navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធការិយាល័យថ្មី សាខាខេត្តស្ទឹងត្រែង
ពិធីសម្ពោធការិយាល័យថ្មី សាខាខេត្តស្ទឹងត្រែង
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្ដស្ទឹងត្រែង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៦៣ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឈាង ឡាក់ អភិបាលរងនៃគណៈអភិបាលខេត្ដស្ទឹងត្រែង មន្ត្រីអមសាលាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមប្រឹក្សាភិបាល, ប្រធាននាយកប្រតិបត្តិ, អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយក-នាយិកាប្រតិបត្តិ, នាយក-នាយិកាប្រតិបត្តិគ្រប់នាយកដ្ឋាន, នាយក-នាយិកាគ្រប់ការិយាល័យ និងធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់សាខា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ។
លោក យ៉ម ឡង នាយក ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្តស្ទឹងត្រែង មានប្រសាសន៍ថា គិតត្រឹមថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៤ នេះ សាខាខេត្ដស្ទឹងត្រែង មានបណ្ដាញប្រតិបត្ដិការ ចំនួន ២ការិយាល័យ, មានបុគ្គលិកចំនួន ៧៥នាក់, ទ្រព្យសកម្មសរុបមានចំនួនជាង ១៧លានដុល្លារអាមេរិក, សមតុល្យឥណទានមានចំនួន ១៥លានដុល្លារអាមេរិក ដែលមានអតិថិជនចំនួន ២.៥៨៨នាក់, សមតុល្យប្រាក់បញ្ញើសន្សំមានចំនួន ៧លានដុល្លារអាមេរិក ដែលមានអតិថិជនចំនួន ១០.២២៥នាក់ បាននិងកំពុងដាក់ប្រាក់បញ្ញើជាមួយធនាគារ និងអតិថិជនជាច្រើនទៀតបាននិងកំពុងប្រើប្រាស់់សេវាកម្មផ្សេងៗទៀត រួមទាំង សេវាអេស៊ីលីដាយូនីធី, ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា, ប័ណ្ណឥណទានវីសាអេស៊ីលីដា និងសេវាថ្មីមួយទៀតគឺ "សេវាអេស៊ីលីដាអ៊ីនធើណែត" ដែលផ្តល់ជូនអតិថិជននូវជម្រើសបន្ថែមក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈអ៊ីនធើណែតតាមតម្រូវការ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ។ សាខាខេត្ដស្ទឹងត្រែង មានម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្ដិ (អេធីអឹម) ចំនួន ១ គ្រឿង សម្រាប់បម្រើសេវាដកប្រាក់ជូនដល់អតិថិជន ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប័ណ្ណអេស៊ីលីដា, ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា, ប័ណ្ណឥណទានវីសាអេស៊ីលីដា, ប័ណ្ណ Maestro, ប័ណ្ណ Cirrus, ប័ណ្ណ MasterCard, ប័ណ្ណ UnionPay International, ប័ណ្ណ JCB និងប័ណ្ណវីសាធនាគារផ្សេងទៀតនៅទូទាំងពិភពលោក ។
លោកបានបន្ថែមថា សាខាខេត្ដស្ទឹងត្រែងបានប្ដូរទីតាំងមកអគារការិយាល័យថ្មី ដែលបានសាងសង់ឡើងតាមស្ដង់ដារធនាគារពាណិជ្ជ ហើយអគារនេះមានកំពស់ ៣ជាន់កន្លះ ដែលមានផ្ទៃក្រឡាសម្រាប់បំពេញការងារ និងមានសាលបម្រើអតិថិជនធំទូលាយ ។ អគារនេះសាងសង់តាមបទដ្ឋានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយយកចិត្ដទុកដាក់ខ្លាំងលើការរក្សាសន្ដិសុខ កំណារពារអគ្គីភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាពការងារ ។ នេះជាព្រឹត្ដិការណ៍ដ៏ពិសេសមួយនៅក្នុងឆ្នាំនេះរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្ដស្ទឹងត្រែង ដែលបានបង្ហាញអំពីភាពរឹងមាំ ជាមួយការអភិវឌ្ឍឥតឈប់ឈរក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុកាន់តែលឿន រហ័សទាន់ចិត្ដ ជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់ស្របតាមតម្រូវការរបស់អតិថិជននៅក្នុងខេត្ដស្ទឹងត្រែងទាំងមូល ។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការបង្កើននូវជំនឿទុកចិត្តជូនដល់អតិថិជន គឺជាគោលដៅដ៏ចម្បងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ដូច្នេះហើយទើបបង្កើតឱ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង ២២ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូតដល់ ២៥២សាខា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួនបួនគឺ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ធនាគារ អេស៊ីលីដា ឡាវ (មាន ៤១ការិយាល័យ) និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា (មាន ៦ការិយាល័យ) ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ២,៧២ ពាន់លានដុល្លារអាមេរិក ។ តាមយុទ្ធសាស្ត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូជាមួយធនាគារជប៉ុន SMBC និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential ព្រមទាំងកំពុងធ្វើសហប្រតិបត្តិការជាមួយធនាគារធំៗជាដៃគូ ចំនួន ៤៨១ នៅលើពិភពលោក ។
លោកបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអគារការិយាល័យស្ដង់ដារបែបនេះ ចំនួន ១៤៣ និងកំពុងសាងសង់បន្ថែមជាបន្ដបន្ទាប់មានចំនួន ១៧ ការិយាល័យទៀត ដើម្បីទទួលបម្រើអតិថិជន និងបង្កឱ្យមានភាពងាយស្រួលដល់អតិថិជន សម្រាប់ប្រើប្រាស់សេវាហិរញ្ញវត្ថុនានារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេសដើម្បីការពារសុវត្ថិភាពទ្រព្យសម្បត្ដិរបស់អតិថិជនដែលបាននិងកំពុងប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងផ្តល់នូវផាសុកភាព និងសុវត្ថិភាពការងារដល់បុគ្គលិក ដែលបាននិងកំពុងបម្រើការងារជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ។
លោកបណ្ឌិតបានបន្ថែមទៀតថា ក្នុងឆ្នាំ២០១៤ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តធ្វើនវូបនីយកម្ម (ថ្មី ទំនើប ទាន់សម័យ) នូវបណ្តាញប្រតិបត្តិការរបស់ខ្លួនទាំងហេដ្ឋារចនាសម្ព័ន្ធអគារការិយាល័យ និងប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មាន ក្នុងនោះរួមមាន សេវាអេស៊ីលីដាយូនីធី ជាសេវាធនាគារតាមទូរស័ព្ទដៃ, ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ, ម៉ាស៊ីនឆូតកាតអេស៊ីលីដា ជាឧបករណ៍អេឡិចត្រូនិកសម្រាប់ប្រើជាមួយប័ណ្ណអេស៊ីលីដា, ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា, ប័ណ្ណឥណទានវីសាអេស៊ីលីដា, ប័ណ្ណ UnionPay International, ប័ណ្ណ JCB និងប័ណ្ណរបស់ធនាគារផ្សេង សម្រាប់ទូទាត់ទំនិញឬសេវាកម្មផ្សេងៗ ។ ជាមួយគ្នានេះផងដែរ យើងក៏បានផ្តល់ជូនអតិថិជននូវជម្រើសមួយថ្មីបន្ថែមទៀត ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈអ៊ីនធើណែត គឺ សេវាអេស៊ីលីដាអ៊ីនធើណែត ដែលជាសេវាលំដាប់ថ្នាក់ពិភពលោក មានលក្ខណៈងាយស្រួលប្រកបដោយសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជនប្រើប្រាស់ស្វ័យប្រតិបត្តិការ (បម្រើសេវាដោយខ្លួនឯង) តាមតម្រូវការគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារឡើយ ។
លោកបណ្ឌិតបានបន្តទៀតថា ឱកាសនេះខ្ញុំបាទមានមោទនភាពយ៉ាងខ្លាំង ចំពោះសំណង់អគារការិយាល័យនេះ ដែលបានសាងសង់តាមស្ដង់ដាររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្របតាមយុទ្ធសាស្ដ្រយូរអង្វែងរបស់យើងខ្ញុំ ។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល, ធនាគារជាតិនៃកម្ពុជា, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ភាគហ៊ុនិក, ក្រុមប្រឹក្សាភិបាល, និងកម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ទាំង ១០.២២០នាក់ និងអតិថិជនដ៏វៃឆ្លាតជាងមួយលានប្រាំមួយសែននាក់ ដែលតែងតែជួយគាំទ្រទាំងមធ្យោបាយ កំលាំងកាយ កំលាំងចិត្ដ និងសហការយ៉ាងពេញទំហឹងតាំងពីដើមរៀងមក ធ្វើឱ្យទ្រព្យសកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កើនពីចំនួន ២២,៣ លានដុល្លារអាមេរិកក្នុងខែធ្នូ ឆ្នាំ២០០០ រហូតដល់ ២,៧២ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែមិថុនា ឆ្នាំ២០១៤ ដោយរួមបញ្ចូលទាំងសមិទ្ធិផលរបស់សាខាខេត្ដស្ទឹងត្រែង ដូចដែលលោកនាយកសាខាបានជម្រាបជូនក្នុងរបាយការណ៍ខាងលើ ។ ជានិច្ចកាល ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែស្តាប់ និងទទួលយកនូវសំណូមពរនិងយោបល់ល្អៗពីអតិថិជនដ៏ឆ្លាតវៃ ដើម្បីស្វែងរកដំណោះស្រាយបំពេញចិត្ដ និងតម្រូវការរបស់អតិថិជន ដោយបានបង្កើតផលិតផលនិងសេវាកម្មសម្បូរបែប សម្រាប់អតិថិជនជ្រើសរើស និងប្រើប្រាស់តាមសេចក្តីត្រូវការ ។
ជាមួយគ្នានេះដែរ ឯកឧត្ដម ឈាង ឡាក់ អភិបាលរងនៃគណៈអភិបាលខេត្ដស្ទឹងត្រែង បានកត់សម្គាល់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្តស្ទឹងត្រែង បានរៀបចំឡើងស្របពេលដែលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តស្ទឹងត្រែង កំពុងមានការរីកចម្រើន មានស្ថិរភាព និងមានកំណើនលើសពីការរំពឹងទុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការវិវឌ្ឍរបស់សាខាស្ទឹងត្រែង ជាសក្ខីកម្មដែលបញ្ជាក់ពីការរីកចម្រើន ភាពរឹងមាំ និងថែមទាំងបានបង្ហាញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងខេត្តស្ទឹងត្រែង ។ ទាំងនេះជាភស្ដុតាងដែលបង្ហាញឱ្យឃើញថា សាខាខេត្តស្ទឹងត្រែង បានកើតឡើង និងរីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ទាំងផ្នែកប្រតិបត្ដិការនិងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ ក្នុងរយៈពេលកន្លងទៅ សាខានេះពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះប្រជាពលរដ្ឋ និងអ្នកជំនួញនៅក្នុងខេត្តទាំងមូល ទទួលបាននូវប្រភពធនធានហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាគន្លឹះក្នុងការចូលរួមបង្កើតឱ្យមានការងារ ប្រភពចំណូល អភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល : phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល : visoth@acledabank.com.kh