navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextកម្មវិធីបន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ
កម្មវិធីបន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប-នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង UN Women បានសហការជាមួយផ្សារមូលបត្រកម្ពុជា (ផមក) និងធនាគារ អេស៊ីលីដា ភីអិលស៊ី រៀបចំព្រឹត្តិការណ៍បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ ជាលើកដំបូង នៅប្រទេសកម្ពុជា នៅទីស្នាក់ការកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ ត្រូវបានចារជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យហិរញ្ញវត្ថុ និងសាជីវកម្ម។
ការបន្លឺសំឡេងកណ្តឹងសម្រាប់សមភាពយេនឌ័រ ដើម្បីរំលឹកដល់ទិវាអន្តរជាតិនារី ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសកល ដែលប្រមូលផ្តុំផ្សារមូលបត្រនៅទូទាំងពិភពលោក បង្ហាញពីតួនាទីសំខាន់នៃសមភាពយេនឌ័រក្នុងកំណើនសេដ្ឋកិច្ច។ ក្រោមមូលបទឆ្នាំ២០២៥ "បន្លឺសំឡេងកណ្តឹង សម្រាប់ស្រ្តី និងក្មេងស្រីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច" ព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់ពីតម្រូវការក្នុងការរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិ និងឱកាសរបស់ស្ត្រី និងក្មេងស្រី។ តាមរយៈការចូលរួមចលនានេះ ន.ម.ក., UN Women ប្រចាំនៅកម្ពុជា, ធនាគារ អេស៊ីលីដា និង ផមក បានអះអាងសារជាថ្មី ពីការប្តេជ្ញាចិត្តក្នុងការជំរុញអនាគតសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងសមធម៌បន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។
សេចក្ដីអំពាវនាវដោយថ្នាក់ដឹកនាំនៃឧស្សាហកម្ម
ថ្លែងអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ លោកស្រី ឃុន សុភា អ្នកសម្របសម្រួលកម្មវិធីថ្នាក់ជាតិ នៃ UN Women ប្រចាំប្រទេសកម្ពុជា បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះ គឺលើសពីកាយវិការជានិមិត្តរូប។ លោកស្រី បានមានប្រសាសន៍ថា "ជាលើកដំបូង ដែលប្រទេសកម្ពុជា បានបន្លឺសំឡេងកណ្ដឹងសម្រាប់សមភាពយេនឌ័រ ដោយប្រមូលផ្ដុំអ្នកធ្វើធុរកិច្ចក្នុងការប្តេជ្ញាចិត្តរួមគ្នាដើម្បីបង្កើតអនាគតដែលស្ត្រី និងក្មេងស្រីទាំងអស់មានឱកាសស្មើៗគ្នា។ ចលនានេះ គឺជាសកម្មភាពដែលជំនះនូវឧបសគ្គ លុបបំបាត់នូវឱកាសដែលមិនស្មើភាព និងកសាងនូវសង្គមមួយដែលស្ត្រី និងក្មេងស្រីគ្រប់រូបអាចរីកចម្រើនបាន។ វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរ នេះ ដោយមិនអាចខ្វះបាន"។
គំនិតផ្តួចផ្តើមបន្លឺសំឡេងកណ្តឹងសម្រាប់សមភាពយេនឌ័រ ដែលមានការគាំទ្រដោយ UN Global Compact, សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), គំនិតផ្តួចផ្តើមផ្សារមូលបត្រនិរន្តរភាព, UN Women និងសហព័ន្ធផ្សារមូលបត្រពិភពលោក មានគោលបំណងបង្ហាញពីករណីអាជីវកម្មសម្រាប់បរិយាបន្នយេនឌ័រ។ មិនតែប៉ុណ្ណោះ គំនិតផ្តួចផ្តើមនេះក៏លើកកម្ពស់គោលការណ៍បង្កើនភាពអង់អាចរបស់ស្ត្រី (WEPs) ដែលរៀបចំឡើងដោយ UN Women និង UN Global Compact ជាក្របខណ្ឌជំរុញសមភាពយេនឌ័រនៅកន្លែងធ្វើការ ទីផ្សារ និងសហគមន៍ ផងដែរ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ផមក បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ផមក ក្នុងការលើកកម្ពស់វប្បធម៌សាជីវកម្មបរិយាបន្ន៖ "សម្រាប់ ផមក យើងខ្ញុំបានអនុវត្តជាបន្តបន្ទាប់នូវគោលការណ៍សំខាន់ៗ ដែលលើកទឹកចិត្តដល់ការចូលរួមរបស់ស្ត្រី កាលានុវត្តភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញ។ ការបង្កើនភាពអង់អាចដល់ស្ត្រីមិនមែនគ្រាន់តែជាកាតព្វកិច្ចខាងសីលធម៌នោះទេ វាគឺជាកត្តាជំរុញកំណើនប្រកបដោយនិរន្តរភាព និងច្នៃប្រឌិត។ នៅពេលដែលស្ត្រីចូលរួមយ៉ាងសកម្មនៅក្នុងស្ថាប័ន ផលិតភាព និងប្រសិទ្ធភាពកាន់តែប្រសើរឡើង ដែលនាំឱ្យដំណើរការសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ។"
ជាការឆ្លុះបញ្ចាំងពីតួនាទីរបស់និយ័តករក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍រយៈពេលវែងនៃភាពចម្រុះរបស់យេនឌ័រនៅក្នុងទីផ្សារហិរញ្ញវត្ថុ៖ "កិច្ចសហការនៅក្នុងថ្ងៃនេះ បានត្រួសត្រាយផ្លូវសម្រាប់សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងនាមជានិយ័តករគ្រប់គ្រងទីផ្សារមូលបត្រ ន.ម.ក. ប្តេជ្ញាជំរុញគោល-នយោបាយបរិយាបន្នដែលផ្តល់សិទ្ធិដល់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច និងធានាថាយេនឌ័រមិនមែនជាឧបសគ្គចំពោះភាពជោគជ័យទេ។ ការវិនិយោគលើសមភាពយេនឌ័រមិនគ្រាន់តែជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ឆ្លាតវៃ។ ភាពចម្រុះនៃភាពជាអ្នកដឹកនាំ ជួយពង្រឹងការសម្រេចចិត្ត ពង្រឹងការគ្រប់គ្រងហានិភ័យ និងលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។"
កិច្ចពិភាក្សាស្ដីពី "ការដឹកនាំធុរកិច្ច សម្រាប់សមភាពយេនឌ័រ"
បន្ទាប់ពីបានប្រារព្ធព្រឹត្តិការណ៍បន្លឺសំឡេងកណ្ដឹងរួចមក ក៍មានកិច្ចពិភាក្សាស្ដីពី "តួនាទីនៃធុរកិច្ច ក្នុងសមភាពយេនឌ័រ" ដោយមានការចូលរួមពីអ្នកតំណាងមកពី IFC, UN Women, ផមក, ន.ម.ក., និងធនាគារ អេស៊ីលីដា។ កិច្ចពិភាក្សានេះ បង្ហាញពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅក្នុងធុរកិច្ច, នៅកន្លែងធ្វើការ, និងភាពអង់អាចនៅក្នុងវិស័យសេដ្ឋកិច្ច ដោយបានរំលេចពីករណីដែលសមភាពយេនឌ័រពង្រឹងសកម្មភាពសាជីវកម្ម និងការអភិវឌ្ឍសហគមន៍។
លោកស្រី ម៉ារ អមរា, គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ និងជាតំណាងរបស់ បណ្ឌិត អ៊ិន ចាន់នី, ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី, បានរំលឹកឡើងវិញនូវការទទួលខុសត្រូវរបស់វិស័យឯកជនក្នុងការតស៊ូមតិដើម្បីសមភាពយេនឌ័រ៖ "ខ្ញុំសូមថ្លែងអំណរគុណចំពោះ UN Women, UN Global Compact និងដៃគូសហការរួមមាន ន.ម.ក. និង ផមក សម្រាប់កិច្ចសហការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឱកាសនេះមិនមែនគ្រាន់តែជាការលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងចលនាដែលផ្ដល់សិទ្ធិ និងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់ទីកន្លែង។ ធនាគារ អេស៊ីលីដា ប្រកាន់ខ្ជាប់នូវពិពិធកម្ម និង បរិយាបន្ន ដោយធានាថា សំឡេងរបស់ស្ត្រីត្រូវបានឮ និងឱ្យតម្លៃនៅគ្រប់កម្រិត។ រួមគ្នា យើងអាចជំរុញសមភាពយេនឌ័រ នាំមកនូវផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចដល់ទាំងអស់គ្នា។"
ការប្ដេជ្ញាក្នុងការអភិវឌ្ឍអនាគតប្រកបដោយបរិយាបន្ន
ព្រឹត្តិការណ៍បន្លឺសំឡេងសម្រាប់សមភាពយេនឌ័របានពង្រឹងការយកចិត្តទុកដាក់របស់ស្ថាប័នហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងការជំរុញបរិយាកាសសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ និងសមធម៌។ តាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមជាសកលនេះ ន.ម.ក., ផមក, និងធនាគារ អេស៊ីលីដា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះការអនុវត្តអាជីវកម្មដែលអនុវត្តបរិយាបន្នយេនឌ័រ ដោយធានាថាស្ត្រី និងក្មេងស្រីកម្ពុជា មានសិទ្ធិទទួលបានកាន់តែច្រើនក្នុងតួនាទីដឹកនាំ ឱកាសសេដ្ឋកិច្ច និងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។
ដោយប្រទេសកម្ពុជាកាន់តែរីកចម្រើនឈានទៅមុខ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងដើរតួជាកត្តាជំរុញដល់កិច្ចខិតខំប្រឹងប្រែងបន្តក្នុងការលុបបំបាត់គម្លាតយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងការកសាងអនាគតដ៏រុងរឿងសម្រាប់យើងទាំងអស់គ្នា។
អំពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
ន.ម.ក. ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០០៨ ក្រោមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន (ព្រះរាជក្រមលេខ នស/រកម/១០០៧/២៨) និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (ព្រះរាជក្រមលេខ នស/រកម/០១២១/០០៣)។ ន.ម.ក. ជានិយ័តករមានតួនាទីក្នុងការគ្រប់គ្រងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព័ត៌មានបន្ថែមអំពី ន.ម.ក. មាននៅលើគេហទំព័រ www.serc.gov.kh។ អ្នកក៏អាចតាមដានព័ត៌មានបន្ថែមនៅលើ គេហទំព័រហ្វេកប៊ុកផ្លូវការរបស់ ន.ម.ក. តាមរយៈ www.facebook.com/serc.gov.kh។
អំពី ផ្សារមូលបត្រកម្ពុជា (ផមក)
ផមក ជាសហគ្រាសសាធារណៈ ដែលភាគហ៊ុនមួយភាគធំកាន់កាប់ដោយរដ្ឋ មានភារកិច្ចបង្កើត និងដំណើរការទីផ្សារមូលបត្រដំបូងគេនៅកម្ពុជា។ បេសកកម្មចម្បង គឺបង្កើតបរិយាកាសពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ តម្លាភាព និងងាយស្រួលសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៤ លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួនជាង ៤,៥៣ លាននាក់។
អំពី UN Women
UN Women គឺជាអង្គភាពរបស់អង្គការសហប្រជាជាតិ ដែលធ្វើការលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី។ UN Women ដែលជាជើងឯកពិភពលោកសម្រាប់ស្ត្រី និងក្មេងស្រី ត្រូវបានបង្កើតឡើងដើម្បីជំរុញវឌ្ឍនភាពក្នុងការបំពេញតម្រូវការរបស់ស្ត្រី និងក្មេងស្រីនៅទូទាំងពិភពលោក។ ស្វែងយល់បន្ថែមនៅ asiapacific. unwomen.org ឬទទួលបានព័ត៌មាននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈ @unwomenasia