www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​ការិយាល័យ​សាខា​​ខេត្តកណ្តាល

ពិធី​សម្ពោធ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​​ខេត្តកណ្តាល

ការិយាល័យ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​​ខេត្តកណ្តាល
ការិយាល័យ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​​ខេត្តកណ្តាល

ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៩

នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០០៩ ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​កណ្តាល មាន​ទីតាំង​ស្ថិត​នៅ​អគារលេខ១៥ ផ្លូវជាតិលេខ២ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល  បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈអធិបតី​ក្នុង​ឱកាស​នោះ​មាន ៖ ឯកឧត្តម​អភិបាល​រង​ខេត្តកណ្តាល លោក​ប្រធាន អនុ​ប្រធាន និង​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា លោក​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា អនុ​ប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​ប្រធាន​នាយក-នាយិកា​ប្រតិបត្តិ នាយក-នាយិកា​ធនាគារ​អេស៊ីលីដា និង​ភ្ញៀវ​កិត្តិយស​ជាតិ-អន្តរជាតិ​ជា​ច្រើន ។

លោក ស៊ិន ឈិន នាយក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​កណ្តាល
លោក ស៊ិន ឈិន នាយក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​កណ្តាល

លោក ស៊ិន ឈិន នាយក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​កណ្តាល មាន​ប្រសាសន៍​ថា "គិត​ត្រឹម​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តកណ្តាល មាន​បុគ្គលិក​ចំនួន ១៤០នាក់ កំពុង​បម្រើ​ការងារ ។ ទ្រព្យ​សកម្ម​មាន​ជិត ១២លានដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​មាន​ចំនួន​ជាង ១១លាន​ដុល្លារ​អាមេរិក ផ្តល់​ជូន​អតិថិជន​ជាង ៥.១៩៥នាក់ និង​មាន​អតិថិជន ១០.៤២៦នាក់​ បាន​និង​កំពុង​ដាក់​ប្រាក់​បញ្ញើ-សន្សំ​ជាមួយ​ធនាគារ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ជិត ៥លាន​ដុល្លារ​អាមេរិក និង​អតិថិជន​ជា​ច្រើន​ទៀត​បាន​និង​កំពុង​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត ។"

លោក​បាន​បន្ត​ទៀត​ថា "ពេលនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តកណ្តាល បាន​ប្តូរ​ទី​តាំង​មក​អគារ​ការិយាល័យ​ថ្មី ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម និង​បាន​សាង​សង់​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​រក្សា​សន្តិសុខ កំណារ​ពារ​អគ្គិភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ការងារ ។ អគារ​នេះ​មាន​កម្ពស់ ២ជាន់​កន្លះ និង​មាន​ផ្ទៃ​ក្រឡា​សម្រាប់​បំពេញ​ការងារ​ធំ​​ទូលាយ ។ គួរ​រំលឹក​ផង​ដែរ​ថា ធនាគារ អេស៊ីលីដា សាខា​ខេត្តកណ្តាល បាន​បង្កើត​ឡើង​តាំង​ពី​ដើមឆ្នាំ២០០១ ក្នុង​លក្ខណៈ​ជា​ការិយាល័យ​ស្រុក និង​បាន​កម្លាយ​ខ្លួន​ទៅ​ជា​សាខា​ពេញលេញ​នៅ​ខែកុម្ភៈ ឆ្នាំ២០០៦ ។"

ឯកឧត្តម អ៊ូ សំអ៊ួន អភិបាល​រង​ខេត្ត​កណ្តាល
ឯកឧត្តម អ៊ូ សំអ៊ួន អភិបាល​រង​ខេត្ត​កណ្តាល

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូ សំអ៊ួន អភិបាល​រង​ខេត្ត​កណ្តាល មាន​ប្រសាសសន៍​ថា "ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​វិសេស​វិសាល ដែល​ធនាគារ អេស៊ីលីដា សាខា​ខេត្តកណ្តាល បាន​បើក​ដំណើរ​ការ​នូវ​ការិយាល័យ​ថ្មី​របស់​ខ្លួន ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​ជាង​មុន ។ ទាំង​នេះ​ជា​ភស្តុតាង​បង្ហាញឱ្យ​ឃើញ​ថា ធនាគារ អេស៊ីលីដា សាខា​ខេត្តកណ្តាល មាន​ការ​កើន​ឡើង និង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ទាំង​ផ្នែក​ប្រតិបត្តិការ ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្នែក​ប្រសិទ្ធភាព​អាជីវកម្ម ។"

ឯកឧត្តម​បាន​បន្ត​ទៀត​ថា "ឆ្លៀត​ឱកាស​នេះ ក្នុង​នាម​រូប​ខ្ញុំ​ផ្ទាល់ តំណាងឱ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល ខ្ញុំ​សូម​សំដែង​ការ​អបអរ​សាទរ និង​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង របស់​ថ្នាក់​ដឹកនាំ​ធនាគារ​អេស៊ីលីដា ជាពិសេស​ថ្នាក់​ដឹកនាំ​ធនាគារ​អេស៊ីលីដា សាខា​ខេត្តកណ្តាល និង​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ស្វាគមន៍​នូវ​ដំណើរ​ការ​វិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កណ្តាល​នេះ ។ ខ្ញុំ​គិត​ថា ការ​រីក​ចម្រើន និង​ការ​វិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​កណ្តាល ពិត​ជា​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ជំនួញ​នៅ​ក្នុង​ស្រុក​ទាំងមូល ទទួល​បាន​នូវ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដែល​ជា​កត្តា​គន្លឹះ ក្នុង​ការ​ចូលរួម​បង្កើតឱ្យ​មាន​ការងារ​និង​ប្រភព​ចំណូល និង​ចូលរួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្ត​កណ្តាល​ទាំង​មូល ។"

ឯកឧត្តម អ៊ូ សំអ៊ួន បាន​លើក​ឡើង​ទៀត​ថា "ខ្ញុំ​ជឿជាក់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ពិសេស​ធនាគារ អេស៊ីលីដា សាខា​ខេត្តកណ្តាល នៅ​តែ​បន្ត​ជា​ដៃ​គូ​អភិវឌ្ឍ​របស់​ខេត្ត និង​ស្រុក ជា​ប្រតិបត្តិករ​ល្អ​ជាមួយអាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់ និង​ជា​អ្នក​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ល្អ​ដល់​អតិថិជន​ទូទៅ ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួនឱ្យ​មាន​ប្រសិទ្ធភាព និង​ផលិតភាព​​ថែម​ទៀត ។"

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា មាន​ប្រសាសន៍​ថា "នេះ​ជា​ឆ្នាំ​ទី១៦ហើយ ដែល​អេស៊ីលីដា​បាន​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន តាម​រយៈ​សាខា​និង​ការិយាល័យ​ទាំង២២៦ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង សាខា​និង​ការិយាល័យ​ចំនួន៣ នៅ​ក្នុង​ប្រទេស​ឡាវ ។ ក្នុង​ចំណោម​អគារ​ការិយាល័យ​ទាំង២២៦ ធនាគារ​អេស៊ីលីដា មាន​អគារ​ការិយាល័យ​ស្តង់ដារ​បែប​នេះ​ចំនួន៩៤ និង​កំពុង​សាងសង់​ចំនួន២២ បន្ថែម​ទៀត ។ ថ្ងៃ​នេះ​ខ្ញុំ​បាទ​មាន​មោទនភាព​យ៉ាង​ខ្លាំង ចំពោះ​សំណង់​អគារ​ការិយាល័យ​នេះ ដែល​បាន​សាងសង់​តាម​ស្តង់ដារ​របស់​ធនាគារ ស្រប​តាម​យុទ្ធសាស្ត្រ​យូរ​អង្វែង​របស់​យើង ។ ធនាគារ​អេស៊ីលីដា នឹង​រៀបចំឱ្យ​មាន​អគារ​ការិយាល័យ​ស្តង់ដារ​បែប​នេះ​ទាំង​អស់ ដើម្បី​ទទួល​បម្រើ​អតិថិជន និង​បង្កឱ្យ​មាន​ភាពងាយ​ស្រួល​ដល់​អតិថិជន​ទាក់ទង និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នានា ជា​ពិសេស​គឺ​ការពារ​សុវត្ថិភាព​ទ្រព្យសម្បត្តិ​របស់​អតិថិជន ដែល​បាន​និង​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​អេស៊ីលីដា ។"

លោក អ៊ិន ចាន់នី បាន​បន្ត​ទៀត​ថា "ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារសំខាន់​នេះ ខ្ញុំ​សូម​សំដែង​នូវ​អំណរគុណ​យ៉ាង​ខ្ពស់​បំផុត​ចំពោះ​រាជរដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ភាគហ៊ុនិក កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​ទាំង៦.២២៣នាក់ និង​អតិថិជន​វៃឆ្លាត​ទាំង ៩០ម៉ឺន​នាក់ ដែល​តែងតែ​ជួយ​គាំទ្រ​ទាំង​មធ្យោបាយ កំលាំង​កាយ កំលាំង​ចិត្ត និង​សហការ​យ៉ាង​ពេញ​ទំហឹង ព្រមទាំង​ចូល​រួម​វិវឌ្ឍ​ជា​មួយ​ធនាគារ​អេស៊ីលីដា តាំង​ពី​ដើម​រៀង​មក ធ្វើឱ្យ​ទ្រព្យ​សកម្មរបស់​ធនាគារ​អេស៊ីលីដា កើន​ដល់​ចំនួន៧១៨លាន​ដុល្លារ​អាមេរិក នៅ​បំណាច់​ខែ​មករា ឆ្នាំ២០០៩ រួម​ទាំង​សមិទ្ធផល​របស់​សាខា​ខេត្ត​កណ្តាល ដូច​ដែល​លោក​នាយក​សាខា​បាន​ជម្រាប​ជូន​ក្នុង​របាយការណ៍​មុន​នេះ ហើយ​ទ្រព្យ​សកម្ម​នេះ​នឹង​កើន​ដល់ ១.០០០លាន​ដុល្លារ​អាមេរិក នាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ នេះ​បង្ហាញឱ្យ​ឃើញ​ថា សម្ព័ន្ធភាព​ដ៏​រឹងមាំ​របស់​យើង​ទាំង​អស់​គ្នា ជា​ឧបករណ៍​និង​ជា​កាតាលិករ​ដ៏​សំខាន់​បំផុត និង​ជា​មធ្យោបាយ​ដ៏​មុតថ្លា ដើម្បី​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។"

ឯកឧត្តម អ៊ូ សំអ៊ួន អភិបាល​រង​ខេត្ត​កណ្តាល ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ថ្នាក់​​ដឹកនាំ​របស់​ធនាគារ​អេស៊ីលីដា និង​ភ្ញៀវ​កិត្តិយស
ឯកឧត្តម អ៊ូ សំអ៊ួន អភិបាល​រង​ខេត្ត​កណ្តាល ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ថ្នាក់​​ដឹកនាំ​របស់​ធនាគារ​អេស៊ីលីដា និង​ភ្ញៀវ​កិត្តិយស
ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៦៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖