navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធការិយាល័យសាខាកំពង់ថ្ម
ពិធីសម្ពោធការិយាល័យធនាគារអេស៊ីលីដា ភីអិលស៊ី សាខាកំពង់ថ្ម
ថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩ ធនាគារអេស៊ីលីដា សាខាកំពង់ថ្ម មានទីតាំងស្ថិតនៅអគារលេខ៤៣ ផ្លូវជាតិលេខ៦ ក្រុមទី០៣ ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីក្នុងឱកាសនោះមាន ៖ ឯកឧត្តមអភិបាល ឯកឧត្តមអភិបាលរង លោកស្នងការនគរបាល លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកនាយកធនាគារជាតិនៃកម្ពុជាសាខាខេត្តកំពង់ធំ លោកប្រធាន អនុប្រធាន និងក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដា លោកប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន ។
លោក ឡេង ម៉េង នាយកធនាគារអេស៊ីលីដា សាខាកំពង់ថ្ម បានថ្លែងថា "ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាកំពង់ថ្ម បានបង្កើតឡើងនៅថ្ៃងទី០១ ខែសីហា ឆ្នាំ២០០១ ក្នុងលក្ខណៈជាការិយាល័យស្រុក ក្រោមការគ្រប់គ្រងរបស់សាខាខេត្តកំពង់ធំ ។ ដោយសារឧត្តមភាព ទីផ្សារល្អក៏បានកម្លាយខ្លួនទៅជាសាខាពេញលេញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៧ ។ បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាកំពង់ថ្ម មានបណ្តាញប្រតិបត្តិការចំនួន ០៥ គឺ ៖ ការិយាល័យ សាខាកំពង់ថ្ម, ការិយាល័យតាំងគោក ស្រុកបារាយណ៍, ការិយាល័យប៉ុស្តិ៍សេវាកម្ម ឃុំបារាយណ៍ ស្រុកបារាយណ៍, ការិយាល័យប៉ុស្តិ៍សេវាកម្ម ឃុំក្រវ៉ា ស្រុកបារាយណ៍, និងការិយាល័យប៉ុស្តិ៍សេវាកម្ម តាំងក្រសាំង ស្រុកសន្ទុក ។"
លោកបានបន្តទៀតថា "គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាកំពង់ថ្ម មានបុគ្គលិកសរុបចំនួន ៧២នាក់ កំពុងបម្រើការងារ ។ ទ្រព្យសកម្មមានជាង ៥លានដុល្លារអាមេរិក សមតុល្យឥណទានមានចំនួនជិត ៥លានដុល្លារអាមេរិក ផ្តល់ជូនអតិថិជនជាង ៣.៨០០នាក់ និងមានអតិថិជនជាង ១.០០០នាក់ទៀត បាននិងកំពុងដាក់ប្រាក់បញ្ញើសន្សំជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី សាខាកំពង់ថ្ម ដែលមានទឹកប្រាក់សរុបចំនួនជិត ០,៥ លានដុល្លារអាមេរិក និងអតិថិជនជាច្រើនទៀតបាន និងកំពុងប្រើប្រាស់សេវាផ្សេងៗទៀតផងដែរ ។ ពេលនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាកំពង់ថ្ម បានប្តូរទីតាំងមកអគារការិយាល័យថ្មី ដែលបានសាងសង់ឡើងតាមលក្ខណៈស្តង់ដារ ធនាគារពាណិជ្ជ ដោយយកចិត្តទុកដាក់ខ្លាំងលើការរក្សាសន្តិសុខ កំណារពារអគ្គិភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាពការងារ ។"
ឯកឧត្តម ណាំ ទុំ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា "អគារការិយាល័យថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាកំពង់ថ្ម ត្រូវបានរៀបចំឡើងស្របពេលដែលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្រុកបារាយណ៍ កំពុងមានការរីកចម្រើន មានស្ថិរភាព និងមានកំណើនលើសពីការរំពឹងទុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការវិវឌ្ឍរបស់ធនាគារអេស៊ីលីដា សាខាកំពង់ថ្ម ជាសក្ខីកម្ម ដែលបញ្ជាក់ពីការរីកចម្រើន ពីភាពរឹងមាំ និងថែមទាំងបានបង្ហាញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រុកបារាយណ៍ ។"
ឯកឧត្តមបានបន្ថែមទៀតថា "ឆ្លៀតឱកាសនេះ ក្នុងនាមរូបខ្ញុំបាទផ្ទាល់ តំណាងឱ្យអាជ្ញាធរខេត្តកំពង់ធំ ខ្ញុំសូមសំដែងការអបអរសាទរនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ជាពិសេសថ្នាក់ដឹកនាំធនាគារអេស៊ីលីដា សាខាកំពង់ថ្ម និងសូមគាំទ្រយ៉ាងពេញទំហឹង និងស្វាគមន៍នូវដំណើរការវិវឌ្ឍរបស់ធនាគារអេស៊ីលីដា សាខាកំពង់ថ្មនេះ ។ ខ្ញុំគិតថា ការរីកចម្រើន និងការវិវឌ្ឍរបស់ធនាគារអេស៊ីលីដា សាខាកំពង់ថ្ម ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះប្រជាពលរដ្ឋ និងអ្នកជំនួញនៅក្នុងស្រុកទាំងមូល ទទួលបាននូវប្រភពធនធានហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាកត្តាដ៏គន្លឹះ ក្នុងការចូលរួមបង្កើតឱ្យមានការងារនិងប្រភពចំណូល និងចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ ជាពិសេសស្រុកបារាយណ៍ទាំងមូល ។"
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា "នេះជាឆ្នាំទី១៦ហើយ ដែល អេស៊ីលីដា បានបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន និងសាធារណៈជនគ្រប់មជ្ឍដ្ឋាន តាមរយៈសាខា និងការិយាល័យចំនួន ២២៦ គ្រប់ខេត្ត-រាជធានីទាំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា និងសាខានិងការិយាល័យចំនួន ០៣ នៅក្នុងប្រទេសឡាវ ។ ថ្ងៃនេះ ខ្ញុំបាទមានមោទនភាពយ៉ាងខ្លាំង ចំពោះសំណង់អគារការិយាល័យនេះ ដែលបានសាងសង់តាមស្តង់ដាររបស់ធនាគារ ស្របតាមយុទ្ធសាស្ត្រយូរអង្វែងរបស់ធនាគារ ដើម្បីទទួលបម្រើអតិថិជន និងបង្កឱ្យមានភាពងាយស្រួលដល់អតិថិជន ធ្វើការទំនាក់ទំនង និងប្រើប្រាស់សេវាហិរញ្ញវត្ថុនានា ជាពិសេស គឺការពារសុវត្ថិភាពទ្រព្យសម្បត្តិរបស់អតិថិជនដែលបាន និងកំពុងប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ព្រមទាំងបង្កឱ្យមានផាសុកភាព និងសុវត្ថិភាពការងារ ដល់បុគ្គលិកដែលបាន និងកំពុងបម្រើការងារ ។"
លោក អ៊ិន ចាន់នី បានបន្តទៀតថា "ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងខ្ពស់បំផុតចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគហ៊ុនិក កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ទាំង ៦.១២៨នាក់ និងអតិថិជនវៃឆ្លាតទាំង ៨០ម៉ឺននាក់ ដែលតែងតែជួយគាំទ្រទាំងមធ្យោបាយ កំលាំងកាយ កំលាំងចិត្ត និងសហការយ៉ាងពេញទំហឹង ព្រមទាំងចូលរួមវិវត្តជាមួយធនាគារ អេស៊ីលីដា តាំងពីដើមរៀងមក ធ្វើឱ្យទ្រព្យសកម្មរបស់ធនាគារអេស៊ីលីដា កើនដល់ចំនួន ៦៨៨លានដុល្លារ នៅបំណាច់ឆ្នាំ២០០៨ រួមទាំងសមិទ្ធផលរបស់សាខាកំពង់ថ្ម ដូចដែលលោកនាយកសាខាបានជម្រាបជូនក្នុងរបាយការណ៍មុននេះ ហើយទ្រព្យសកម្មនេះ នឹងកើនដល់ ១.០០០លានដុល្លារ នាពេលដ៏ខ្លីខាងមុខ ។ នេះបង្ហាញឱ្យឃើញថាសម្ព័ន្ធភាពដ៏រឹងមាំរបស់យើងទាំងអស់គ្នា ជាឧបករណ៍និងជាកត្តាលិករដ៏សំខាន់បំផុត និងជាមធ្យោបាយដ៏មុតថ្លាដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ៕"