www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​ទីតាំង​ថ្មី សាខា​ខេត្តកោះកុង

ធនាគារ​អេស៊ីលីដា សម្ពោធ​ទីតាំង​ថ្មី សាខា​ខេត្តកោះកុង

ថ្ងៃ​ទី០៤ ខែកក្កដា ឆ្នាំ​២០០៨

គណៈប្រតិភូ ថ្នាក់ដឹកនាំ និង​បុគ្គលិក សាខា​ខេត្តកោះកុង​
គណៈប្រតិភូ ថ្នាក់ដឹកនាំ និង​បុគ្គលិក សាខា​ខេត្តកោះកុង​

នៅ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០០៨ ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កោះ​កុង បាន​បើក​សម្ពោធ​ជាផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្តម យុទ្ធ ភូថង អភិបាល​ខេត្តកោះកុង និង​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ។

ឯកឧត្តម យុទ្ធ ភូថង អភិបាល​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ថា ទីតាំង​ថ្មី​របស់​ធនាគារ​អេស៊ីលីដា​សាខា​ខេត្តកោះកុង​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម ហើយ​ការិយាល័យ​ថ្មី​នេះ​បង្កើត​ឡើង​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​នៅ​ខេត្ត​កោះកុង​កំពុងតែ​មាន​ការ​រីក​ចម្រើន ។ ឯកឧត្តម​បាន​ចូល​រួម​អបអរ​សាទរ និង​​កោត​សរសើរ​ចំ​ពោះ​ថ្នាក់​ដឹកនាំ​របស់​ធនាគារ​អេស៊ីលីដា ដែល​ធ្វើឱ្យ​ធនាគារ​មាន​ការរីក​ចម្រើន ដែល​ទាំង​នេះ​សុទ្ធសឹង​តែ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍យ៉ាង​ច្រើន​ដល់​ប្រជាជន និង​អ្នក​ជំនួញ​ខេត្តកោះកុង​ទទួល​បាន​នូវ​ប្រភព​ធនធានផ្នែក​ហិរញ្ញវត្ថុ ។

លោក ស៊ឹម កំសត់ នាយក​ធនាគារ​អេស៊ីលីដា​ សាខា​ខេត្តកោះកុង បាន​ថ្លែង​ថា ដោយ​សារ​តែ​ឧត្តមភាព​ទីផ្សារ​ល្អ សាខា​ខេត្ត​កោះកុង​បាន​កម្លាយ​ខ្លួន​យ៉ាង​រហ័ស​ពី​ការិយាល័យ​ស្រុក​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សាខា​ក្រុង​ព្រះសីហនុ នៅ​ខែធ្នូ ឆ្នាំ២០០៣ ទៅ​ជា​សាខា​ខេត្ត​នៅ​ដើម​ខែ​មករា ឆ្នាំ២០០៦ ។ បច្ចុប្បន្ន សាខា​នេះ​កំពុង​តែ​ប្រតិបត្តិ​នៅ​ក្នុង​ស្រុក​ចំនួន៤ គឺ ស្រុក​ស្មាច់មានជ័យ ស្រុក​មណ្ឌលសីមា ស្រុកកោះកុង និង​ស្រុកគិរីសាគរ និង​កំពុង​បន្ត​ត្រៀម​ប្រតិបត្តិការ​នៅ​ក្នុង​ស្រុក​ថ្មបាំង​នា​ពេល​ឆាប់ៗខាង​មុខ​នេះ ។ គិត​មក​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ ធនាគារ​អេស៊ីលីដា​សាខា​ខេត្តកោះកុង​មាន​បុគ្គលិក​បម្រើ​ការ​​ចំនួន ៤៦នាក់ ហើយ​ទ្រព្យ​សកម្ម​មាន​ចំនួន ៦.០០៧.៩៦៧ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​ក្នុង​ដៃ​អតិថិជន ១.១៨៧នាក់ មាន​ទឹកប្រាក់​ចំនួន ៥.០៤២.៤០៥ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ចំនួន ៣.៣២៩នាក់ ​ដាក់​ប្រាក់​បញ្ញើ​សន្សំ ដែល​មាន​ទឹក​ប្រាក់​​សរុប​ជិត ​៦លាន​ដុល្លារ​អាមេរិក ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​បន្ថែម​ថា ធនាគារ​អេស៊ីលីដា បាន​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ជាង​១៥​ឆ្នាំ​​មក​ហើយ តាមរយៈ​សាខា និង​ការិយាល័យ​ទាំង ២១៤ គ្រប់​ខេត្ត-​រាជធានី​ទាំង ២៤ ព្រមទាំង​សាខា និង​ការិយាល័យ​ចំនួន ៣​ទៀត នៅ​ក្នុង​ប្រទេស​ឡាវ ។ លោក​មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​សំណង់​អគារ​ការិយាល័យ​ថ្មី​នេះ ដែល​បាន​សាងសង់​តាម​ស្តង់ដារ​របស់​ធនាគារ ស្រប​តាម​យុទ្ធសាស្ត្រ​យូរ​អង្វែង ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ទំនាក់​ទំនង​ជាមួយ​អតិថិជន ជាពិសេស គឺ​ការពារ​សុវត្ថិភាព​ទ្រព្យ​សម្បត្តិ​របស់​អតិថិជន ដែល​កំពុង​ប្រើប្រាស់​សេវា​ធនាគារ ព្រមទាំង​ផ្តល់​ផាសុកភាព និង​សុវត្ថិភាព​ការងារ​ដល់​បុគ្គលិក​ដែល​បាន និង​កំពុង​បម្រើ​ការងារ​ផងដែរ ។ នៅ​បំណាច់​ខែឧសភា ឆ្នាំ​២០០៨​នេះ ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ​អេស៊ីលីដា​ទាំងមូល​កើនដល់​ចំនួន ៦៣៤​លាន​ដុល្លារ​អាមេរិក រួម​ទាំង​សមិទ្ធិផល​របស់​សាខា​ខេត្ត​កោះកុង ហើយ​ទ្រព្យ​សកម្ម​នេះ នឹង​កើន​ដល់ ១.០០០​លាន​ដុល្លារ​អាមេរិក នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​ជា​មធ្យោបាយ​ដ៏​មុត​ថ្លា​ដើម្បី​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។

ដើម្បី​អបអរ​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ផងដែរ ​លោក​ប្រធាន​នាយក​ប្រតិបត្តិ បាន​ប្រកាសឱ្យ​សាធារណជន​បាន​ដឹង នូវ​ការ​ដាក់ឱ្យ​ប្រើ​ប្រាស់​ ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ថ្នាក់​អន្តរជាតិ ដើម្បី​សម្រួល​ជូន​អតិថិជន និង​សាធារណជន​អាច​ធ្វើ​ការ​ដក​ប្រាក់​ និង​ទូទាត់​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​តាម​ម៉ាស៊ីន​អេធីអឹម និង​ម៉ាស៊ីន​ទូទាត់​ប្រាក់​ ដែល​មាន​ស្លាក​សញ្ញា VISA ទូទាំង​ប្រទេស និង​ពាសពេញ​ពិភពលោក ចេញ​ពី​គណនី​ដែល​កំពុងតែ​មាន​ជាមួយ​ធនាគារ​អេស៊ីលីដា​បាន ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ និង ៣៦៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ។

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣៦៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖