួយជប៉ុន ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ និងតំណភ្ជាប់ ឃ្យូអរកូត រវាងកម្ពុជា–សិង្ហបុរី បានដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានមធ្យោបាយទូទាត់បន្ថែម រួមមានការបន្តដំណើរការ និងការសម្របសម្រួលការទូទាត់ឆ្លងដែនជាមួយប្រទេសឥណ្ឌា ហ្វីលីពីន និងម៉ាឡេស៊ី ដែលកំពុងអភិវឌ្ឍ ដើម្បីពង្រឹងប្រព័ន្ធអេកូទូទាត់ក្នុងតំបន់។ ការវិវឌ្ឍន៍ទាំងនេះបានពង្រឹងដំណើរការយុទ្ធសាស្ត្រមនុស្ស និងបច្ចេកវិទ្យា (Phygital) របស់ធនាគារ អេស៊ីលីដា តាមរយៈការអនុញ្ញាតឱ្យអតិថិជន និងពាណិជ្ជករធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថលឆ្លងដែន ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធធនាគារប្រកបដោយទំនុកចិត្ត និងសេវាកម្មដ៏ល្អប្រសើរ។

ចំណុច​សំខាន់ៗនៃ​ប្រតិបត្តិការ​ក្នុងឆ្នាំ២០២៥

សេវាកម្មហិរញ្ញវត្ថុ និង​ឥណទាន​សហគ្រាស​ខ្នាតតូច

ឥណទានខ្នាតតូចបានកើនឡើង ៨,៧១% ឬស្មើនឹង ២៧៩,៣៣លានដុល្លារអាមេរិក។ ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្សេងៗ បានកើនឡើង ៣៤,១៩% ឬស្មើនឹង ២១១,៧៣លានដុល្លារអាមេរិក។ ឥណទានគេហដ្ឋានមានចំនួន ១៤៥,៧០លានដុល្លារអាមេរិក។ សមតុល្យឥណទានសរុបមានចំនួន ៧.៦៣៥,៦២លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២៥។

សមតុល្យប្រាក់បញ្ញើរបស់សម្ព័ន្ធធនាគារបានកើនដល់ ៩.៣៦៩,២៧លានដុល្លារអាមេរិក នៅចុងឆ្នាំ២០២៥ កើនឡើង ១២,០៩% (ស្មើនឹង ១.០១០,២១លានដុល្លារអាមេរិក) ហើយមានគណនី ៦.៤៧០.៤៧១គណនី។ ប្រាក់បញ្ញើអតិថិជនឯកត្តជន ជាការរួមចំណែកចម្បងក្នុងកំណើនប្រាក់បញ្ញើសរុប ដោយមានការគាំទ្រពីអតិថិជនដាក់ប្រាក់តាំងពីដំបូង រួមទាំងបុគ្គលិកដែលប្រើប្រាស់សេវាប្រាក់បៀវត្សរបស់ធនាគារ និងអតិថិជននៅតាមជនបទដែលប្រើប្រាស់ អេស៊ីលីដា ស៊ូភើអេប។ ការបន្តពង្រីកផលិតផលធនាគារឌីជីថល បានរួមចំណែកសំខាន់ទៅលើកំណើននេះ និងជំរុញដល់ការលូតលាស់បរិយាបន្នហិរញ្ញវត្ថុ។

ដើម្បីគាំទ្រអតិថិជន អាជីវករ-ពាណិជ្ជករ និងសហគ្រាសធុនតូច-មធ្យម ទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព ធនាគារ អេស៊ីលីដា មានបណ្តាញសេវាចម្រុះ រួមមាន ការិយាល័យសាខាចំនួន ៣១៩កន្លែង និងទីតាំងការិយាល័យសេវាកម្មធនាគារស្វ័យប្រវត្តិចំនួន ២២២កន្លែង ម៉ាស៊ីនអេធីអឹមចំនួន ១.៦៥១ម៉ាស៊ីន និងម៉ាស៊ីនឆូតកាតចំនួន ៦.៥០៦គ្រឿង។ ធនាគារបានចេញប័ណ្ណឥណពន្ធចំនួន ១,៦២លានប័ណ្ណ និងប័ណ្ណឥណទានចំនួន ៦១.៦២៩ប័ណ្ណ ស្របពេលដែល អេស៊ីលីដា ស៊ូភើអេប បន្តកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានអ្នកប្រើប្រាស់លើសពី ៥,៦៤លាននាក់ នៅដំណាច់ឆ្នាំ២០២៥ រក្សាបានជាធនាគារដែលផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេ។

ឥណទានខ្នាតមធ្យម និងសាជីវកម្ម

ក្នុងឆ្នាំ២០២៥ សេវាចាត់ចែងសាច់ប្រាក់បានកើនឡើងយ៉ាងខ្លាំង តាមរយៈដៃគូជាមួយនឹងវិស័យសាធារណៈ រួមមាន បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) សេវាបើកប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ ការបង់ថ្លៃសេវាកម្មចុះបញ្ជី និងថ្លៃអាជ្ញាបណ្ណ ព្រមទាំងសេវាប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ។ល។ តម្រូវការប្រើប្រាស់សេវាទាំងនេះ តាមរយៈ អេស៊ីលីដា ស៊ូភើអេប បានកើនឡើងក្នុងឆ្នាំ២០២៥ ដោយមានស្ថាប័នជាតិ ព្រមទាំងសាជីវកម្ម នៅក្នុង និងក្រៅប្រទេស រួមទាំងស្ថាប័ននានា បានចូលរួមប្រើប្រាស់ ដែលជាឱកាសដ៏ល្អ សម្រាប់ការលក់ផលិតផល និងសេវាកម្មផ្សេងៗ ទៀត។

បន្ថែមលើនេះ ការផ្តល់ជូនសេវាកម្មដ៏ល្អ តាមរយៈបណ្តាញប្រតិបត្តិការទូទាំងប្រទេសរបស់ធនាគារ បានទាក់ទាញ និងជំរុញក្រុមហ៊ុនអាជីវកម្មខ្នាតមធ្យម និងសាជីវកម្មយ៉ាងខ្លាំង ឱ្យទទួលស្គាល់គុណភាពខ្ពស់ មានភក្ដីភាព និងជ្រើសរើសធនាគារ ជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាព ជាអាទិភាពទីមួយ សម្រាប់ការចាត់ចែង និងប្រភពហិរញ្ញវត្ថុ សម្រាប់គាំទ្រការទូទាត់ និងប្រតិបត្តិអាជីវកម្មរបស់ពួកគេ។ សេវាកម្មចម្រុះសម្បូរបែបទាំងនេះ ផ្ដល់អត្ថប្រយោជន៍ និងមានឥទ្ធិពលជាវិជ្ជមានដ៏យ៉ាងធំធេងលើលំហូរសាច់ប្រាក់ជារូបិយវត្ថុជាតិរបស់ធនាគារ និងបានធ្វើឱ្យធនាគារមានលទ្ធភាពប្រមូលប្រភពធនធានហិរញ្ញវត្ថុជារូបិយវត្ថុរៀល ដើម្បីពង្រឹង និងពង្រីកការផ្តល់ឥណទានជាប្រាក់រៀលបានកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងនេះ ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម បានកើនទ្បើង០,១៤% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួនស្មើនឹង៣២,៧២% នៃសមតុល្យឥណទានសរុប។

លើសពីនេះទៅទៀត ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូយុទ្ធសាស្រ្តរយៈពេលវែង ដែលមានបទពិសោធន៍ដ៏សម្បូរបែប ដែលមានសក្ដានុពលភាពច្រើន ក្នុងការជួយអតិថិជនឱ្យអាចគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាមួយគ្នានេះ ភាពជាដៃគូទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ប្រភពមូលនិធិរយៈពេលវែងដល់ធនាគារ និងជាប្រភពនៃប្រាក់ចំណូលក្រៅតារាងតុល្យការ ហើយទន្ទឹមគ្នានោះ ក៏បានលើកកម្ពស់ជំនាញ និងបទពិសោធន៍អន្តរជាតិ សម្រាប់ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ធនាគារ។

រតនាភិបាល ក្នុងប្រទេស និងអន្តរជាតិ

ធនាគារបន្តរក្សាបានជាស្ថាប័នផ្តល់សេវាប្តូររូបិយប័ណ្ណដ៏លេចធ្លោមួយ ក្នុងការបម្រើវិស័យហិរញ្ញវត្ថុ ជូនសាធារណជនទូទៅយ៉ាងទូលំទូលាយ។ ធនាគារសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំណូលមិនមែនការប្រាក់ដល់ធនាគារ។ ដោយអនុលោមតាមគោលនយោបាយគ្រប់គ្រងហានិភ័យផ្ទៃក្នុង ធនាគារមិនជួញដូររូបិយប័ណ្ណក្នុងគោលបំណង Speculative នោះទេ ប៉ុន្តែផ្តោតសំខាន់តែទៅលើការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់អតិថិជនប៉ុណ្ណោះ។ ហានិភ័យទីផ្សារត្រូវបានកាត់បន្ថយ តាមរយៈការគ្រប់គ្រងរូបិយប័ណ្ណចំហ (Open Positions) ឱ្យស្ថិតក្នុងអនុបាតដ៏ប្រុងប្រយ័ត្ន ស្របតាមគោលនយោបាយគ្រប់គ្រងហានិភ័យផ្ទៃក្នុង និងបទប្បញ្ញត្តិរបស់អាជ្ញាធរ។ យុទ្ធសាស្ត្រនេះគឺអាចធានាបាននូវនិរន្តរភាពចំណូល និងកំណើនដ៏មានស្ថិរភាព ព្រមទាំងអាចពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងភាពជាដៃគូយូរអង្វែង។

តាមរយៈលំហូរដ៏រឹងមាំដែលទទួលបានពីប្រាក់បញ្ញើ និងការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ បានជួយពង្រឹងតារាងតុល្យការរបស់ធនាគារពីមួយឆ្នាំទៅមួយឆ្នាំ។ មូលដ្ឋានគ្រឹះនៃប្រភពទុនដ៏រឹងមាំនេះ បានជួយទ្រទ្រង់ដល់កំណើនសំពាធឥណទានជាបន្តបន្ទាប់ និងផ្តល់នូវភាពបត់បែនផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រីកប្រតិបត្តិការ ស្របតាមយុទ្ធសាស្ត្ររបស់ធនាគារ។

ធនាគារបានគាំទ្រយ៉ាងសកម្ម និងចូលរួមក្នុងកម្មវិធីនានារបស់រដ្ឋាភិបាល ជាពិសេសធនាគារជាតិ នៃកម្ពុជា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងពង្រឹងទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា តាមរយៈការប្រើប្រាស់ប្រាក់រៀល ការផ្តល់ឥណទានជាប្រាក់រៀល។ គិតត្រឹមឆ្នាំ២០២៥ ផលប័ត្រឥណទានសរុបរបស់ធនាគារ ជាប្រាក់រៀលមានប្រមាណ ២១,៣៧% នៃសម្ពាធឥណទានសរុប ដែលចំនួននេះគឺលើសពីកម្រិតអប្បបរមានៃបទប្បញ្ញត្តិដែលកំណត់ត្រឹមតែ ១០% ប៉ុណ្ណោះ។ ជាងនេះទៅទៀត ធនាគារបានវិនិយោគលើសញ្ញាបណ្ណរដ្ឋាភិបាលដែលមានតម្លៃសរុបចំនួន ៣០៨ពាន់លានរៀល (ប្រហែល៧៧លានដុល្លារអាមេរិក)។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារកំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុ។

ធនាគារបានរក្សា និងពង្រីកបណ្តាញប្រភពទុនរបស់ខ្លួន តាមរយៈការពង្រឹងទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រនានានៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី។ លើសពីនេះ គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារបានបង្កើនទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុនានា ដោយទាញយកអត្ថប្រយោជន៍ពីបណ្តាញធនាគារដៃគូអន្តរជាតិរហូតដល់ ២៣០ ធនាគារ ដែលមានទីតាំងក្នុង៣៩ប្រទេស។ បណ្តាញដ៏រឹងមាំនេះ បង្ហាញឱ្យឃើញពីភាពជឿជាក់ និងការផ្សារភ្ជាប់ទំនាក់ទំនងរបស់ខ្លួនទៅកាន់សកលលោក។

ធនាគារនៅតែបន្តអនុវត្តតាមគោលនយោបាយគ្រប់គ្រងហានិភ័យផ្ទៃក្នុង បទប្បញ្ញត្តិ និងលក្ខខណ្ឌប្រុងប្រយ័ត្ននានារបស់ម្ចាស់កម្ចី ដើម្បីធានាបាននូវស្ថិរភាព និងទំនុកចិត្តនៅក្នុងប្រតិបត្តិការរបស់ខ្លួន។

យុទ្ធសាស្រ្ត​អាទិភាព​សម្រាប់​ឆ្នាំ២០២៦

ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត!

ដើម្បីអនុវត្តទិសដៅយុទ្ធសាស្ត្ររបស់ធនាគារឱ្យស្របតាមផែនការអាជីវកម្មដែលបានប្រកាស យើងបានអនុវត្ត និងតាមដានផែនការសកម្មភាពអាទិភាពតាមរយៈវិធីសាស្ត្រអនុវត្តដែលមានភាពបត់បែន ដោយអនុវត្ត agile methodology ស្របតាមស្ថានភាពសមស្រប និងជាក់ស្តែង។

ក្នុងឆ្នាំ ២០២៥ ធនាគារបានបន្តជំរុញយុទ្ធសាស្ត្រ Mobile-First ដោយពង្រឹងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ អេស៊ីលីដា ស៊ូភើអេប, អភិវឌ្ឍ និងអនុវត្ត AI ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពប្រតិបត្តិការ កែលម្អ UI/UX, ព្រមទាំងពង្រីកសេវាបង់ប្រាក់ឌីជីថល និងសេវាកម្មក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីបង្កើនការប្រើប្រាស់ស្វ័យសេវារបស់អតិថិជន (Self-Service)។

បង្កើនល្បឿននៃការធ្វើឌីជីថលនីយកម្មសេវាឥណទាន តាមរយៈ Loan Origination System (LOS) ដោយកាត់បន្ថយការប្រតិបត្តិការដោយដៃ និងពង្រឹងប្រព័ន្ធវាយតម្លៃហានិភ័យឥណទាន, ការតាមដាន, និងរបាយការណ៍គ្រប់គ្រង។

ជាមួយគ្នានេះដែរ ប្រព័ន្ធដំណើរការសំខាន់ៗរបស់ធនាគារត្រូវបានកែលម្អ និងផ្ទេរទៅកាន់បណ្តាញឌីជីថល តាមរយៈស្វ័យប្រវត្តិកម្មកាន់តែច្រើន និងការអនុវត្តដំណើរការឥណទានឌីជីថលពីចាប់ផ្តើមដល់ចុងបញ្ចប់ (End-to-End Digital Loan Journey) ដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់ពាក្យខ្ចីប្រាក់ រហូតដល់ការទទួលបានប្រាក់ តាមរយៈបណ្តាញប្រតិបត្តការឌីជីថលទាំងស្រុង។ ការងារនេះត្រូវបានគាំទ្រដោយ ការរួមបញ្ចូលទិន្នន័យកាន់តែប្រសើរ, ការកែលម្អប្រព័ន្ធត្រួតពិនិត្យ, និងការភ្ជាប់ជាមួយដៃគូដោយសុវត្ថិភាពតាមរយៈ API។

ការធ្វើឌីជីថលនីយកម្មធនធានមនុស្ស ត្រូវបានបន្តអភិវឌ្ឍ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញថ្មី និងការបង្កើនជំនាញ ការធ្វើឱ្យប្រព័ន្ធ HR ទាន់សម័យ ការបង្កើនផលិតភាពការងារ ព្រមទាំងការពង្រឹងសីលធម៌ និងអភិបាលកិច្ច។

ធនាគារបានពង្រឹង ស្ថិរភាពមូលនិធិ និងសាច់ប្រាក់ តាមរយៈការប្រមូលប្រាក់បញ្ញើ និងការគៀងគរមូលនិធិពីប្រភពផ្សេងៗ ដោយមានការគាំទ្រពីការកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុ (Treasury) ស្របតាមបទប្បញ្ញត្តិ។

យុទ្ធសាស្ត្រម៉ាក និងសហគមន៍ ផ្តោតលើការកែលម្អបទពិសោធន៍អតិថិជន ការបង្កើនភាពមើលឃើញនិងទាក់ទាញនៃទីតាំងបម្រើសេវាកម្ម ការពង្រីកកិច្ចសហការណ៍ និងការបន្តសកម្មភាព CSR ដើម្បីពង្រឹងការទុកចិត្តពីសាធារណជន។

បន្តពង្រឹងស្ថិរភាពប្រព័ន្ធ IT សមត្ថភាពទិន្នន័យ ការត្រៀមខ្លួនសម្រាប់ Open Banking, និងការគ្រប់គ្រងសន្តិសុខសាយប័រ (Cyber Security) និងការយល់ដឹង (Literacy) ព្រមទាំងបន្តពង្រឹងភាពជាដៃគូ ការគាំទ្រក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការជំរុញគោលការណ៍ ESG និងគម្រោងអភិវឌ្ឍប្រកបដោយចីរភាព។

បញ្ហាចម្បង​ក្នុង​ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ ធនាគារត្រូវបានរំពឹងថានឹងប្រឈមមុខនឹងបរិយាកាសប្រតិបត្តិការដែលមានភាពតានតឹងកាន់តែខ្លាំង ដោយសារតែភាពតានតឹងតាមព្រំដែន និងហានិភ័យសន្តិសុខមូលដ្ឋាន ការកែតម្រូវបន្តនៅក្នុងវិស័យអចលនទ្រព្យ និងសម្ពាធពីពន្ធនាំចេញ–នាំចូល និងពាណិជ្ជកម្ម។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្ត និងការផ្លាស់ទីនៅតំបន់ខ្លះៗតាមព្រំដែន បណ្តាលឱ្យមានការរំខានដល់ជីវភាពរស់នៅ និងសកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែន ព្រមទាំងបង្កើនសម្ពាធលើគ្រួសារអាជីវកម្មក្រៅប្រព័ន្ធ និង SME ដែលអាចប៉ះពាល់ដល់លំនាំប្រតិបត្តិការ ការផ្ទេរប្រាក់ កម្រិតតម្រូវការឥណទាន និងសមត្ថភាពសងបំណុល។

តាមទស្សនៈម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចពិតប្រាកដ (Real GDP Growth) របស់កម្ពុជា ត្រូវបានព្យាករណ៍ថានឹងថយចុះពី ៤,៨% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម ៤,០% ក្នុងឆ្នាំ ២០២៦ តាម IMF និងពី ៤,៨% ក្នុងឆ្នាំ២០២៥ មកនៅប្រហាក់ប្រហែល ៤,៣% ក្នុងឆ្នាំ២០២៦ តាម World Bank។

ក្នុងបរិបទនេះ ធនាគារនឹងផ្តោតសំខាន់លើ ផលិតផលឥណទានឌីជីថល ដើម្បីបង្កើនល្បឿន ភាពងាយស្រួល និងប្រសិទ្ធភាពប្រតិបត្តិការ ខណៈពង្រឹងការគ្រប់គ្រង និងការតាមដានហានិភ័យ។ អាទិភាពនឹងត្រូវផ្តល់ជូនការពង្រីកដំណើរការឥណទានឌីជីថលពីចាប់ផ្តើមដល់ចុងបញ្ចប់ រួមមាន ឥណទានប្រាក់បៀវត្ស, ឥណទាន BNPL, ឥណទានធានាដោយប្រាក់បញ្ញើ, និងឥណទានសម្រាប់ពាណិជ្ជករ និង SME តាមប្រព័ន្ធឌីជីថល ដោយមានការគាំទ្រពីប្រព័ន្ធឥណទានឌីជីថល និងពាក់កណ្តាលឌីជីថល រួមទាំង Loan Origination System (LOS)។ វានឹងអនុញ្ញាតឱ្យមានការសម្រេចចិត្តលឿន កាត់បន្ថយប្រតិបត្តិការដោយដៃ ពង្រឹងប្រព័ន្ធវាយតម្លៃឥណទាន និងធ្វើឱ្យគុណភាពសមតុល្យឥណទានកាន់តែប្រសើរ។

ជាមួយគ្នានេះដែរ ធនាគារត្រូវរក្សាតុល្យភាពរវាងកំណើន និងភាពប្រុងប្រយ័ត្ន ដោយពង្រឹងវិន័យឥណទាន ប្រព័ន្ធតាមដាន Early-Warning និងការតាមដានគុណភាពសមតុល្យឥណទាន ការគ្រប់គ្រងយ៉ាងជិតស្និទ្ធលើការប៉ះពាល់ពីវិស័យអចលនទ្រព្យ និងការវាយតម្លៃទ្រព្យធានា ព្រមទាំងការរក្សាស្ថិរភាពមូលនិធិ និងសាច់ប្រាក់។ ការអនុវត្តយុទ្ធសាស្ត្រខាងលើបានជោគជ័យ ទាមទារការសម្របសម្រួលនៃកិច្ចសហថាមពលប្រកបដោយវិន័យ និងសហប្រតិបត្តិការខ្ពស់ ការគ្រប់គ្រងទិន្នន័យប្រកបដោយស្តង់ដារ និងការផ្តោតលើសន្តិសុខសាយប័រ (Cyber Security) ការពារពីការក្លែងបន្លំ ភាពធន់ប្រតិបត្តិការ និងការអនុលោមតាមបទប្បញ្ញត្តិ ព្រមទាំងការគ្រប់គ្រងលើឌីជីថលនីយកម្មធនធានមនុស្ស ដើម្បីធានាឱ្យបុគ្គលិក និងអតិថិជនអាចទទួលយកសេវាកម្មថ្មីៗប្រកបដោយទំនុកចិត្ត។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះអតិថិជន ដៃគូអាជីវកម្ម ភាគហ៊ុនិក និងកម្មករនិយោជិត សម្រាប់ការជឿជាក់ ការបន្តការគាំទ្រ និងការយកចិត្តទុកដាក់។


បណ្ឌិត អ៊ិន ចាន់នី
ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០២៦

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៩ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖