navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីប្រកាសជាផ្លូវការការទទួលបានការអនុញ្ញាតធ្វើជាអន្តរការីមូលបត្ររដ្ឋរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ពិធីប្រកាសជាផ្លូវការការទទួលបានការអនុញ្ញាតធ្វើជាអន្តរការីមូលបត្ររដ្ឋរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
រាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រ ជាសាធារណៈ នៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា និយ័តករមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី រៀបចំ "ពិធីប្រកាសជាផ្លូវការការទទួលបានការអនុញ្ញាតធ្វើជាអន្តរការីមូលបត្ររដ្ឋរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសិក្ខាសាលា ស្តីពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ"។
ពិធីប្រកាសជាផ្លូវការ និងសិក្ខាសាលានេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ឡុង វីបុណ្យឫទ្ធ អគ្គនាយករង នៃ អគ្គនាយកដ្ឋានប្រតិបត្តិការ ធនាគារជាតិ នៃ កម្ពុជា លោក ឃឹម ហ្វាដាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា "មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់បម្រើឱ្យរាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន ទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ មូលបត្ររដ្ឋ ដែលបោះផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានចាត់ទុកជាឧបករណ៍បំណុលដែលគ្មានហានិភ័យ (Zero-Risk Assets)។ វិនិយោគិនដែលមិនមែនជាគ្រឹះស្ថានធនាគារអាចចូលរួមដេញថ្លៃ និងជួញដូរមូលបត្រ តាមរយៈអន្តរការីមូលបត្ររដ្ឋ ដែលមានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារទី១ ដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា។ ចាប់ផ្តើមវិនិយោគមូលបត្ររដ្ឋទាំងអស់គ្នា ដើម្បីខ្លួនឯង និងសង្គមជាតិ!"។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី ពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុង វិស័យមូលបត្រ ដើម្បីផ្តល់សេវាកម្មនេះជូនដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេសដែលមានបំណងវិនិយោគ និង/ឬជួញដូរ មូលបត្ររដ្ឋនៅកម្ពុជា តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាជម្រើសនៃការវិនិយោគមួយបន្ថែមទៀតប្រកបដោយ សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍។ លើសពីនេះ ការវិនិយោគលើមូលបត្ររដ្ឋជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ។
នាឱកាសដ៏មានសារៈសំខាន់នេះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា និយ័តករមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី រៀបចំសិក្ខាសាលាស្តីពី "សក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ" ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការវិនិយោគលើមូលបត្ររដ្ឋ។
តាមរយៈសិក្ខាសាលានេះ វិនិយោគិន អតិថិជន និងសាធារណជន នឹងទទួលបាននូវចំណេះដឹងអំពីការវិនិយោគលើមូលបត្ររដ្ឋ ដោយមានវាគ្មិន ដែលជាថ្នាក់ដឹកនាំតំណាងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ អេស៊ីលីដា ភីអិលស៊ី។"
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងមួយនៅមីយ៉ាន់ម៉ា។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៣លានដៃគូ និងមានអ្នកប្រើប្រាស់ អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៤៤លាននាក់។
លោក យិន វីរៈ
មុខងារៈ គណៈប្រធាននាយកប្រតិបត្ដិរតនាភិបាល
ទូរស័ព្ទៈ ០១៥ ៩០០ ៥១១
អ៊ីម៉ែលៈ yin.virak@acledabank.com.kh
លោកស្រី ប៊ុត ប៊ុនសីហា
មុខងារៈ គណៈប្រធាននាយិកាប្រតិបត្ដិជាន់ខ្ពស់នីតិកម្ម និងលេខាធិការក្រុមហ៊ុន (មន្រ្តីទទួលបន្ទុកផ្តល់ព័ត៌មាន)
ទូរស័ព្ទៈ ០១៥ ៦០០ ៥៣២
អ៊ីម៉ែលៈ buth.bunsayha@acledabank.com.kh
លោក ស៊ីយ៉ា ម៉ាលីដា
មុខងារៈ នាយកការិយាល័យប្រតិបត្ដិការមូលបត្រ និងបរធនបាលកិច្ច
ទូរស័ព្ទៈ ០១៥ ៦០០ ៧៣៨
អ៊ីម៉ែលៈ siya.malida@acledabank.com.kh