navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធការិយាល័យថ្មី សាខាស្រុកមេមត់
ពិធីសម្ពោធការិយាល័យថ្មី សាខាស្រុកមេមត់
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១
ធនាគារអេស៊ីលីដា សាខាស្រុកមេមត់ មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៧ ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកអភិបាលស្រុកមេមត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ និងថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ទៀត ។
លោក គង់ រិទ្ធី នាយកធនាគារអេស៊ីលីដា សាខាស្រុកមេមត់ បានមានប្រសាសន៍ថា ៖ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ សាខាស្រុកមេមត់មានបណ្តាញប្រតិបត្តិការចំនួន៣ បុគ្គលិកចំនួន ៦០នាក់ ទ្រព្យសកម្មសរុបចំនួនជិត ១០លានដុល្លារ អតិថិជនចំនួន ៣.១៤០នាក់ កំពុងប្រើប្រាស់ឥណទានចំនួនជាង ៨លានដុល្លារ និងអតិថិជនចំនួន ៦.១៦៤នាក់ កំពុងដាក់ប្រាក់បញ្ញើសន្សំចំនួនជិត ៣លានដុល្លារ ព្រមទាំងអតិថិជនជាច្រើននាក់ទៀត បាននិងកំពុងប្រើប្រាស់សេវាកម្មផ្សេងៗទៀត រួមទាំងសេវាអេស៊ីលីដាយូនីធី ។ ជាពិសេស យើងមានម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិអេធីអឹមចំនួន ១គ្រឿងសម្រាប់បម្រើសេវាជូនដល់អតិថិជន តាមរយៈប័ណ្ណអេស៊ីលីដា ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា និងប័ណ្ណវីសាធនាគារផ្សេងទៀត នៅទូទាំងពិភពលោក ។
លោកបានបន្តថា ៖ ពេលនេះ សាខាស្រុកមេមត់ បានប្តូរទីតាំងមកអគារការិយាល័យថ្មី ដែលបានសាងសង់ឡើងតាមស្តង់ដារធនាគារពាណិជ្ជ ដោយយកចិត្តទុកដាក់ខ្លាំងលើការរក្សាសន្តិសុខ កំណារពារអគ្គិភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាព ។ អគារនេះមានកម្ពស់ ២ជាន់ និងមានផ្ទៃក្រឡាសម្រាប់បំពេញការងារ និងបម្រើអតិថិជនធំទូលាយ ។ នេះជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងឆ្នាំនេះ របស់សាខាស្រុកមេមត់ ដែលបានបង្ហាញអំពីភាពរឹងមាំជាមួយការអភិវឌ្ឍឥតឈប់ឈរក្នុងការបម្រើ សេវាកម្មហិរញ្ញវត្ថុកាន់តែលឿន រហ័សទាន់ចិត្ត អាចជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់ សម្រាប់បំពេញតម្រូវការរបស់អតិថិជននៅក្នុងស្រុកមេមត់ទាំងមូល ។
នៅក្នុងឱកាសដ៏ពិសេសនេះ លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងថា ៖ និរន្ដភាព គឺជាគោលដៅដ៏ចម្បងរបស់ធនាគារអេស៊ីលីដា ។ អេស៊ីលីដា បានបង្កើតឱ្យមាននិរន្ដរភាពសេវាកម្មហិរញ្ញវត្ថុបែបនេះ អស់រយៈពេល ១៨ឆ្នាំ មកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន ទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈសាខា និងការិយាល័យទាំង ២៤៩ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវ ។
លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល បុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំង ៦.៩៧៧នាក់ និងអតិថិជនដ៏វៃឆ្លាតជាងមួយលាននាក់ ដែលតែងតែជួយគាំទ្រធនាគារអេស៊ីលីដាតាំងពីដើមរៀងមក ធ្វើឱ្យទ្រព្យសកម្មកើនពីចំនួនជាង ២២,៣លានដុល្លារ ក្នុងខែធ្នូ ឆ្នាំ២០០០ រហូតដល់ចំនួន ១.២៣៣លានដុល្លារ នៅដំណាច់ខែមករា ឆ្នាំ២០១១ ។ ដើម្បីវិវឌ្ឍតាមអតិថិជនដ៏ឆ្លាតវៃ ធនាគារអេស៊ីលីដាបានបង្កើតនូវសេវាថ្មីមួយទៀតដ៏ទំនើប ទាន់សម័យមុនគេបង្អស់នៅកម្ពុជាគឺ អេស៊ីលីដាយូនីធី ជាធនាគារពិតជាក់ស្តែង នៅក្នុងដៃរបស់លោកអ្នក ។ អេស៊ីលីដាយូនីធី ប្រមូលផ្តុំសេវាហិរញ្ញវត្ថុនានានៅក្រោមប្រព័ន្ធតែមួយ សម្រួលក្នុងការធ្វើប្រតិបត្តិការសេវាធនាគារប្រចាំថ្ងៃ តាមរយៈទូរស័ព្ទដៃគ្រប់ប្រភេទ ជាភាសាជាតិ និងអន្តរជាតិ គ្រប់បណ្តាញប្រព័ន្ធទូរស័ព្ទចល័ត គ្រប់ទីកន្លែង គ្រប់ពេលវេលា នៅក្នុងប្រទេស និងទូទាំងពិភពលោក សម្រាប់អតិថិជនទាំងឡាយដែលបានភ្ជាប់ប្រព័ន្ធ Global Roaming ។
លោក ចេង ប៊ុណ្ណារា អភិបាលស្រុកមេមត់ បានកត់សម្គាល់ថា ៖ សាខានេះ ចាប់ផ្តើមធ្វើប្រតិបត្តិការរបស់ខ្លួន តាំងពីខែឧសភា ឆ្នាំ២០០២ ក្នុងលក្ខណៈជាការិយាល័យប៉ុស្តិ៍សេវាកម្ម ហើយក្នុងអំឡុងខែមេសា ឆ្នាំ២០០៨ បានកម្លាយខ្លួនជាសាខាធ្វើប្រតិបត្តិការពេញលេញ និងទូលំទូលាយទូទាំងស្រុកមេមត់ ដែលបញ្ជាក់ឱ្យឃើញថា សាខាស្រុកមេមត់ មានការវិវត្ត និងរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងផ្នែកប្រតិបត្តិការ និងអាជីវកម្ម ។ ដំណើរការអភិវឌ្ឍនេះ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអ្នកជំនួញតូចធំក្នុងស្រុកមេមត់ទាំងមូល ទទួលបាននូវប្រភពហិរញ្ញវត្ថុ និងសេវាកម្មរូបិយវត្ថុផ្សេងៗទៀត ដែលជាផ្នែកមួយនៃការចូលរួម និងបង្កើតឱ្យមានការងារធ្វើ ព្រមទាំងប្រភពចំណូល ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ក្រៅពីសេវាកម្មលើវិស័យធនាគារ ក្នុងរយៈពេលកន្លងមក សាខាក៏បានខិតខំចូលរួមចំណែកលើកកម្ពស់វិស័យសិល្បៈ និងកីឡាផងដែរ ។
លោកបានបន្ថែមថា ៖ សាខាស្រុកមេមត់ នឹងនៅតែជាដៃគូអភិវឌ្ឍន៍របស់ស្រុក ជាប្រតិបត្តិករល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុល្អដល់អតិថិជនទូទៅ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងផលិតភាពថែមទៀត ៕