navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក ស្តីពីការប្រើប្រាស់ សេវាឥណទាន BNPL
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក ស្តីពីការប្រើប្រាស់ សេវាឥណទាន BNPL
ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី ("ធនាគារ អេស៊ីលីដា") បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង (ខេមបូឌា) ឯ.ក ("ក្រុមហ៊ុន ដាយគីន") ដែលជាក្រុមហ៊ុននាំចូលម៉ាស៊ីនត្រជាក់លំដាប់អន្តរជាតិមកពីប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា ស្តីពីការប្រើប្រាស់សេវាឥណទានឌីជីថល BNPL ជូនដល់អតិថិជន សម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារនៅពេលក្រោយ តាមរយៈអេស៊ីស៊ូភើអេប។
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា មានសោមនស្សដោយបានចាប់ដៃគូសហប្រតិបត្ដិការជាមួយក្រុមហ៊ុន ដាយគីន ក្នុងការផ្តល់ជូនសេវាឥណទានឌីជីថល BNPL ដល់អតិថិជន និងសាធារណជន តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចសហការរបស់ស្ថាប័នយើងទាំងពីរ។
សេវាកម្មឥណទានឌីជីថលសម្រាប់ទិញទំនិញ ឬសេវាកម្មប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារនៅពេលក្រោយ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសហិរញ្ញវត្ថុកាន់តែប្រសើរ អាចបត់បែនបាន ដោយអនុញ្ញាតឱ្យអតិថិជនទិញទំនិញ និងសេវាកម្ម តាមរយៈអេស៊ីស៊ូភើអេបបានភ្លាមៗ ដោយប្រព័ន្ធនឹងធ្វើការអនុម័តប្រាក់កម្ចីដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទទួលបានទំនិញភ្លាមៗ ដោយធ្វើការសងត្រឡប់មកធនាគារនៅពេលក្រោយ។
ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថាប័នយើងទាំងពីរ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជននៃស្ថាប័នទាំងពីរ រួមទាំងបណ្តាញ ចែកចាយរបស់ក្រុមហ៊ុនដាយគីនទាំងអស់។ ដើម្បីបង្ករភាពងាយស្រួលជូនអតិថិជនទាំងអស់ ទទួលបាននូវភាពរីករាយនឹងផាសុកភាព នៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ថ្មី ដែលមានគុណភាពខ្ពស់ នាំចូលពីប្រទេសជប៉ុន ដោយគ្មានបន្ទុកនៃការទូទាត់ដុលជាមុន និងដំណើរការទូទាត់កាន់តែងាយស្រួលតាមរយៈប្រព័ន្ធឌីជីថលរបស់ធនាគារ អេស៊ីស៊ូភើអេប។
លោកស្រី បានបន្ថែមទៀតថា ភាពជាដៃគូរបស់ស្ថាប័នយើងទាំងពីរ ក្នុងគោលបំណងបង្កើនភាពងាយស្រួលជូនអតិថិជន ក្នុងការទិញផលិតផលម៉ាស៊ីនត្រជាក់ ដែលអាចឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ភ្លាមៗ ខណៈពេលដែលការសងត្រឡប់មកធនាគារនៅពេលក្រោយ។ សម្រាប់ជម្រើសបង់ប្រាក់ អតិថិជនអាចធ្វើការទូទាត់តាមរយៈឃ្យូអរកូដរបស់ធនាគារ អេស៊ីលីដា និងម៉ាស៊ីនឆូតកាត បានពីគ្រប់អេបធនាគារដែលជាសមាជិកបាគង (Bakong) ប័ណ្ណអេស៊ីលីដាទាំងអស់ រួមជាមួយនឹងប័ណ្ណដែលមាននិមិត្តសញ្ញា CSS និងគ្រប់ប្រភេទប័ណ្ណឥណទាន-ឥណពន្ធអន្តរជាតិ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងមួយនៅមីយ៉ាន់ម៉ា។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៤លានដៃគូ និងមានអ្នកប្រើប្រាស់ អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៤៨លាននាក់។
លោក ផល សុខចំរើន
មុខងារៈ នាយកប្រតិបត្តិទីផ្សារ
ទូរសព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamroeun@acledabank.com.kh