navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextគណៈប្រតិភូដឹកនាំដោយទេសាភិបាលរង ធនាគារកណ្តាលមីយ៉ាន់ម៉ា...
គណៈប្រតិភូដឹកនាំដោយទេសាភិបាលរង ធនាគារកណ្តាលមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចសិក្សានៅធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២
អេស៊ីលីដា ត្រេននីង សេនធ័រ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាជូនដល់គណៈប្រតិភូធនាគារកណ្តាលមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី០៧ ដល់ទី១១ ខែមេសា ឆ្នាំ២០១២ ក្នុងគោលបំណងបង្កើតនូវទំនាក់ទំនងល្អ និងចែករំលែកបទពិសោធន៍ដ៏ធំធេងផ្នែកមីក្រូហិរញ្ញវត្ថុ ជាពិសេសដើម្បីផ្តល់នូវចំណេះដឹងជាសកលនៃភាពជោគជ័យរបស់វិស័យសាធារណៈ និងវិស័យឯកជន ក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុឱ្យមានលក្ខណៈពេញលេញ ។
កម្មវិធីទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងដើម្បីជួបជាមួយថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងធ្វើទស្សនកិច្ចសិក្សាទៅសាខារបស់ធនាគារអេស៊ីលីដា ក្នុងរង្វង់រាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានី ។
កម្មវិធីទស្សនកិច្ចសិក្សានេះ ត្រូវបានឧបត្ថម្ភឡើងដោយកម្មវិធីអាហារូបករណ៍របស់ KfW ដែលរៀបចំចាត់ចែងដោយអេស៊ីលីដា ត្រេននីង សេនធ័រ ។ KfW និង អេស៊ីលីដា បានដឹងអំពីតម្រូវការក្នុងការកសាងសមត្ថភាពផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់ និងមានសុឆន្ទៈក្នុងការសហការគ្នាដើម្បីបំពេញតម្រូវការនេះ តាមរយៈកម្មវិធីអាហារូបករណ៍របស់ KfW ។ ការធ្វើទស្សនកិច្ចសិក្សារបស់អ្នកតាក់តែងច្បាប់ទៅលើការអនុវត្តការងារ ក្នុងវិស័យហិរញ្ញវត្ថុតាមបទដ្ឋានអន្តរជាតិ គឺវាមានសារៈសំខាន់ណាស់សម្រាប់កែលម្អឱ្យប្រសើរឡើងនូវផ្នែកច្បាប់ និងគោលការណ៍ ដើម្បីបង្កើតឱ្យមាននូវភាពពេញលេញនៃផ្នែកហិរញ្ញវត្ថុនៅតាមប្រទេសនីមួយៗ ។
អេស៊ីលីដា ត្រេននីង សេនធ័រ "ដែលឈ្មោះដើមហៅថា មជ្ឈមណ្ឌលបណ្តុះបណ្តាលមីក្រូហិរញវត្ថុ អេស៊ីលីដា-អាស៊ាន" បានចុះឈ្មោះនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ ដែលមានលក្ខណៈជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត ក្នុងការផ្តល់សេវាកម្មហ្វឹកហ្វឺនដល់បុគ្គលិកធនាគារអេស៊ីលីដា និងផ្តល់សេវាកម្មហ្វឹកហ្វឺនដល់ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារ អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ។ អេស៊ីលីដា ត្រេននីង សេនធ័រ ថែមទាំងផ្តល់នូវកម្មវិធីចុះធ្វើកម្មសិក្សាដល់និស្សិតទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយឥតគិតថ្លៃផងដែរ ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន ដែលឥឡូវបានកម្លាយខ្លួនទៅជា អេស៊ីលីដា ត្រេននីង សេនធ័រ បានបង្កើតឡើងដោយធនាគារអេស៊ីលីដា នៅក្នុងឆ្នាំ២០០៨ ដោយទទួលបានជំនួយឧបត្ថម្ភពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈ KfW និងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីកសាងសមត្ថភាពហិរញ្ញវត្ថុ ដល់ប្រតិបត្តិករហិរញ្ញវត្ថុ អ្នកតាក់តែងបង្កើតគោលការណ៍-ច្បាប់ និងអ្នកពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ សម្រាប់ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន ។ ចាប់តាំងពីចាប់បដិសន្ធិមក ក្រៅពីផ្តល់សេវាហ្វឹកហ្វឺនជូនដល់បុគ្គលិករបស់ធនាគារអេស៊ីលីដា អេស៊ីលីដា ត្រេននីង សេនធ័រ បានផ្តល់វគ្គហ្វឹកហ្វឺន និងកម្មវិធីទស្សនកិច្ចសិក្សាដល់សិក្ខាកាមក្នុងប្រទេស ចំនួន ៨៤៣នាក់ ដែលមកពី ៤៦ស្ថាប័ន និងសិក្ខាកាមមកពីក្រៅប្រទេស ចំនួន ៧២១នាក់ ដែលមកពី ៦៣ស្ថាប័ន ក្នុងចំណោម ១៩ប្រទេស ហើយក៏បានផ្តល់នូវកម្មវិធីចុះធ្វើកម្មសិក្សាដល់និស្សិតទាំងក្នុង និងក្រៅប្រទេសចំនួន ៨៨៥៥នាក់ ដោយឥតគិតថ្លៃផងដែរ ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ៖
លោក តូច ង៉ាមយូរ៉ា
នាយកការិយាល័យទំនាក់ទំនងសាធារណៈ
អ៊ីម៉ែល ៖