navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextអេស៊ីលីដាទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការជាផ្លូវការនៅមីយ៉ាន់ម៉ា
អេស៊ីលីដាទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការជាផ្លូវការនៅមីយ៉ាន់ម៉ា
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣
ស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ធនាគារអេស៊ីលីដា បានប្រកាសជាសាធារណៈថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថាប័នបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការជាផ្លូវការពីគណៈកម្មាធិការគ្រប់គ្រងស្ថាប័នមីក្រូហិរញ្ញវត្ថុមីយ៉ាន់ម៉ា លេខ ០១៣១/២០១៣ ដែលបានចុះហត្ថលេខាដោយលោក U Htain Lin អគ្គនាយកគ្រប់គ្រងស្ថាប័នមីក្រូហិរញ្ញវត្ថុមីយ៉ាន់ម៉ា ដើម្បីធ្វើប្រតិបត្តិការសេវាមីក្រូហិរញ្ញវត្ថុ នៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។
ស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar មានទីតាំងស្ថិតនៅ អគារលេខ១៨៦ ផ្លូវស្វេកូងតាយ តំបន់យ៉េតាសេ ឃុំបាហាន ក្រុងយ៉ាំងកូង សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ សូមចុចទីនេះ ដើម្បីមើលទីតាំងនៅលើផែនទី ។
អាជ្ញាប័ណ្ណនេះអនុញ្ញាតិឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar ធ្វើប្រតិបត្តិការសេវាឥណទានខ្នាតតូចបំផុត និងសេវាប្រាក់បញ្ញើសន្សំ ក្នុងក្រុងយ៉ាំងកូង ចំនួន ១៥ឃុំ ដូចជា North Okkalapa, South Okkalapa, South Dagon, Insein, Shwe Pyi Thar, Tha Keta, Hlaing Thar Yar, Thingangyun, Mingalar Taung Nyunt, Dagon Seikkan, Daw Pon, Da La, East DaGon, Mingaladon, និង Than Lyin ។
ស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar ចាប់ផ្តើមធ្វើប្រតិបត្តិការរបស់ខ្លួនចាប់ពីថ្ងៃនេះតទៅ ហើយនឹងប្រារព្ធពិធីសម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា ធនាគារអេស៊ីលីដា មានបណ្តាញការិយាល័យប្រតិបត្តិការចំនួន ២៣៨ ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ២៨ការិយាល័យ នៅប្រទេសឡាវ និង សាខាបុត្រសម្ព័ន្ធមួយនៅប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងទ្រព្យសកម្មសរុបចំនួនជាង ពីរពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០១២ ។ ធនាគារអេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar ហើយតាមយុទ្ធសាស្ត្រ យើងនឹងបន្តពង្រីកវិសាលភាពប្រតិបត្តិការទៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គដទៃទៀត ។